រឿងដ៏ចម្រូងចម្រាស! ពិតអត់ដែលថា ញ៉ាំម្នាស់ រលូតកូន?
ទោះម្នាស់សម្បូរដោយវីតាមីនក្តី ប៉ុន្តែវាមានផ្ទុកអង់ហ្ស៊ីម Bromelain ជាសារធាតុមានទំនាក់ទំនងជាមួយការកន្ត្រាក់ស្បូន។ ហេតុនេះហើយ ទើបចាស់ៗពីដើមជឿថា បើស្រីៗមានផ្ទៃពោះញ៉ាំម្នាស់ អាចរលូតកូន។ មិនថាតែស្រីៗគ្នាយើងទេ សូម្បីតែប្រុសៗ គ្រាន់តែឮក៏បារម្ភជំនួសដែរ មិនអ៊ីចឹង?

ឈប់! បើចង់ដឹងម្នាស់ និងការរលូតកូន ទាក់ទងគ្នាយ៉ាងណា អានអត្ថបទ “Hello គ្រូពេទ្យ” សិនទៅ។
តាមការស្រាវជ្រាវបែបវិទ្យាសាស្ត្របញ្ជាក់ថា គ្មានហេតុផលសមរម្យណាមួយបង្ហាញថា ម្នាស់នាំឲ្យរលូតអូនៗក្នុងផ្ទៃម៉ាក់ៗនោះទេ ដូច្នេះចម្លើយ គឺ «អត់ទេ»! ផ្ទុយទៅវិញ ម្នាស់នៅតែជាផ្លែឈើល្អបំផុតសម្រាប់សុខភាព។
១- គុណប្រយោជន៍ម្នាស់
គាំទ្រប្រព័ន្ធភាពស៊ាំក្នុងរាងកាយ៖ ម្នាស់មានផ្ទុកវីតាមីន C ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងផ្តល់ការការពារសម្រាប់គ្នាយើងមានផ្ទៃពោះ។ បន្ថែមពីលើនេះ អង់ហ្ស៊ីម Bromelain ក៏មានប្រសិទ្ធភាពខ្ពស់ប្រឆាំងជំងឺផ្តាសាយ។ មានន័យថា បើម៉ាក់ៗកើតផ្តាសាយ ឬឈឺបំពង់ក ម្នាស់មួយដុំអាចនឹងធ្វើឲ្យម៉ាក់ៗមានអារម្មណ៍ប្រសើរឡើងវិញ។
ពង្រឹងឆ្អឹងឲ្យរឹងមាំ៖ ម្នាស់មានផ្ទុកជាតិ ម៉ង់កាណែស យ៉ាងច្រើន ជាសារធាតុដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍឆ្អឹង និងជាលិកាសន្ធាន។
បង្ការករណីទល់លាមក៖ ម្នាស់មានជាតិកាកសរសៃច្រើន ជួយបង្ការការទល់លាមកក្នុងអំឡុងពេលមានផ្ទៃពោះ។ លើសពីនេះ អង់ហ្ស៊ីម Bromelain ពង្រឹងបង្កើនដំណើរការរំលាយអាហារឲ្យខ្លាំងក្លា។
កាត់បន្ថយអាការៈចាញ់កូន៖ ក្នុងករណីខ្លះ ញ៉ាំម្នាស់អាចជួយកាត់បន្ថយរោគសញ្ញាចាញ់កូនបាន។
២- ស្រីៗមានផ្ទៃពោះគួរញ៉ាំម្នាស់ដែរអត់?
តាមជំនឿមិនពិតតៗគ្នាថា ញ៉ាំម្នាស់នឹងបណ្តាលឲ្យរលូតកូន។ ការភាន់ច្រឡំនេះ គឺដោយសារវត្តមានអង់ហ្ស៊ីម Bromelain ក្នុងផ្លែម្នាស់។ ពួកគេអះអាងថា អង់ហ្ស៊ីម Bromelain បំបែកជាតិប្រូតេអ៊ីន ហើយកូនទើបតែបង្កកំណើតថ្មីៗក្នុងផ្ទៃពោះ គឺផ្សំបង្កើតឡើងដោយជាតិប្រូតេអ៊ីន អ៊ីចឹងការញ៉ាំអង់ហ្ស៊ីម Bromelain អាចបណ្តាលឲ្យមានការហូរឈាម និងរលូតអូនៗបាន។ ជាក់ស្តែង គ្មានភស្តុតាងគាំទ្រការអះអាងនេះឡើយ។ ផ្ទុយទៅវិញ ម៉ាក់ៗញ៉ាំម្នាស់ក្នុងបរិមាណសមរម្យ គឺមានសុវត្ថិភាព។
កត្តាគួរប្រុងប្រយ័ត្នពេលញ៉ាំម្នាស់
ញ៉ាំម្នាស់ស្រស់២ ផ្លែ/សប្តាហ៍ អំឡុងដំណាក់កាលនៃការពពោះ មានសុវត្ថិភាព។ បើគ្នាយើងនៅតែបារម្ភពីការញ៉ាំផ្លែម្នាស់ស្រស់ អាចជ្រើសរើសយកផ្លែម្នាស់កំប៉ុង ឬទឹកផ្លែម្នាស់ជំនួសក៏បាន ព្រោះដំណើរការច្រកដាក់កំប៉ុង បានដកយកចេញស្ទើរទាំងស្រុងនូវអង់ហ្ស៊ីម bromelain នៅក្នុងផ្លែម្នាស់។
ដូចអាហារដទៃទៀតដែរ ញ៉ាំផ្លែម្នាស់ច្រើនពេកនឹងធ្វើឲ្យមានផលអាក្រក់ ជាងល្អ ព្រោះវីតាមីន C ច្រើនពេកនឹងបណ្តាលឲ្យរាករូស ចង្អោរ និងឆ្អល់ចុងដង្ហើម។ ជាពិសេស ម៉ាក់ៗត្រូវគេណែនាំមិនឲ្យញ៉ាំ ឬផឹកទឹកម្នាស់ខ្ចីឡើយ ព្រោះវាអាចបណ្តាលឲ្យពុល។
យ៉ាងណាក៏ដោយ អង់ហ្ស៊ីម Bromelain ក្នុងផ្លែម្នាស់មិនគ្រប់គ្រាន់នឹងបណ្តាលឲ្យមានការកន្ត្រាក់ស្បូននោះទេ។ ញ៉ាំច្រើនពេកអាចបណ្តាលឲ្យឈឺអណ្តាត ឬកន្ទួលរោល ដោយសារអាលែកហ្ស៊ី និងពិបាកដកដង្ហើម។
បើគ្នាយើងធាត់លើសទម្ងន់ គួរចៀសវាងញ៉ាំម្នាស់ ដោយសារតែកាឡូរីខ្ពស់ផ្ទុកនៅខាងក្នុង។ អ្នកមានជំងឺទឹកនោមផ្អែម ម្នាស់អាចមិនមែនជាអាហារល្អបំផុតសម្រាប់យើងទេ ព្រោះកម្រិតជាតិស្ករខ្ពស់នឹងធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