backup og meta

ទើប​សម្រាលកូនរួច រាងកាយស្រីៗនឹងជួបរឿងពិបាកទាំង ១២ យ៉ាងនេះ

ទើប​សម្រាលកូនរួច រាងកាយស្រីៗនឹងជួបរឿងពិបាកទាំង ១២ យ៉ាងនេះ

អំឡុង​ពពោះ រាងកាយស្រីៗ​ផ្លាស់​ប្ដូរ​ច្រើន ​ធ្វើ​ការ​ធ្ងន់​ ដើម្បី​ជួយ​ការពារ​ និង​ទ្រទ្រង់​ការ​លូតលាស់គភ៌​ក្នុង​ផ្ទៃ ហើយ​​ពេល​សម្រាល​រួច​ រាងកាយ​យើង​នឹង​ប្រែប្រួល​ម្ដង​ទៀត ដូច​ជា​ ដើម​ទ្រូង​ពេញ​ដោយ​ទឹក​ដោះ ស្បូនរួម​ទៅ​វិញ និង​មាន​អាការៈ​ផ្សេង​ៗ​ជា​ច្រើន​កើត​មាន​ ទាំង​ផ្នែក​រាងកាយ និង​ស្មារតី។ “Hello គ្រូពេទ្យ’ នឹងប្រាប់​រឿងទាំង ១២ ឧស្សាហ៍​កើត​មាន​ក្រោយ​សម្រាលកូន​រួច​ ពិសេស​អំឡុង​ពេល​ ៦ សប្តាហ៍​ក្រោយ​សម្រាល។

១-  ឈឺ​ចាប់​​ត្រង់តំបន់ទ្វារមាស

មូលហេតុ៖ រន្ធទ្វារមាស និង​រន្ធ​គូទ ​អាច​​ត្រូវ​ដាច់​រហែក​ពេល​សម្រាល ជា​ទូទៅ​ធ្វើឲ្យ​មាន​ការ​ឈឺ​ចាប់​ ហើយ​កាន់​តែ​ឈឺ​ខ្លាំង​ បើ​ពេទ្យ​ ​កាត់​រន្ធ​ទ្វារមាសបន្ថែម​ ដើម្បី​ជួយ​សម្រួល​ឲ្យ​ទារក​ចេញ​មក​ក្រៅ​។

 ដំណោះស្រាយ៖ ព្យាយាម​ហាត់​ប្រាណ Kegel (ហាត់​ពង្រឹង​ត្រគាក) ព្រោះ​ហាត់​ប្រាណ​បែប​នេះ​ ជួយ​ពង្រឹង​សាច់​ដុំ​នៅ​បរិវេណ​ស្បូន ដោយគ្រាន់​តែ​ប្រឹង​ខ្ជឹប​សាច់​ដុំ​គូទ​ រាប់​ដល់ ១០ ចាំ​ប្រលែង​វិញ ធ្វើ​បែប​នេះ​ឲ្យ​បាន ១០ដង គិត​មួយ​ជុំ និង ៣ ដង/​ថ្ងៃ។

២-  ឈឺពោះ/ឈឺស្បូន

មូលហេតុ៖ ឈឺស្បូន បណ្ដាល​មក​ពី​ស្បូន​​ត្រឡប់​ទៅ​សភាព​ដើម​វិញ​ក្រោយ​សម្រាល ស្បូន​យើង​នឹង​ឡើង​មូល ​ហើយ​រឹង ​មាន​ទម្ងន់​ប្រមាណ​ជា ១គីឡូ តែ​អាការៈ​នេះ ​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល ២-៣ ថ្ងៃ។

– ដំណោះស្រាយ៖ យើង​អាច​សួរ​យោបល់​គ្រូពេទ្យ​ ថា​តើ​យើង​គួរ​លេប​ថ្នាំ​បន្ថយ​ការ​ឈឺ​ចាប់​ ឬ​ទេ។

