ក្រោយពេលមានផ្ទៃពោះមិនបានព្រៀងទុក ស្រីៗជាច្រើន ហាក់ដកខ្លួនឆ្ងាយពីមនុស្សជុំវិញខ្លួន ហើយប្រឈមមុខជាមួយបញ្ហាតែម្នាក់ ឬលាក់ទុកជារឿងសម្ងាត់។ ធ្វើបែបនេះ មិនល្អសម្រាប់សុខភាពផ្លូវចិត្តយើងឡើយ ទោះបីជារឿងលំបាកក៏ពិតមែន តែគ្នាយើងគួរចែករំលែករឿងនេះជាមួយគ្រួសារ។ ក្រៅពីនេះទៀត ត្រូវនៅក្បែរដៃគូយើង (មិត្តប្រុស ឬប្តី) ឬមិត្តភក្តិបានជិតស្និទ ព្រោះការផ្តាច់ចេញពីមនុស្សជុំវិញខ្លួន មិនថាក្នុងកាលទេសៈណាឡើយ នឹងបណ្តាលឲ្យមានបាក់ទឹកចិត្ត ខណៈការលាក់អារម្មណ៍វិញ ក៏មិនមែនជាមធ្យោបាយល្អអាចដោះស្រាយបញ្ហាផ្លូវចិត្តណាមួយក្រោយពេលរំលូតនោះដែរ។
គួរចែករំលែកបញ្ហាក្នុងចិត្តជាមួយដៃគូ គ្រួសារ មិត្តភក្តិ និងក្រុមអ្នកជំនាញផ្លួវចិត្ត ព្រោះមានការសិក្សាជាច្រើនបង្ហាញថា ទទួលបានការគាំទ្រផ្លូវចិត្ត អាចជួយយើងឲ្យធូរស្រាលអារម្មណ៍ ដោះស្រាយបញ្ហាផ្លូវចិត្តបានប្រសើរឡើង។
– វិធីកាត់បន្ថយអារម្មណ៍តានតឹងដោយខ្លួនឯង៖ ដើម្បីរំងាប់អារម្មណ៍ ព្យាយាមរកកន្លែងលំហែ ឬធ្វើអ្វីអាចឲ្យយើងសប្បាយចិត្ត។ អាចទៅជួបពិគ្រោះជាមួយអ្នកជំនាញ ហាត់ប្រាណ លេងកីឡា ចិញ្ចឹមសត្វ ហាត់យ៉ូហ្គា ទៅវត្ត តាំងសមាធិ ឬចំណាយពេលជាមួយគ្រួសារជាដើម។ ជារឿយៗ គ្រូពេទ្យ និងអ្នកជំនាញ តែងផ្តល់ការណែនាំចំពោះស្រីៗធ្លាប់រំលូតកូន ធ្វើអ្វីមួយអាចជួយឲ្យមានសុខភាពល្អ ដូចជា ការរៀបរាប់ខាងលើនេះឯង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