ទោះជាការពពោះរបស់ម៉ាក់ៗមានរយៈត្រឹមតែ ៩ខែ១០ថ្ងៃក៏ដោយ ប៉ុន្តែមានបញ្ហាមួយចំនួននៅចាំចូលទៅរារាំងការពពោះ ដែលអាចប៉ះពាល់ទៅដល់ទាំងសុខភាពម្ដាយ និងកូន ប្រសិនបើម៉ាក់ៗ មិនបានប្រយ័ត្នទេនោះ។ ម៉ាក់ៗមានដឹងអត់ ក្នុងចំណោមជំងឺដែលអាចកើតលើទារកក្នុងផ្ទៃ មានជំងឺគីសមួយប្រភេទក៏អាចបង្កជាគ្រោះថ្នាក់ដល់បានដែរ។
បើយើងនិយាយអំពីជំងឺគីសនេះ លោកវេជ្ជបណ្ឌិត សឿច័ន្ទ វិសាល ឯកទេសផ្នែករោគស្ត្រី និងសម្ភព បានពន្យល់ឲ្យដឹងថា ជំងឺគីស Cystic hygroma កើតឡើងដោយសារការស្ទះនូវប្រព័ន្ធបង្ហូរទឹករងៃ ពិសេសជួបញឹកញាប់នៅតំបន់កញ្ចឹងករទារក បង្កើតបានជាគីស១ ឬច្រើនដែលមានជញ្ជាំងខ័ណ្ឌ។ ក្រៅពីនៅតំបន់កញ្ចឹងក ជំងឺគីសនេះក៏អាចកើតបាននៅលើមុខ មាត់ អណ្ដាត ក្បាលរបស់ទារកជាដើម។
លោកបន្តថា ទារកដែលកើតជំងឺគីសនេះ ៩០% ប្រឈមនឹងការស្លាប់ ហើយ១០%ទៀតគឺមានក្រូម៉ូសូមធម្មតា និងអាចបាត់បង់ទៅវិញដោយខ្លួនឯងអំឡុងពេលពពោះ។
ចំពោះកត្តាជំរុញឲ្យទារកកើតជំងឺគីសប្រភេទនេះ អាចបណ្ដាលមកពី កត្តាហ្សែន និងកត្តាបរិស្ថានដូចជា៖
ទី១៖ ការឆ្លងមេរោគទៅគភ៌អំឡុងពេលពពោះ
ទី២៖ ផឹកគ្រឿងស្រវឹង ឬជក់បារី អំឡុងពេលពពោះ
ក្នុងករណីនៃជំងឺគីស Cystic hygroma ភាគច្រើនកើតឡើងដោយសារកត្តាហ្សែន ប៉ុន្តែ ៥០% នៃជំងឺគីសនេះ កើតឡើងដោយសារភាពមិនប្រក្រតីរបស់ក្រូម៉ូសូម។
ធ្វើម៉េចទើបដឹងថាកូនក្នុងផ្ទៃមានជំងឺគីសនេះ? ធម្មតា គ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យដឹងថា អាអូនក្នុងពោះមានជំងឺគីសតាមរយៈការពិនិត្យផ្ទៃពោះរបស់ម៉ាក់ៗទៅតាមការកំណត់។ គ្រូពេទ្យក៏អាចដឹងបានដែរថា កូនកើតជំងឺនេះ នៅពេលដែលធ្វើតេស្តឈាមម្តាយអំឡុងពេលគភ៌មានអាយុ ១៥-២០សប្ដាហ៍ បើលទ្ធផលតេស្តឈាមបង្ហាញថាមាន alpha-fetoprotein កើនឡើង អាចបញ្ជាក់បានថា កូនពិតជាមានជំងឺគីសនេះមែន។ ចំណែកការឆ្លុះអេកូមើលអាចពិនិត្យឃើញពីទីតាំង ទំហំរបស់គីស ប៉ុន្តែគ្រាន់តែពិនិត្យប៉ុននេះ នៅមិនគ្រប់គ្រាន់ទេ គ្រូពេទ្យជំនាញទាមទារឲ្យមានការពិនិត្យពីការលូតលាស់របស់គីសកាន់តែស៊ីជម្រៅទៀត។ គីសនោះអាចបង្កផលវិបាកដល់កូនឬអត់ដូចជា ពិបាកដកដង្ហើម ខូចទ្រង់ទ្រាយមុខ និងរលាកស្បែកជាដើម។
[embed-health-tool-due-date]