backup og meta

សំណួរ-ចម្លើយ ពីជំនឿពាក់ព័ន្ធការមានផ្ទៃពោះ

សំណួរ-ចម្លើយ ពីជំនឿពាក់ព័ន្ធការមានផ្ទៃពោះ

ហេតុ​តែ​ចង់​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ ម៉ាក់ៗ​សុខ​ចិត្ត​ធ្វើ​គ្រប់​យ៉ាង មិន​ថា​រឿង​នោះ​តូច ឬ​ធំ​ប៉ុន​ណា​ទេ។ ក្នុង​នោះ​ឲ្យ​ឮ​ថា ធ្វើ​នេះ​ល្អ ធ្វើ​នោះ​មិន​ល្អ ស្ត្រី​ជា​ម្តាយ​ធ្វើ​តាម​ភ្លាម តែ​ទោះ​យ៉ាង​ណា​ជំនឿ​មួយ​ចំនួន​មិន​ត្រូវ​នោះ​ទេ។ គ្រូពេទ្យ​ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នឹង​បកស្រាយ​ពី​សំណួរ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ជំនឿជុំវិញការ​មាន​ផ្ទៃ​ពោះ។ តើ​ជំនឿ​ទាំង​នោះ​ពិត ឬ​មិន​ពិត?​

១- ញ៉ាំ​ខ្ចៅ​ខ្យង​ធ្វើ​ឲ្យ​កូន​កើត​មក​ហៀរ​ទឹក​មាត់?

មិន​អ៊ីចឹង​នោះ​ទេ! នេះ​ជា​ការ​បកស្រាយ​របស់​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ លោកថា មក​ទល់​ពេល​នេះគ្មាន​ភស្តុតាង​ណា​បញ្ជាក់​ថា ការ​ញ៉ាំ​ពពួក​ខ្ចៅ​ខ្ចង លៀស គ្រុំ ធ្វើ​ឲ្យ​កើត​មក​ហៀរ​ទឹកមាត់​នោះ​ទេ។ ផ្ទុយ​ទៅវិញ ​ការ​ដែល​កូន​​ហៀរ​ទឹកមាត់​មិន​ឈប់​រហូត​ដល់​ធំ អាច​មក​ពី​អណ្តាត​ធំ មាន​​ការ​បង្ក​រោគ នៅ​ក្រពេញ​ទឹក​មាត់ ឬ​​មាន​បញ្ហា​ប្រព័ន្ធ​សរសៃ​ប្រសាទ​ជាដើម។ ចំណែក​​ឯ​ការ​​ញ៉ាំ​ខ្ចៅខ្យង​​អាច​​ធ្វើ​ឲ្យ​ម៉ាក់ៗ​​មិន​ស្រួល​ពោះ ឆ្លង​​ពពួក​​សត្វល្អិត-ព្រូន ចូល​ក្នុង​ពោះវៀន ដូច្នេះ​ទោះ​វា​មិន​ធ្វើ​ឲ្យកូន​ហៀរ​ទឹកមាត់ ក៏​យើង​មិន​គួរ​ញ៉ាំ​ដែរ។

២- ញ៉ាំ​គ្រាប់​ជីរ-ល្ង ស្រួល​កើត​កូន?

លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព មាតា បកស្រាយ​ថា ការ​ញ៉ាំ​គ្រាប់​ជីរ​ពេល​ពពោះ​ល្អ ឬ​មិន​ល្អ មិន​ទាន់​មាន​ការ​សិក្សា​ច្បាស់​លាស់​នៅ​ឡើយ​ទេ គ្រាន់​តែ​ចាស់ៗ​មាន​ជំនឿ​តៗ​គ្នា​ប៉ុណ្ណោះ​ថា ម្តាយ​ដែល​ញ៉ាំ​គ្រាប់​ជីរ​ពេល​ពពោះ ដល់​ពេល​សម្រាល ឈឺ​ពោះ​លឿន​ងាយ​នឹង​កើត​កូន។

តែ​ជា​បទ​ពិសោធន៍​ជាក់​ស្តែង​វិញ វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ដែល​បម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា រូប​នេះ​រៀបរាប់​ថា ស្ត្រី​ដែល​ញ៉ាំ​គ្រាប់​ជីរ​​ពេល​ពពោះ ដល់​ពេល​សម្រាល​ច្រើន​តែ​ស្បូន​ទន់ កន្ត្រាក់​មិន​បាន​ល្អ ធ្វើ​ឲ្យ​ពិបាក​សម្រាល​កូន​ទៅ​វិញ។

ទោះ​យ៉ាងណា​លោកស្រី​វេជ្ជបណ្ឌិត​បញ្ជាក់​ថា កូន​កើត​ស្រួល ឬ​ពិបាក អាស្រ័យ​ទៅ​លើ​ទម្រង់​រាងកាយស្ត្រី​មាន​ផ្ទៃពោះ ទំហំ​ក្បាល​កូន ទំហំ​អាង​ត្រគាក​ម៉ាក់ៗ និង​ការ​ធ្វើ​សកម្មភាពរាង​កាយ​ផ្សេងៗ​ជាដើម មិន​មែន​ពាក់​នឹង​ការ​ញ៉ាំ​ពពួក​គ្រាប់ជីរ ល្ង ដូងទុំ ឬ​ថ្នាំ​ខ្មែរ​អី​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត​បើ​កូន​ថ្លោស​ខ្លាំង​ក៏​ពិបាក​កើត​តាម​ធម្មជាតិ​ដែរ។

 ៣- ញ៉ាំ​បបរ​ច្រើន កូនកើត​មក​ស្បែក​មិន​ស្អាត?

