ម៉ាក់ៗពពោះណាក៏ដូចគ្នាដែរ ចង់ឲ្យពេលសម្រាលកូនស្រួល ហើយកូនឆាប់ចេញមកលឿន។ ទាក់ទងនឹងរឿងនេះ ម៉ាក់ៗខ្លះនិយាយតៗគ្នាថា ចង់ឆាប់កើតកូន ហើយស្រួលកើត ស្ត្រីពពោះគួរញ៉ាំផ្លែម្នាស់ឲ្យបានច្រើនទៅល្អហើយ។ ប៉ុន្តែ គ្រូពេទ្យជំនាញបដិសេធការលើកឡើងបែបនេះ។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ បានពន្យល់ឲ្យដឹងថា ចំពោះការលើកឡើងបែបនេះ មិនពិតនោះទេ។ វាគ្រាន់តែជាពាក្យដែលចាស់ៗនិយាយតគ្នាប៉ុណ្ណោះ ហើយមានម៉ាក់ៗកំពុងមានផ្ទៃពោះខ្លះទៀតយល់ថា ញ៉ាំម្នាស់អាចលាងស្បូនឲ្យស្អាតបាន និងធ្វើឲ្យស្បូនកន្ត្រាក់ ជាហេតុធ្វើឲ្យឆាប់កើតកូន តែវាក៏គ្រាន់តែជាការយល់ឃើញខុសដូចគ្នាដែរ។
លោកបន្តថា ផ្លែម្នាស់គ្រាន់តែជាផ្លែឈើមួយមុខប៉ុណ្ណោះ មិនអាចជួយឲ្យម៉ាក់ៗឆាប់សម្រាល ឬសម្រាលកូនស្រួលបានទេ។ ស្ត្រីពពោះត្រូវដឹងថា ការឈឺពោះសម្រាលកូនផ្អែកលើកត្តាជាច្រើន គ្រាន់តែញ៉ាំផ្លែម្នាស់មិនអាចជួយអ្វីបានទេ ហើយការដែលសម្រាលកូនស្រួល ឬពិបាកសម្រាល គឺអាស្រ័យទៅលើសរីរាង្គបន្តពូជមានមាត់ស្បូនបើកបានល្អ ស្បូនកន្ទ្រាក់ទៀងទាត់ និងកាយសម្បទារបស់ម្ដាយផ្ទាល់តែម្ដង។
វេជ្ជបណ្ឌិតរូបនេះបញ្ជាក់ថា នេះមិនមែនមានន័យថា ម្ដាយគ្រប់រូបដែលកំពុងមានផ្ទៃពោះ មិនអាចញ៉ាំម្នាស់ ឬញ៉ាំហើយអាចប្រឈមនឹងផលប៉ះពាល់អីទេ។ លើសពីនេះ ម្នាស់ក៏ជាប្រភពនៃសារធាតុចិញ្ចឹមដែលម៉ាក់ៗគួរញ៉ាំដើម្បីជួយដល់សុខភាព និងការលូតលាស់របស់កូនបានដែរ ព្រោះវាមានផ្ទុក វីតាមីនC ម៉ាញ៉េស្យូម និងជាតិដែក។ល។ ប៉ុន្តែ បើម៉ាក់ៗញ៉ាំម្នាស់ច្រើន ក៏អាចមានផលពិបាកតិចតួចដែរដូចជា៖
– ចង្អោរ
– ក្អួត
– ចុកពោះ ឬរាករូស ជាដើម។
[embed-health-tool-due-date]