ពណ៌ទឹកនោមមានភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយជាធម្មតា វាមានពណ៌លឿងស្រាល ទៅលឿងចាស់។ កង្វះជាតិទឹក អាហារ ថ្នាំ និងសារធាតុHemoglobin អាចជះឥទ្ធិពលដល់ពណ៌ទឹកនោម។ ចំពោះទឹកនោមដែលមានពណ៌មិនប្រក្រតីអាចមានពណ៌ល្អក់ ក្រមៅ ឬពណ៌ក្រហម។
ពណ៌ទឹកនោមរបស់ស្ត្រីពពោះប្រែប្រួលដោយសារអ្វី?
មានមូលហេតុជាច្រើនដែលបណ្ដាលឲ្យពណ៌ទឹកនោមរបស់ស្ត្រីពពោះមានការប្រែប្រួល។ មូលហេតុទាំងនេះ រួមមាន៖
១. កង្វះជាតិទឹក
អំឡុងត្រីមាសទី១ ស្ត្រីពពោះច្រើនតែប្រឈមនឹងអាការៈក្អួតចង្អោរ ដែលបណ្ដាលឲ្យខ្វះជាតិទឹក និងនាំឲ្យទឹកនោមមានពណ៌ក្រមៅ និងបរិមាណទឹកនោមតិច។
២. វីតាមីន និងអាហារបំប៉នអំឡុងពេលមានគភ៌
វីតាមីន និងអាហារបំប៉នផ្សេងៗ ដែលម៉ាក់ៗញ៉ាំអំឡុងពេលមានគភ៌ អាចជាមូលហេតុផ្សេងទៀតធ្វើឲ្យទឹកនោមមានពណ៌ក្រមៅ។ ប្រសិនបើយើងញ៉ាំវីតាមីន ឬអាហារបំប៉នលើសកម្រិត អាចនឹងមានឈាមនៅក្នុងទឹកនោម។
៣. របបអាហារ
ជាក់ស្ដែង នៅអំឡុងពេលពពោះ ម៉ាក់ៗតែងតែគិតគូរអំពីការផ្លាស់ប្ដូររបបអាហារមុនគេ។ បន្លែ និងផ្លែឈើមួយចំនួន ដូចជាទំពាំងបារាំង និងឆៃថាវក្រហម សុទ្ធតែអាចធ្វើឲ្យទឹកនោមប្ដូរពណ៌បាន។
៤. ការបង្ករោគលើផ្លូវទឹកនោម
ភាគច្រើន ស្ត្រីពពោះងាយនឹងឆ្លងមេរោគលើផ្លូវទឹកនោម ដែលរួមមានការឆ្លងមេរោគតម្រងនោម បង្ហួរនោម ប្លោកនោម និងបំពង់ទឹកនោម រោគសញ្ញានៃការបង្ករោគលើផ្លូវទឹកនោមមានដូចជានោមញឹក ក្រហាយនៅផ្នែកខាងក្រោមពោះ ព្រមទាំងហូរឈាម និងទឹករម្អិលនៅក្នុងទឹកនោម ដែលធ្វើឲ្យទឹកនោមមានពណ៌ភ្លឺ។
៥. ជំងឺតម្រងនោម
ជាមួយគ្នានេះដែរ តម្រងនោមច្រោះ និងបញ្ចេញកាកសំណល់ចេញពីរាងកាយ។ រាល់ការបង្ករោគ ឬបញ្ហាណាមួយដែលកើតនៅក្នុងតម្រងនោម អាចបណ្ដាលឲ្យទឹកនោមមានពណ៌ក្រមៅ។
៦. ក្រួសតម្រងនោម
ទោះបីវាជាករណីកម្រ ក្រួសតម្រងនោមអាចប៉ះពាល់ដល់មុខងារទូទៅនៃតម្រងនោម និងអាចបង្កជាការឈឺពោះ ចង្អោរ និងក្អួត ក៏ដូចជាមានឈាមនៅក្នុងទឹកនោម។
ពេលណាគួរទៅជួបគ្រូពេទ្យ?
ចូរពិគ្រោះជាមួយនឹងគ្រូពេទ្យ ប្រសិនបើម៉ាក់ៗសង្កេតឃើញការផ្លាស់ប្ដូរពណ៌ទឹកនោមជាប់រហូត ឬមានឈាមនៅក្នុងទឹកនោម ឈឺចាប់ខ្លាំងនៅពេលនោម និងនោមញឹកញាប់។
[embed-health-tool-pregnancy-weight-gain]