រឿង​នេះ​ក៏​មិន​ពិត​ដែរ សម្បុរ​ស្បែក​កូន​ស្អាត ឬ​មិន​ស្អាត អាស្រ័យ​លើ​របប​អាហារ សម្បុរ​ម៉ាក់ប៉ា និង​​អនាម័យ​ខ្លួន​ប្រាណ​​ម៉ាក់ៗ បើ​ម៉ាក់​​មាន​​កា​រ​បង្ក​​រោគ​​ផ្សិត​អំឡុង​ពពោះ​នោះ​ស្បែក​កូន​ក៏​មិនស្អាត​ដែរ។ នេះ​ការ​ឆ្លើយ​តប​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។

៤- ងូត​ទឹក​យប់​ធ្វើ​ឲ្យ​កូន​ថ្លោស?

ចំពោះ​មតិ​លើក​ឡើង​បែប​នេះ ត្រូវ​​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពទ្យ​កាល់ម៉ែត ថា ​មិនមែន​ជា​ការ​ពិត​ឡើយ។ លោកថា ទារក​ក្នុង​ពោះ​ថ្លោស​មិនមែន​ព្រោះតែ​ងូតទឹក​យប់​ឡើយ តែ​មក​ពី​របប​អាហារ​ប្រចាំ​ថ្ងៃ​យើង​ទទួល​ទាន​ជា​ប្រចាំ។ ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​បន្ថែម​ទៀត​ថា ក្នុង​នោះ​អាហារ​ធ្វើឲ្យ​គភ៌​ថ្លោស​មាន​ដូចជា​ញ៉ាំ​​ច្រើន ពិសេស​ពពួក​សាច់ គ្មាន​បន្លែ អាហារ​បំពង នំផ្អែមៗ និង​ផឹក​ភេសជ្ជៈ​កំប៉ុង ទើប​ជាហេតុ​ចម្បង។ ការ​ពិត​ទៅ​ចាស់ៗ​ហាម​ស្រីៗ​​មាន​ផ្ទៃពោះ​មិន​ឲ្យ​ងូតទឹក​នៅ​ពេល​យប់ ខ្លាច​ងងឹត​ធ្វើ​ឲ្យ​រអិល​ដួល ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ​ប៉ុណ្ណោះ។

៥- មើល​អេកូ​ញឹក​ញាប់​ពេក​អាច​ប៉ះពាល់​កូន​ក្នុង​ពោះ?

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន បកស្រាយ​ថា ពិនិត្យ​អេកូ​ញឹក​ប៉ះពាល់​កូន ជា​លើក​ឡើង​មិន​ត្រូវ​នោះ​ទេ បើសិន​ជា​កូន​ក្នុង​ផ្ទៃ​មាន​បញ្ហា គេ​នឹង​ពិនិត្យ​អេកូ ១ថ្ងៃ/៣ដង ឯណោះ ព្រោះ​អេកូ​ជា​រលក​សំឡេង​មួយ​ដែល​ចាប់​រូបភាព ដើម្បី​ចង់​ដឹង​ថា កូន​ក្នុង​ផ្ទៃ​វិវត្ត​ដល់​ណា។ លោក​វេជ្ជបណ្ឌិត​ថា ការ​លើក​ឡើង​ខាង​លើ ប្រហែល​ជា​មាន​ការ​យល់​ច្រឡំ​ជាមួយ​ជា​ការ​ធ្វើ X-ray  ដែល X-ray អាច​នឹង​ប៉ះ​ពាល់។ ក្នុង​ករណី​គភ៌​មិន​មាន​បញ្ហា​ចោទ​នោះ​ទេ ស្ត្រី​ពពោះ​អាច​អេកូ​ត្រឹម ៤-៥ ដង​ប៉ុណ្ណោះ មិន​ចាំបាច់​អេកូ​រៀង​រាល់​ខែ​នោះ​ទេ។

ឆ្លុះអេកូ

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

26/11/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

សំណួរប្រចាំសប្ដាហ៍៖ អាហារគួរញ៉ាំ និង​មិនគួរញ៉ាំពេលពពោះ?

ម៉ាក់ៗពពោះកើតហឺត កូនក្នុងផ្ទៃប្រឈមបញ្ហាគ្រោះថ្នាក់ទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 26, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម