អំឡុងពេលមានគភ៌ ស្រីៗយើងអាចជួបប្រទះអាការៈក្រហាយទ្រូង និងហើមកជើង។ ប៉ុន្តែ អាការៈហៀរសំបោរអំឡុងពេលពពោះ គឺជារោគសញ្ញាដ៏គួរឲ្យធុញទ្រាន់មួយដែលស្ត្រីពពោះ ប្រហែលជាមិនទាន់បានត្រៀមខ្លួននៅឡើយ។ ពិតណាស់ ជំងឺរលាកច្រមុះ ដែលបណ្ដាលឲ្យយើងហៀរសំបោរនៅពេលមានគភ៌ គឺកើតឡើងចំពោះស្ត្រីជាច្រើន។
អ្វីទៅជាជំងឺរលាកច្រមុះអំឡុងពេលមានគភ៌
ជំងឺរលាកច្រមុះអំឡុងពេលមានគភ៌ គឺជាការស្ទះរន្ធចម្រុះ ដែលមានរយៈពេល៦ ឬច្រើនសប្ដាហ៍អំឡុងពេលមានគភ៌។ ជំងឺនេះមានឥទ្ធិពលពី១៨%ទៅ៤២%នៃស្ត្រីពពោះ និងកើតឡើងជាញឹកញាប់នៅអំឡុងត្រីមាសទី១ និងនៅពេលជិតសម្រាលកូន។
ជំងឺរលាកច្រមុះអាចកើតឡើងនៅពេលណាមួយ អំឡុងពេលពពោះ ហើយវានឹងបាត់ទៅវិញបន្ទាប់ពីសម្រាលកូនបានរយៈពេលពីរសប្ដាហ៍។ រោគសញ្ញានៃជំងឺនេះមានដូចជា៖
- កណ្ដាស់
- តឹងច្រមុះ
- ហៀរសំបោរ
តើជំងឺរលាកច្រមុះអំឡុងពេលពពោះមានគ្រោះថ្នាក់ឬទេ?
ជាមួយគ្នានេះដែរ ជំងឺរលាកច្រមុះអាចបង្កឲ្យមានផលប៉ះពាល់ដល់ទាំងម្ដាយ និងទារកក្នុងផ្ទៃ។ វាអាចបណ្ដាលឲ្យមានវិបត្តិដំណេក ដែលរំខានដល់សមត្ថភាពរបស់ទារកក្នុងការទទួលបានអុកស៊ីសែន ដើម្បីការលូតលាស់របស់ទារក។ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ប្រសិនបើម៉ាក់ៗមានជំងឺរលាកច្រមុះអំឡុងពេលមានគភ៌ មានស្រមុក ឬភ្ញាក់ពីដំណេកញឹកញាប់នៅពេលយប់។
មូលហេតុបណ្ដាលឲ្យកើតមានជំងឺរលាកច្រមុះអំឡុងពេលមានគភ៌
ក្នុងករណីខ្លះ ជំងឺរលាកច្រមុះអំឡុងពេលមានគភ៌ មានលក្ខណៈស្រាលប៉ុណ្ណោះ ដែលមានន័យថាវាមិនមានកត្តាបង្កណាមួយ ក្រៅពីការមានគភ៌នោះទេ។ អំឡុងពេលពពោះ ស្រ្តីៗយើងប្រឈមនឹងការផ្លាស់ប្ដូរជាច្រើននៅក្នុងរាងកាយ ដែលអាចបណ្ដាលឲ្យកើតមានជំងឺមួយប្រភេទនេះ។ នៅអំឡុងពេលពពោះ លំហូរឈាមកើនឡើងទៅបរិវេណនៃរាងកាយ រួមទាំងច្រមុះផងដែរ។ ការហើមនៅក្នុងច្រមុះដែលបង្កឡើងដោយការផ្លាស់ប្ដូរនេះ ក៏អាចបណ្ដាលឲ្យយើងមានអាការៈតឹងច្រមុះ និងហៀរសំបោរ។ ជំងឺរលាកច្រមុះមួយចំនួនទៀត អាចបណ្តាលមកពីអាលែកហ្ស៊ី ដែលប៉ះពាល់ទៅលើស្ត្រីពពោះចំនួនមួយភាគបី។ រីឯរោគសញ្ញាច្រើនតែធ្ងន់ធ្ងរជាងករណីធម្មតានៃជំងឺរលាកច្រមុះអំឡុងពេលមានគភ៌ ដែលរួមមាន៖
- កណ្ដាស់
- រមាស់
- តឹងច្រមុះធ្ងន់ធ្ងរ
យើងអាចព្យាបាលជំងឺរលាកច្រមុះអំឡុងពេលមានគភ៌ដោយវិធីណាខ្លះ?
ការព្យាបាលបែបធម្មជាតិដ៏ល្អបំផុត សម្រាប់ជំងឺរលាកច្រមុះអំឡុងពេលមានគភ៌គឺ៖
- លាងជម្រះសេរ៉ូមប្រៃ
- ប្រើប្រាស់ថ្នាំ តាមការណែនាំរបស់គ្រូពេទ្យ
សេរ៉ូមប្រៃអាចជួយសម្រួលដល់ផ្លូវដង្ហើម បានយ៉ាងមានប្រសិទ្ធភាព ដោយពុំមានផលប៉ះពាល់ណាមួយឡើយ។
[embed-health-tool-due-date]