ម៉ាក់ៗជាច្រើនប្រាកដជាចង់ដឹងពីភេទកូនតាំងពីចាប់ផ្ដើមមានគភ៌ភ្លាមៗម្ល៉េះ ប៉ុន្តែបើផ្អែកតាមពិនិត្យអេកូ ទាល់តែអាយុកូនចាប់ពី ៣ ឬ ៤ ខែឡើង ទើបមើលដឹងអវយវៈភេទ។ តែបើផ្អែកតាមបទពិសោធន៍របស់ម៉ាក់ៗមួយចំនួន បានយកម្សៅ baking soda មិនមែនជាប្រភេទដុតនំទេ តែជាប្រភេទដុសលាងសម្ភារៈឲ្យភ្លឺរលោង មកតេស្ដតាំងពីពេលទើបមានកូនភ្លាមៗ។
១- តេស្តពេលព្រឹក
អ្នកម៉ាក់ សៀវ ឌីណា បានឲ្យដឹងថា កូនអ្នកនាងទាំង ២ ប្រើវិធីនេះពិសោធន៍មុនពេលទៅអេកូ ហើយលទ្ធផលពិតជាដូចអេកូមែន។ ចំណែកវិធី គឺយកម្សៅ baking soda និងទឹកនោមយើង ដោយដាក់ម្សៅ baking soda ក្នុងកែវតូចមួយ រួចដាក់ទឹកនោមចូល បើឃើញមានពពុះ មានន័យថាកូនប្រុស តែបើគ្មានពពុះទេ មានន័យថាជាកូនស្រី។ សម្រាប់វេលាល្អដែលកាន់តែដឹងថាមានប្រសិទ្ធភាព គួរតែធ្វើវានៅពេលព្រឹក ហើយជាលទ្ធផលពិតជាត្រូវដូចពេទ្យមើលអេកូមែន។
២- មុនតេស្តត្រូវតមរួមភេទ
សម្រាប់ម៉ាក់ តី សុវណ្ណ បានចែករំលែកថា មុននឹងធ្វើតេស្តទឹកនោមជាមួយ baking soda គួរតែតមរួមភេទសិន ហើយព្រឹកឡើងអាចយកទឹកនោមដាក់ក្នុងកែវជ័រតូចមួយ រួចដាក់ baking soda ២-៣ ស្លាបព្រា រួចកូរឲ្យសព្វ បើឃើញពពុះ បញ្ជាក់ថាមានកូនប្រុស តែបើមិនពពុះជាកូនស្រី។ អ្នករស់នៅភ្នំពេញរូបនេះ បានបន្តទៀតថា ការតមរួមភេទ ទើបតេស្តទៅឃើញមានប្រសិទ្ធភាព ហើយគួរតែធ្វើឡើងនៅពេលព្រឹកព្រលឹម។
ទោះជាយ៉ាងណាលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា ការអេកូទើបអាចមើលដឹងច្បាស់សឹងតែ ១០០% ហើយការតេស្តបែបនោះ គ្មានវិទ្យាសាស្រ្តណាអាចបញ្ជាក់បានឡើយ។
អត្ថបទពាក់ព័ន្ធ៖ មកដឹងពីកត្តាប្រឈមអាការៈគ្រុនក្តៅរបស់ម៉ាក់ៗ ពេលមានផ្ទៃពោះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]