backup og meta

ស្រីៗពពោះ ប្រើថ្នាំ​ប្រឆាំង​ជំងឺបាក់​ទឹក​ចិត្ត​ កូនកើតមកអាចប្រឈមជំងឺអូទីស្សឹម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Aug 31, 2020

    ស្រីៗពពោះ ប្រើថ្នាំ​ប្រឆាំង​ជំងឺបាក់​ទឹក​ចិត្ត​ កូនកើតមកអាចប្រឈមជំងឺអូទីស្សឹម

    ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា​ ស្រ្តី​មាន​ផ្ទៃ​ពោះ​​ដែល​​ប្រើ​​ថ្នាំ​​ប្រឆាំង​​ជំងឺ​បាក់​ទឹក​ចិត្ត ជាពិសេស​នៅ​​ចុង​ត្រី​មាសទី​២ ​អាច​នឹង​ធ្វើ​ឲ្យ​​កូន​ក្នុង​ផ្ទៃ​កាន់​តែ​​ប្រឈម​​នឹង​ជំងឺ​អូទីស្សឹម​នៅពេល​ចាប់​កំណើត​។

    ១- អូទីស្សឹម​ជា​អ្វី?

    អូទីស្សឹម​ជា​ជំងឺ​នៃ​​ការ​វិវត្ត​​ប្រព័ន្ធ​ប្រសាទ​ធ្ងន់​ធ្ងរ​​មួយ ដែល​​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​សមត្ថភាព​​ក្នុង​​ការ​ទាក់ទង​ជា​មួយ​នឹង​​អ្នក​​ផ្សេង​​ទៀត​។ ជំងឺនេះ​​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​អាកប្បកិរិយា ចំណូល​ចិត្តនិង​សកម្មភាព​ផ្សេងៗ​ទៀត​របស់​ក្មេង​ដែរ​។ បញ្ហា​​នេះ​​ធ្វើ​​ឲ្យ​មាន​គុណ​វិបត្តិ​យ៉ាង​​ច្រើន​​ចំពោះ​​សង្គម ការងារ​និង​​​​ផ្នែក​​ផ្សេងៗ​​ទៀត​​ក្នុង​​សង្គម​។

    រោគ​សញ្ញា​

    ក្មេង​មាន​ជំងឺ​អូទីស្សឹម​ច្រើន​មាន​អាការៈ​ដូច​ជា៖

    -មិន​អាច​ឆ្លើយ ​ឬ​គ្មាន​ប្រតិកម្ម​អ្វី​ពេល​គេ​ហៅ​​ឈ្មោះ​ខ្លួន ឬ​មិន​ឮ​គេ​ហៅ​តែ​ម្តង

    -មិន​ចូល​ចិត្ត​ឱប ឬ​កាន់​ដៃ ហើយ​ចូល​ចិត្ត​នៅ​តែ​ឯង 

    -មិន​ចូល​ចិត្ត​មើល​អ្នកផ្សេង​ចំ​ភ្នែក​ ឬ​បញ្ចេញ​ទឹក​មុខ

    -មិន​និយាយ ឬ​ចេះ​និយាយ​យឺត​ជាង​ក្មេង​ធម្មតា ឬ​មិន​អាច​និយាយ​ជា​ឃ្លា​ឬ​ប្រយោគ​បាន​ឡើយ

    -មិន​អាច​សន្ទនា​គ្នា​បាន ឬ​សន្ទនា​គ្នា​តែ​ពេល​គេ​ចង់​បាន​អ្វី​មួយ​តែ​ប៉ុណ្ណោះ

    -និយាយ​លើក​ដាក់​សំឡេង​មិន​ធម្មតា អាច​ប្រើ​ជា​សំឡេង​​ច្រៀង ឬ​សំឡេង​ដូច​មនុស្ស​យន្ត​ទៅ​វិញ​ពេល​ខ្លះ

    -និយាយ​ពាក្យ​ ឬ​ឃ្លា​ដដែលៗតាម​គេ តែ​មិន​យល់​ពី​របៀប​ប្រើ​ឡើយ

    -មិន​យល់​សំណួរ​ ឬ​ទិស​ដៅ​ងាយៗឡើយ

    -មិន​បញ្ចេញ​អារម្មណ៍​ខ្លួន​ឯង ឬ​មិន​យល់​ពី​អារម្មណ៍​អ្នក​ដទៃ

    -មិន​ចូល​ចិត្ត​បង្ហាញ​ពី​របស់​ដែល​ខ្លួន​ចូលចិត្ត

    -ការ​ប្រាស្រ័យ​ទាក់​ទង​មិន​សមរម្យ ទុយមុយ ឆេវឆាវ ឬ​រំខាន​ច្រើន

    អត្ថបទពាក់ព័ន្ធ៖

    ២- អូទីស្សឹម​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​ការបាក់ទឹកចិត្ត​ពេល​ពពោះ

    អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ការ​ប្រឈម​​នឹង​​ជំងឺ​អូទីស្សឹម​​របស់ក្មេង​​កើន​​ឡើង​ដល់​៨៧% បើ​​សិន​​ជា​ម្តាយ​​បាន​​ប្រើ​ថ្នាំ​​ប្រឆាំង​​ការ​បាក់​​ទឹក​​ចិត្ត​​ក្នុង​ត្រី​មាស​ទី​២​ និង​ទី​៣ ក្នុងអំឡុងពេលមានគភ៌។ កត្តា​ប្រឈម​​នឹង​​កើនឡើង​​កាន់​​តែ​ខ្ពស់​ បើ​សិន​ជា​​ប្រើ​ថ្នាំ​​ពពួក​ selective serotonin reuptake inhibitor (escitalopram (Lexapro)  fluoxetine (Prozac) និង sertraline (Zoloft))។ ក៏​ប៉ុន្តែ គេ​នៅ​មិន​ទាន់​​មាន​​ភស្តុតាង​​គ្រប់​​គ្រាន់​​ដើម្បី​​សន្មត់​ពី​​ទំនាក់​ទំនង​​រវាង​ថ្នាំ​ និង​ផល​វិបាក​របស់​វា​ឡើយ។ ដូច​នេះ​​ស្រ្តី​មាន​ផ្ទៃ​ពោះ​​មិន​គួរ​ឈប់ប្រើ​ថ្នាំ​នេះ​ឡើយ លើក​លែង​តែ​មាន​ការ​ណែ​នាំ​ពី​គ្រូពេទ្យ។ ព្រោះ​ការ​ឈប់​ភ្លាម​អាច​នឹង​ធ្វើ​ឲ្យ​មាន រោគ​សញ្ញា​នៃ​​ការ​ផ្តាច់​​ថ្នាំ​នេះ ដែល​​គ្រោះ​ថ្នាក់​​ជាង​នេះ​​ទៅ​ទៀត។ ការ​សិក្សា​នេះ​បាន​ឲ្យ​យើង​ដឹង​ពី​ការ​ពន្យល់​​នៃ​ការ​កើន​ឡើង​ចំនួន​ក្មេង​ដែល​មាន​ជំងឺ​អូទីស្សឹម​ថ្មីៗ​នេះ។ ទោះ​បី​ជា​មូលហេតុ​​ពិត​ប្រាកដ​​នៅ​មិន​ទាន់​ច្បាស់​ក៏​ដោយ ការ​សិក្សា​មុនៗ​​បាន​សន្មត់​​ថា​​វា​​អាច​មក​​ពី​ទាំង​​កត្តា​​សេនេទិក ​និង​កត្តា​បរិស្ថាន​ដែល​ធ្វើ​ឲ្យ​​មាន​ជំងឺ​នេះ។

    ការ​សម្រេច​ចិត្ត​ថា​ឲ្យ​បន្ត​ថ្នាំ​ប្រឆាំង​ជំងឺ​បាក់​ទឹក​ចិត្ត​ពេល​កំពុង​ពពោះ​​គឺ​ជា​​ការ​លំបាក​​មួយ។ បើ​សិន​ជា​មិន​ព្យាបាល​ អាច​មាន​ផល​​វិ​បាក​យ៉ាង​ធ្ងន់​​ធ្ងរ​​ចំពោះ​​ទាំង​ម្តាយ ​និង​ទារក​ក្នុង​ផ្ទៃ។ តែ​សំណាង​ល្អ វា​មាន​ដំណោះ​ស្រាយ​ផ្សេង​ទៀត​ក្រៅ​ពី​ថ្នាំ។ ការ​សាក​ល្បង​ក្នុង​ការ​ព្យាបាល​បាន​​បង្ហាញ​​ថា​​ការព្យាបាល​​បែប​ចិត្ត​សាស្រ្ត ​ឬ​ការ​ហាត់​ប្រាណ​​អាច​ជា​ការ​ព្យាបាល​ដ៏​ជោគជ័យ​សម្រាប់​​ស្រ្តី​មាន​ផ្ទៃ​ពោះ​​ដែល​​មាន​​ជំងឺ​បាក់​ទឹក​ចិត្ត​​កម្រិត​​ស្រាល​​និង​កម្រិត​​មធ្យម​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Chamnan Amrith · កែ Aug 31, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម