ម៉ាក់ៗពពោះប្រាកដជាបានត្រៀមលក្ខណៈច្រើន មុននឹងថ្ងៃសម្រាលអាអូនបានមកដល់។ ទន្ទឹមនឹងការត្រៀមលក្ខណៈ ស្ត្រីពពោះក៏ត្រូវប្រយ័ត្នប្រយែងចំពោះបញ្ហាមួយចំនួន ពិសេសកៀកដល់ថ្ងៃសម្រាលមែនទែន។ ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ណែនាំកុំឲ្យធ្វើរឿង ៤ យ៉ាងនេះ។
១- ការធ្វើដំណើរផ្លូវឆ្ងាយ
ចាស់ៗពីដើម ហាមដាច់ខាតរឿងធ្វើដំណើរផ្លូវឆ្ងាយពេលពពោះ ព្រោះនាំឲ្យអស់កម្លាំងទាំងម្តាយទាំងកូន ហើយបើឈឺពោះចំពេលកំពុងធ្វើដំណើរទៀត វីវរធំហើយមិនដឹងទៅរកពេទ្យនៅឯណាទេ ឯសម្ភារៈក៏គ្មានតាមខ្លួនទៀត។
២- កុំធ្វើការដោយគ្មានពេលសម្រាក
តាមក្បួនពេទ្យ គេឲ្យស្រីៗដែលត្រៀមសម្រាលកូន សម្រាកពីការងារ ១ខែ ឬកន្លះខែមុន ដើម្បីត្រៀមថាមពលទុកពេលសម្រាលកូន។ ទោះសម្រាកពីការងារក្តី តែមិនមានន័យថា ម៉ាក់ៗអត់ធ្វើអីសោះនោះ ត្រូវព្យាយាមធ្វើការងារស្រាលៗ កុំស្ពឹកស្រពន់ឲ្យសោះ។
៣- កុំបំប៉នអាហារពេក
ខ្វះតែ ២-៣ អាទិត្យទៀតដល់ថ្ងៃសម្រាល បើកូនគ្រប់គីឡូហើយ ម៉ាក់ៗមិនអាចប៉ូវអាហារគ្រប់មុខ និងច្រើនៗ ដូចមុននោះទេ គឺអាចឡើងគីឡូលឿន ឯកូនក្នុងពោះក៏ថ្លោសខ្លាំងទៅតាមនោះដែរ។ កាលណាកូនថ្លោសខ្លាំងពេក ចំណែកម៉ាក់ៗមានអាងត្រគាកតូចទៀត នាំឲ្យពិបាកសម្រាលតាមធម្មជាតិ។
៤- កុំបារម្ភខ្លាំងពេក
ជិតដល់ពេលសម្រាលកូន ម៉ាក់ៗបារម្ភគ្រប់រឿង ដូចជាបារម្ភខ្លាចទៅពេទ្យមិនទាន់ បារម្ភខ្លាចឈឺពោះខ្លាំងទ្រាំមិនបាន បារម្ភខ្លាចពិបាកកើតកូនជាដើម។ ទោះយ៉ាងណាក៏ដោយ យើងមិនត្រូវបារម្ភពេកទេ នាំឲ្យស្ត្រេសលើសដើម កាន់តែពិបាកខ្លាំងពេលដល់ថ្ងៃសម្រាល។
[embed-health-tool-due-date]