ពេលដឹងថាត្រៀមខ្លួនធ្វើប៉ាម៉ាក់គេ ម្នាក់ៗពិតជាចង់ដឹងថាកូនលូតលាស់បែបណានៅតាមត្រីមាសនីមួយៗ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ នឹងបង្ហាញដូចខាងក្រោម៖
១- ត្រីមាសទី១
បន្ទាប់ពីបានបង្កកំណើតកាច់សំបុករួចមក លក្ខណៈរូបរាងដំបូងរបស់ទារកគឺនៅជាអំប្រ៉ីយ៉ុង ដែលជាភ្នាសកោសិកាពីរជាន់ ផ្ដល់ការវិវត្តន៍ដល់សរីរាង្គគ្រប់ផ្នែក និងតួខ្លួនទាំងមូលផង។ ការលូតលាស់យ៉ាងរហ័សរបស់គភ៌នៅត្រីមាសដំបូង មានទំហំប៉ុនគ្រាប់សណ្តែកសៀងក្នុងពេលយ៉ាងខ្លី ហើយបន្តលូតលាស់ទៅមុខជានិច្ច។ បេះដូងចាប់ផ្ដើមលោតជាចង្វាក់ញាប់ៗ ហើយពោះវៀនចាប់ផ្ដើមកកើតដែរ។ ចុងត្រីមាសទីមួយ ស្លឹកត្រចៀក ត្របកភ្នែក មាត់ និងច្រមុះចាប់ផ្ដើមលេចទម្រង់ឲ្យកត់សំគាល់ឃើញ។
២- ត្រីមាសទី២
នៅដើមត្រីមាសទី២ គភ៌មានប្រវែងប្រហែល ៨ ទៅ ៩ សង់ទីម៉ែត្រ និងទម្ងន់ប្រហែល ៤០០ ទៅ ៥០០ ក្រាមប៉ុណ្ណោះ។ ចូលមកដល់ត្រីមាសទី២ ម្រាមដៃតូចៗក៏ចាប់ផ្ដើមលូតលាស់ចេញជារូបរាង ពិតប្រាកដ និងបេះដូងចាប់ផ្ដើមច្របាច់ឈាម។ នៅពាក់កណ្ដាលត្រីមាស លលាដ៍ក្បាលចាប់ផ្ដើមរឹងទៅជាឆ្អឹង ហើយមានសមត្ថភាពអាចស្ដាប់ឮសំឡេងពីខាងក្រៅ។ ចូលដល់ចុងត្រីមាស យើងនឹងបានទទួលអារម្មណ៍ពីចលនាធាក់ និងរើបម្រាស់។
៣- ត្រីមាសទី៣
ដើមត្រីមាសទី៣ ទារកមានទម្ងន់ប្រហែល ១ គីឡូក្រាម ហើយទម្ងន់ចាប់ផ្ដើមកើនឡើងជាបន្តបន្ទាប់តាមរយៈការញ៉ាំរបស់ម៉ាក់ៗ។ ចំណែកស្បែកដែលជ្រួញៗនោះក៏ចាប់ផ្ដើមរលោង ដោយសារការឡើងទម្ងន់ផងដែរ។ ចំណែកក្រចកដៃ ក្រចកជើង និងសក់ ឬរោមស្ដើងៗនៅលើក្បាល ដងខ្លួនក៏ចាប់ផ្ដើម ហើយកោសិកាប្រសាទរាប់ពាន់លានបានកើនឡើងនៅក្នុងខួរក្បាលអស់ហើយ។ នៅចុងត្រីមាស ឬជិតគ្រប់ខែ គភ៌មានទម្ងន់ជាមធ្យមចាប់ពី ២ គីឡូកន្លះឡើង និងប្រវែង ៤៨ សង់ទីមែ៉ត្រ។
[embed-health-tool-due-date]