សុក មាននាទីផ្គត់ផ្គង់ឈាម ផ្ដល់ចំណីអាហារសម្រាប់ទ្រទ្រង់ការលូតលាស់របស់គភ៌ និងផ្ដល់អង់ទីករប្រឆាំងជំងឺ កម្ចាត់កាកសំណល់ ដូចជា កាបូនឌីអុកស៊ីតជាដើម។ សុកជាខ្សែជីវិតតភ្ជាប់រវាងកូនក្នុងផ្ទៃ និងម៉ាក់ តែក្នុងករណីសុកជួបបញ្ហាទាំង៣ខាងក្រោមនេះ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ម្តាយ និងកូន។
១- សុកចាក់ចូលជញ្ជាំងស្បូន
ជាស្ថានភាពមួយកើតឡើងពេលសុកចាក់ចូលជ្រៅទៅក្នុងជញ្ជាំងស្បូន។ បញ្ហានេះបង្កជាផលវិបាកខ្លាំង អំឡុងពេលមានផ្ទៃពោះ ធ្វើឲ្យយើងប្រឈមហូរឈាមអំឡុងពេលសម្រាល និងក្រោយសម្រាល។ ជាទូទៅ ក្រោយពីសម្រាលកូន ២-៣ នាទី សុកនឹងផ្ដាច់ចេញពីជញ្ជាំងស្បូន ចេញមកក្រៅជាមួយទារក តែចំពោះស្រីមានបញ្ហាសុកចាក់ចូលជញ្ជាំងស្បូន មានន័យថា សុកមិនផ្ដាច់ខ្លួនចេញស្បូនទេ នឹងបណ្ដាលឲ្យមានការហូរឈាមខ្លាំង និងអាចគ្រោះថ្នាក់ដល់ជីវិតទៀតផង។ បើគ្រូពេទ្យសង្ស័យថា យើងមានបញ្ហានេះ ពេទ្យនឹងវះកាត់សម្រាលកូនជាបន្ទាន់ បន្ទាប់មកនឹងកាត់ស្បូនចោលតែម្តង។
អត្ថបទពាក់ព័ន្ធ៖ ពេលពពោះ បើសុកចាក់ចូលជញ្ជាំងស្បូន គ្រោះថ្នាក់ណាស់!
២- សុកពាំងមាត់ស្បូន
សុកពាំងមាត់ស្បូនគឺជាតាំងនៅ ឬការទុំរបស់សុកខុសប្រក្រតី អាចនៅគ្របដោយផ្នែក ឬគ្របលើមាត់ស្បូនទាំងស្រុង។ ការតាំងនៅរបស់សុក បែងចែកជា៤ គឺ ទីតាំងសុកធម្មតា សុកពាំងក្បែរមាត់ស្បូន សុកពាំងផ្នែកខ្លះនៃមាត់ស្បូន និងសុកពាំងនៅចំមាត់ស្បូន ប្រសិនបើពិនិត្យឃើញករណីសុកពាំងចំមាត់ស្បូនកើតមាននៅត្រីមាសទី៣ ជិតដល់ពេលសម្រាលកូន មិនអាចសម្រាលតាមធម្មជាតិបានឡើយ គ្រូពេទ្យតម្រូវឲ្យសម្រាលដោយវះកាត់ដើម្បីសុវត្ថិភាព។
អត្ថបទពាក់ព័ន្ធ៖ ឲ្យតែកូនមានសុករុំកកូន តម្រូវឲ្យវះកាត់ ឬយ៉ាងណា?
៣- សុករបើកចេញពីស្បូន
ការរបើកផ្នែកណាមួយរបស់សុកចេញពីស្បូន បណ្តាលឲ្យមានកំណកដុំឈាមនៅចន្លោះសុក និងស្បូន ធ្វើឲ្យសារធាតុចិញ្ចឹម និងអុកស៊ីសែនមិនអាចផ្តល់ទៅកូនបាន អាចឲ្យកូនស្លាប់ក្នុងពោះ ហើយម៉ាក់ៗប្រឈមការហូរឈាមធ្ងន់ធ្ងរ ។ ចំពោះសញ្ញាដែលបញ្ជាក់ថា សុករបើកចេញពីស្បូន រួមមាន ឈឺពោះភ្លាមៗ និងខ្លាំងខុសធម្មតា ប៉ះមិនបាន មានធ្លាក់ឈាមខ្មៅតិចតួចតាមទ្វារមាស ស្លេកស្លាំង ឡេះឡះ ឈានដល់បាត់បង់ស្មារតី ដោយខ្វះគ្រាប់ឈាម ត្រូវប្រញាប់ទៅជួបគ្រូពេទ្យបន្ទាន់។
អត្ថបទពាក់ព័ន្ធ៖ ពពោះត្រូវប្រយ័ត្នរឿងទាំងនេះ អាចរបើកសុក ធ្វើឲ្យកូនខ្វះសារធាតុចិញ្ចឹម ស្លាប់ក្នុងពោះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]