៣- ធ្លាក់​ឈាម​​ក្រោយ​សម្រាល

– មូលហេតុ៖ បន្ទាប់​ពី​ទារក​កើតចេញ​មក​ក្រៅ នឹងមានធ្លាក់ឈាម​​មក​តាម​ក្រោយ។ ប៉ុន្មាន​ថ្ងៃ​ដំបូង មានធ្លាក់ឈាមច្រើន ​មាន​ពណ៌​ក្រហម​ស្រស់ និង​អាច​មក​ជាកំណកឈាម​ដុំ​ៗ តែ​យូរ​ៗ​ទៅ នឹងចាប់​ផ្ដើម​ហូរ​មក​តិច​ៗ ប្រែ​ពណ៌​ស្រាល​ទៅ​ៗ ជាទូទៅ អាការៈ​​ធ្លាក់​ឈាម​នេះ​កើត​មាន​ត្រឹម ២-៣ សប្ដាហ៍ ឬ​អាច​ដល់ ១ ខែ។

– ដំណោះស្រាយ៖ ប្រើ​សំឡី​អនាម័យ​រហូត​ដល់​ឈប់​ធ្លាក់ឈាម។

៤- ដោះឡើង​តឹង

 មូលហេតុ៖ ដោះ​ស្រី​ៗនឹង​ឡើង​តឹង ហើយ​ឈឺ ដោយ​សារ​ទឹក​ដោះ​ចាប់​ផ្ដើម​ផលិត​សម្រាប់​បំបៅកូនទើប​កើត ប៉ុន្មានថ្ងៃបន្ទាប់ពីសម្រាល។ យើង​នឹង​មាន​អារម្មណ៍​ធូរ​ស្បើយ ​នៅ​ពេល​ចាប់​ផ្តើម​បំបៅ​កូន​ជាប់​លាប់ តែ​បើ​ម៉ាក់​ៗមិន​បំបៅ​កូន​ដោយ​ទឹកដោះ ការ​ឈឺ​ចាប់​នឹង​មាន​រហូត​ទាល់​ទឹក​ដោះ​ឈប់​ផលិត​ដោយ​ឯកឯង ក្នុងរយៈពេល​ប៉ុន្មានថ្ងៃ។

– ដំណោះស្រាយ៖ គួរ​បំបៅ​កូន​ដោយ​ទឹក​ដោះ ហើយ​កុំ​រំលង​ការ​បំបៅ​កូន​ពេល​យប់។ មុន​ពេល​បំបៅ​កូន គួរ​ច្របាច់​ទឹក​ដោះ​ចេញ​បន្តិច​សិន។ ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ ឬ​ស្អំ​កំណាត់​សើម​ឧណ្ហ​ៗលើ​ដើម​ទ្រូង ដើម្បី​ជួយឲ្យ​​ទឹក​ដោះ​ហូរ ហើយ​បើអាការៈ​ឈឺ​ចាប់​ខ្លាំង ឬ​ហើម ត្រូវ​ប្រញាប់​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ភ្លាម។

អត្ថបទ​ពាក់ព័ន្ធ៖

៥- ខ្លួន​ប្រាណ​ឡើង​ហើម

– មូលហេតុ៖ ស្រីៗ​ភាគ​ច្រើន​នឹង​ហើម​ដៃ ជើង ​មុខ អំឡុង​ពេល​ពពោះ នេះ​បណ្ដាល​មក​ពី​សារធាតុ​ទឹក​ក្នុង​ខ្លួន​កើន​ឡើង។ ក្រោយសម្រាល បញ្ហានេះនឹងបាត់ទៅវិញ។

– ដំណោះស្រាយ៖ គេង​ចំហៀង ដាក់​ជើង​ឲ្យ​ខ្ពស់​ៗ គួរ​ស្លៀក​ពាក់​រលុង​ៗ និង​ត្រជាក់ ហើយ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន។

៦- ជំងឺ​ទល់​លាមក និង​ឫស​ដូង​បាត

– មូលហេតុ៖ ជំងឺ​ទល់​លាមក​ កើត​មាន​នៅ​ពេល​ពោះវៀន​យើង​មិន​ធ្វើ​ចលនា ម៉ាក់​ៗ​អាច​មិន​សូវ​បត់​ជើង ឬ​ពិបាក​បត់​ជើង អាច​នឹង​បង្ក​ទៅ​ជា​ឫស​ដូង​បាត​ទៀត​ផង។

– ដំណោះស្រាយ៖ ត្រាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ ញ៉ាំ​អាហារ​សរសៃ ដូច​ជា​ ពពួក​ផ្លែឈើ ឬនំប៉័ង​ស្រូវ​សាលី​ជាដើម រួច​ផឹក​ទឹក​ឲ្យ​បាន​ច្រើន។

៧- មានបញ្ហានោម

– មូលហេតុ៖ ២-៣ ថ្ងៃ​ក្រោយ​សម្រាល ម៉ាក់​ៗ​អាច​ពិបាក​នោម​មិន​ចេញ ហើយ​ពេល​ខ្លះ​ ហូរ​នោម​ដោយ​មិន​ដឹង​ខ្លួន។ អាការៈដោយ​បញ្ហា​ស្បូន​ខ្សោយ​ក្រោយ​សម្រាល ប៉ុន្តែ​នឹង​​បាត់​ទៅ​វិញ​ នៅ​ពេល​សាច់ដុំ​ស្បូនរឹងមាំ​ដូច​ធម្មតា​។

– ដំណោះស្រាយ៖ ផឹក​ទឹក​ឲ្យ​បាន​ច្រើន ត្រាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ។

៨- បែក​ញើស​ច្រើន

– មូលហេតុ៖ ចំណុច​នេះ ​ភាគ​ច្រើន​កើត​លើស្រីៗ​កូន​ដំបូង ​ពិសេស​ពេល​យប់ ដោយ​សារការ​ផ្លាស់​ប្ដូរ​អ័រម៉ូន​ក្នុង​រាងកាយ ក្រោយ​សម្រាលកូន។

– ដំណោះស្រាយ៖ កុំ​ប្រើ​ភួយ​ច្រើន ឬ​ស្លៀក​ពាក់ក្រាស់​ៗ​នៅ​ពេល​យប់។ ប្រើ​កន្សែង​ទ្រាប់ អាច​ជួយ​មិន​ឲ្យ​សើម​កម្រាល​ពូក និង​ខ្នើយ។

៩- អស់​កម្លាំង

– មូលហេតុ៖ នៅ​ពេល​សម្រាល​កូន ម៉ាក់​ៗ​បាត់​បង់​ឈាម​ច្រើន ​ធ្វើ​ឲ្យ​រាងកាយ​យើង​ចុះ​ខ្សោយ ម្យ៉ាង​ទៀត ​អូន​តូច ប្រហែល​ជា​ធ្វើ​ឲ្យ​ម៉ាក់​ៗគេង​មិន​បាន​ស្រួល​ទៀត​ផង។

– ដំណោះស្រាយ៖ ព្យាយាម​គេង នៅ​ពេល​កូនគេង​លក់ មិន​ថា​ពេល​ថ្ងៃ ឬ​យប់ ញ៉ាំ​​អាហារ​សុខភាព​ឲ្យ​បាន​គ្រប់​គ្រាន់ ដូច​ជា បន្លែ ផ្លែឈើ ពពួក​ស្រូវ​សាលី និង​សាច់​មាន់​ជា​ដើម តែ​កុំ​ញុាំ​ផ្អែមពេក ឬអាហារ​​ខ្លាញ់​ច្រើន។

ស្ដ្រី​ពពោះ_សង្វា​ពោះ​_Hello_គ្រូពេទ្យ

១០- ស្បែក​ឡើង​សង្វារ

– មូលហេតុ៖ អំឡុង​ពេល​ពពោះ ស្បែក​ស្រីៗនឹងស្ងួត ​ងាយ​ប្រេះ​ឡើង​សង្វារ ជា​ពិសេស​នៅ​លើ​ពោះ​រីក​ធំ​ទៅ​តាម​ទំហំ​កូន ភ្លៅ ត្រគាក និង​គូទ ក៏​រីក​ធំ​ទៅ​តាម​នឹង​ដែរ។ បើ​សង្វារ​កើត​មាន​លើ​ស្បែក​ហើយ ក៏​មិន​ងាយ​បាត់​ទៅវិញទេ។

– ដំណោះស្រាយ៖ ប្រើ​ឡេ​ការពារ​សង្វារ ឬ​លាប​ប្រេង​អូលីវ​នៅ​លើ​ស្បែក។

១១- ជ្រុះ​សក់

– មូលហេតុ៖ នៅ​ពេល​ពពោះ សក់​អាច​ដុះ​ក្រាស់​ពេញ​ក្បាល ដោយ​សារ​តែ​អ័រម៉ូន​នៅ​ក្នុង​រាងកាយ​កើន​ដល់​កម្រិត​ខ្ពស់ តែ​បន្ទាប់​ពី​សម្រាល​រួច សក់​ដែល​ដុះ​ក្រាស់​នោះ​ នឹង​ចាប់​ផ្ដើម​ជ្រុះ​ទៅ​វិញ​យ៉ាង​ច្រើន។ ជា​ទូទៅ ​បញ្ហាជ្រុះ​សក់​អាច​នឹង​បញ្ចប់ក្រោយ​សម្រាលបាន ៦ ខែ។

– ដំណោះស្រាយ៖ ញុាំ​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន ជីវជាតិ​នៅ​ក្នុង​បន្លែ​ផ្លែឈើ ​ជួយ​ការពារ​សក់ និង​ធ្វើ​ឲ្យ​សក់​ឆាប់​ដុះ​មក​វិញ។ កុំ​ចង់​សក់​តឹង​ពេក និង​ប្រើ​ខ្យល់​ត្រជាក់​នៅ​ពេល​ផ្លុំ​សក់។

១២- ជំងឺ​បាក់​ទឹក​ចិត្ត

– មូលហេតុ៖ ម៉ាក់​ៗ​​ទើប​សម្រាល​កូន ជួនកាល​មាន​អារម្មណ៍​សោកសៅ តានតឹង អស់​កម្លាំង និង​ឆាប់​មួម៉ៅ។ អារម្មណ៍​ទាំង​នេះ កើត​ឡើង​ដោយ​ឯកឯង ហើយ​ក៏​បាត់​ទៅ​វិញ​ដោយ​ឯកឯង​ដែរ។ ប៉ុន្តែ​មាន​ករណី​ខ្លះ​ អាច​ធ្ងន់​ធ្ងរឈាន​ដល់​ជំងឺ​បាក់​ទឹក​ចិត្ត ហៅថា Postpartum Depression

– ដំណោះស្រាយ៖ គេង​ឲ្យ​បាន​ច្រើន កុំ​ផឹក​គ្រឿង​ស្រវឹង ឬ​ប្រើ​ថ្នាំ​មិន​មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ ពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ ឬ​មិត្តភ័ក្ដិ ចំណាយ​ពេលវេលា​សម្រាប់​ខ្លួន​ឯង ជួប​មិត្ត​ភក្ដិ​ ពិសេស​ស្រីៗ​​ទើប​សម្រាល​កូនដូច​គ្នា ដើម្បីផ្លាស់​ប្តូរ​​បទពិសោធទៅ​វិញ​ទៅ​មក។ ​បើយើង​មាន​​អាការៈ​សោក​សៅ​លើស​ពី ២សប្ដាហ៍ សូម​ជួប​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ​ភ្លាម។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូន៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.marchofdimes.org/pregnancy/your-body-after-baby-the-first-6-weeks.aspx

 

កំណែ​ប្រែបច្ចុប្បន្ន

28/06/2019

អត្ថបទ​ដោយ CHHOEUNG Sothearoth

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHHOEUNG Sothearoth · កែ Jun 28, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម