សម្រាប់ស្ត្រីពពោះការជ្រើសរើសអាហារពិតជាសំខាន់ណាស់ ដើម្បីឲ្យកូនក្នុងផ្ទៃលូតលាស់បានល្អ មានបញ្ញាឈ្លាសវៃ។ ក្នុងនោះក៏មានអាហារដែលយើងគួរចៀសវាងផងដែរ ព្រោះបើមិនដូច្នោះទេអាចប៉ះពាល់ដល់កូន ឬខ្លួនឯងផ្ទាល់តែម្ដង។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា អាហារដែលយើងគួរចៀសវាងមានដូចជាស៊ុតឆៅ អាហារឆៅ ហើយអាហារសំខាន់មួយទៀតមិនគួរញ៉ាំនោះ គឺពពួកអាហារមានជាតិបារតខ្ពស់ ដូចជាគ្រឿងសមុទ្រ អយស្ទ័រ គ្រំ ខ្យង ខ្ចៅ ត្រីឆ្លាម ត្រីដាវជាដើម។
លោកបានបន្ថែមទៀតថា នៅពេលដែលម៉ាក់ៗញ៉ាំអាហារដែលផ្ទុកទៅដោយសារធាតុបារត គឺអាចប៉ះពាល់ទៅដល់ការលូតលាស់ខួរក្បាលរបស់ទារកក្នុងផ្ទៃ។ មិនត្រឹមតែខួរក្បាលប៉ុណ្ណោះទេ ស្បែកទារកក៏ទទួលរងផលប៉ះពាល់ដូចគ្នា។ ប៉ុន្តែបើម៉ាក់ៗណាចង់ញ៉ាំប្រភេទអាហារទាំងនោះខ្លាំង អាចញ៉ាំបានក្នុងបរិមាណតិច ទើបជាតិបារតចូលទៅមានចំនួនទាបដូចគ្នា។
ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បញ្ជាក់ថា ត្រីសាលមុនដែលចម្អិនឆ្អិនល្អ មានជាតិអាស៊ីដខ្លាញ់អូមេហ្គា៣ ខ្ពស់ល្អចំពោះសុខភាពកូន និងខ្លួនយើង។
ក្រៅពីអាហារមានជាតិបារតហើយ ល្ហុងខ្ចីក៏មិនល្អចំពោះស្ត្រីមានផ្ទៃពោះដែរ ព្រោះជ័រល្ហុងខ្ចីអាចជំរុញដល់ការកន្ត្រាក់ស្បូន បណ្ដាលការសម្រាលមានកំណត់។ ចំណែកអាហារឆៅ ជាពិសេសសាច់មាន់ និងសាច់ក្រហមផ្សេងៗអាចមានផ្ទុកបាក់តេរី និងប៉ារ៉ាស៊ីតដែលបង្កគ្រោះថ្នាក់ចំពោះគភ៌ក្នុងផ្ទៃ។ ម៉ាក់ៗត្រូវដឹងថា មុនញ៉ាំអ្វីត្រូវប្រាកដថាអាហារនោះបានលាងសម្អាតជ្រះ និងឆ្អិនល្អ។
[embed-health-tool-due-date]