ជិតដល់ថ្ងៃសម្រាលហើយ តើម៉ាក់ៗរំភើបទេ ហើយបានត្រៀមខ្លួនរួចរាល់ឬនៅ? ដើម្បីត្រៀមលក្ខណៈក្នុងការសម្រាលកូនបានល្អ ម៉ាក់ៗចាំបាច់ត្រូវធ្វើតាមការណែនាំមួយចំនួនខាងក្រោមនេះ។
១- កុំធ្វើការដោយគ្មានពេលសម្រាក
តាមក្បួនពេទ្យ គេឲ្យស្រីៗដែលត្រៀមសម្រាលកូន សម្រាកពីការងារ ១ខែ ឬកន្លះខែមុន ដើម្បីត្រៀមថាមពលទុកពេលសម្រាលកូន។ ទោះសម្រាកពីការងារក្តី តែមិនមានន័យថា ម៉ាក់ៗអត់ធ្វើអីសោះនោះ ត្រូវព្យាយាមធ្វើការងារស្រាលៗ កុំស្ពឹកស្រពន់ឲ្យសោះ។
២- កុំធ្វើដំណើរផ្លូវឆ្ងាយ
ចាស់ៗពីដើម ហាមដាច់ខាតរឿងធ្វើដំណើរផ្លូវឆ្ងាយពេលពពោះ ព្រោះនាំឲ្យអស់កម្លាំងទាំងម្តាយទាំងកូន ហើយបើឈឺពោះចំពេលកំពុងធ្វើដំណើរទៀត វីវរធំហើយមិនដឹងទៅរកពេទ្យនៅឯណាទេ ឯសម្ភារៈក៏គ្មានតាមខ្លួនទៀត។
៣- កុំបារម្ភខ្លាំងពេក
ជិតដល់ពេលសម្រាលកូន ម៉ាក់ៗបារម្ភគ្រប់រឿង ដូចជាបារម្ភខ្លាចទៅពេទ្យមិនទាន់ បារម្ភខ្លាចឈឺពោះខ្លាំងទ្រាំមិនបាន បារម្ភខ្លាចពិបាកកើតកូនជាដើម។ ទោះយ៉ាងណាក៏ដោយ យើងមិនត្រូវបារម្ភពេកទេ នាំឲ្យស្ត្រេសលើសដើម កាន់តែពិបាកខ្លាំងពេលដល់ថ្ងៃសម្រាល។
អត្ថបទពាក់ព័ន្ធ៖
- ថ្ងៃសម្រាលកាន់តែកៀក ស្រីៗបារម្ភកាន់តែខ្លាំង ដឹងថាបារម្ភអីខ្លះអត់?
- ឥរិយាបថមួយចំនួន ជួយឲ្យម៉ាក់ៗសម្រាលកូនស្រួល
៤- កុំបំប៉នអាហារពេក
ខ្វះតែ ២-៣ អាទិត្យទៀតដល់ថ្ងៃសម្រាល បើកូនគ្រប់គីឡូហើយ ម៉ាក់ៗមិនអាចប៉ូវអាហារគ្រប់មុខ និងច្រើនៗ ដូចមុននោះទេ គឺអាចឡើងគីឡូលឿន ឯកូនក្នុងពោះក៏ថ្លោសខ្លាំងទៅតាមនោះដែរ។ កាលណាកូនថ្លោសខ្លាំងពេក ចំណែកម៉ាក់ៗមានអាងត្រគាកតូចទៀត នាំឲ្យពិបាកសម្រាលតាមធម្មជាតិ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]