ពេលដឹងថាមានផ្ទៃពោះ ស្រីៗយើងពិតជាមានអារម្មណ៍រំភើបមិនខានក្រោយពីព្យាយាមយកកូនមកច្រើនខែ ឬឆ្នាំហើយនោះ។ ពេលមានផ្ទៃពោះដំបូងៗស្រីៗយើងនឹងត្រូវរៀនសូត្រថាអ្វីមានសុវត្ថិភាព និងអ្វីខ្លះមិនមានសុវត្ថិភាពចំពោះខ្លួនយើង។
យ៉ាងណា មានប្រធានបទមួយចំនួនទំនងជាស្រីៗយើងមិនហ៊ានសួរនាំ ឬក៏គិតថាជារឿងមិនត្រឹមត្រូវក៏មាន។ ឧទាហរណ៍ថាការសម្រេចកាមដោយខ្លួនឯងពេលមានផ្ទៃពោះ តើគ្រោះថ្នាក់ដល់ខ្លួន និងកូនក្នុងផ្ទៃដែរឬទេ?
ចម្លើយសម្រាប់សំណួរខាងលើនេះ សាមញ្ញបំផុត គឺថាការសម្រេចកាមដោយខ្លួនឯងជារឿងធម្មជាតិ និងជាសកម្មភាពធម្មតា លើកលែងតែការពពោះរបស់ស្រីៗយើងអាចប្រឈមនឹងហានិភ័យខ្ពស់ណាមួយ។ បើមិនមានហានិភ័យអ្វីមួយទេ ការសម្រេចកាមដោយខ្លួនឯងអំឡុងពេលមានផ្ទៃពោះគឺមិនជាបញ្ហានោះទេ។
ខាងក្រោមនេះ ក៏ជាអ្វីស្រីៗយើងកំពុងពពោះត្រូវដឹងដូចគ្នា។
១. ចុះបើគ្មានអារម្មណ៍ផ្លូវភេទពេលពពោះម៉េចវិញ?
ទោះបីជាកំពុងពពោះក៏ដោយ ស្រីៗយើងក៏នៅតែអាចរួមភេទបានដូចគ្នា។ ស្រ្តីពពោះមួយចំនួនអាចនឹងមានចំណង់ផ្លូវភេទកើនឡើងផងក្នុងអំឡុងពេលនេះ។ ការកើនឡើងចំណង់ផ្លូវភេទអំឡុងពេលពពោះនេះ មកពីការប្រែប្រួលអ័រម៉ូន គឺអ័រម៉ូនប្រូតេស្តូស្តេរ៉ូន និងអឺស្រ្តូហ្សែនកើនឡើង ធ្វើឲ្យចំណង់ផ្លូវភេទស្រីៗយើងកំពុងពពោះក៏កើនឡើងដែរ។
យ៉ាងណាក៏មានដែរស្រីៗខ្លះទៀតបែរជាបាត់បង់ចំណង់ផ្លូវភេទទៅវិញ ហើយការណ៍នេះគឺ ជារឿងធម្មតាប៉ុណ្ណោះ។ ការបាត់បង់ចំណង់ផ្លូវភេទនេះ ក៏ព្រោះតែស្រីៗយើងមានអាការៈចង្អោរ ក្អួត អស់កម្លាំង និងការប្រែប្រួលរាងកាយមួយចំនួន។ អ្វីទាំងអស់នេះ ធ្វើឲ្យស្រីៗយើងកំពុងពពោះ គ្មានចំណង់ផ្លូវភេទដែរ។
ស្រីៗពពោះយើងខ្លះអាចនឹងមានអារម្មណ៍ថាឈឺរមួលតិចៗពេលអារម្មណ៍ដល់ចំណុចកំពូលកើតមានឡើងអំឡុងពេលរួមភេទ ឬសម្រេចកាមដោយខ្លួនឯង។ អារម្មណ៍ឈឺចាប់តិចតួចនេះ កើតមានពេលសាច់ដុំកន្ត្រាក់ និងនាំឲ្យមានការកន្ត្រាក់ស្បូនខុសធម្មតាមួយកើតឡើង តែវានឹងបាត់ទៅវិញនៅពេលក្រោយមកទៀត។
មួយវិញទៀត បើសិនជាស្រីៗយើងមានបញ្ហាប្រឈមខ្ពស់នឹងការសម្រាលមុនខែ ការដល់ចំណុចកំពូលនឹងអាចបង្កើតឱកាសឲ្យឆាប់សម្រាលកូន។ ការបាញ់ទឹកកាមចូលក្នុងទ្វារមាសក៏អាចធ្វើឲ្យមាត់ស្បូនទន់ និងរំញោចឲ្យមានការសម្រាលដែរ តែបើស្រីៗយើមិនមានបញ្ហាប្រឈមនឹងការសម្រាលមុនខែទេ ការរួមភេទ និងអារម្មណ៍ដល់ចំណុចកំពូលជារឿងធម្មតា។
២. អត្ថប្រយោជន៍នៃការសម្រេចកាមពេលពពោះ
ស្រ្តីពពោះមួយចំនួនអាចនឹងមានអារម្មណ៍ថាការម្រេចកាមបានជួយសម្រាលភាពតានតឹងពេលកំពុងពពោះផងដែរ។ មួយវិញទៀត ការសម្រេចកាមក៏អាចជាមធ្យោបាយមួយផ្សេងទៀត ជំនួសឲ្យការរួមភេទ ដោយសារពិបាករួមភេទព្រោះពោះកាន់តែរីកធំ។
ដោយសារតែពោះស្រីៗយើងកាន់តែរីកធំ ការជ្រើសរើសទម្រង់រួមភេទណាមួយអាចជួយឲ្យយើង និងដៃគូមានក្ដីសុខក៏ជារឿងចាំបាច់ដែរ។ ប្រុសៗខ្លះក៏អាចមានក្ដីបារម្ភដែររឿងរួមភេទពេលពពោះ ខ្លាចថាអាចប៉ះពាល់ដល់ដៃគូ និងកូនក្នុងផ្ទៃ។ ដូចនេះ ការពិភាក្សាយល់គ្នាពីរឿងសម្រេចកាម គឺជារឿងល្អសម្រាប់យើងទាំងពីរនាក់។
៣. ករណីមិនគួររួមភេទ ឬសម្រេចកាមពេលពពោះ
ក្នុងករណីខ្លះ គ្រូពេទ្យអាចណែនាំស្រីៗយើងចៀសវាងការរួមភេទពេលពពោះ នៅដំណាក់កាលណាមួយ ឬពេញមួយរយៈពេលកំពុងពពោះតែម្ដង។ ករណីទាំងនោះមានដូចជា៖
- ស្រីយើងប្រឈមនឹងការសម្រាលកូនមុនខែ ឬ ក៏យើងធ្លាប់មានបទពិសោធន៍សម្រាលកូនមុនខែ។
- គ្រូពេទ្យរកឃើញថាមានបញ្ហាសុកពាំងមាត់ស្បូន ឬមាត់ស្បូនខ្សោយ និង
- ធ្លាប់មានប្រវត្តិធ្លាក់ឈាមតាមទ្វារមាស ជាដើម។
[embed-health-tool-due-date]