ម៉ាក់ដែលសម្រាលកូនតាមធម្មជាតិ ពិតជាមានភាពឈឺចាប់ជាច្រើនតាំងពីពេលឈឺពោះ ឈឺចាប់ពេលសម្រាល និងក្រោយសម្រាល ព្រោះត្រូវដេរទ្វារមាស។ ក្រោយពេលដេរហើយមួយរយៈទៅ ស្រ្តីខ្លះនៅមានអារម្មណ៍ថា ចេសមិនទាន់រលាយអស់? តើនោះមកពីអ្វី?
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ជាធម្មតាស្ត្រីដែលសម្រាលតាមផ្លូវក្រោមទោះពេទ្យដេរចេសរលាយឲ្យ ក៏ត្រូវលាងសម្អាតដូចអ្នកសម្រាលវះកាត់ និងដេរចេសមិនរលាយដែរ។ លោកបន្ថែមថា ចេសរលាយដែលគ្រូពេទ្យតែងដេរឲ្យនោះ ប្រហែល ១០ ថ្ងៃ ឬយ៉ាងយូរ ៣ សប្ដាហ៍រលាយអស់គ្មានសល់ទេ។ ប៉ុន្តែក៏មានចេសរលាយខ្លះរហូតដល់៦ ខែឯណោះទើបរលាយអស់។
ចំណែកមូលហេតុដែលម៉ាក់ៗខ្លះសម្រាលយូរហើយ នៅតែមានអារម្មណ៍ឈឺចាប់ ស្កៀប ចាក់ៗ អាចមកពីប្រភេទចេសប៉ុណ្ណោះ។ ដូចនេះប្រសិនបើម៉ាក់ៗសម្រាលលើសពី ៣ សប្ដាហ៍ហើយនៅឈឺ ទើសៗ ឬស្កៀបដូចមានសរសៃអំបោះក្នុងទ្វារមាស ត្រូវប្រញាប់ត្រឡប់ទៅជួបគ្រូពេទ្យដែលសម្រាលឲ្យវិញភ្លាម ហើយសួរថាការដេរនោះជាចេសរលាយ ឬចេសកាត់ ព្រោះពេទ្យខ្លះអាចប្រើចេសកាត់ធម្មតាឲ្យយើងក៏ថាបាន។
មួយវិញទៀតបើជួបករណីមានគ្រាប់លឿងៗកើតឡើងនៅលើទ្វារមាសស្ត្រីក្រោយសម្រាល ជាពិសេសនៅលើគល់ចេស ក៏ត្រូវប្រញាប់ទៅជួបពេទ្យដូចគ្នា។ ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខបានបញ្ជាក់ថា នោះគឺបណ្ដាលមកពីមេរោគចូលស្បែក។ ចំណែកមូលហេតុមកពីកន្លែងនោះមានសភាពហប់ បែកញើស មានរបួសស្នាមដោយសារការអេះរលាត់ស្បែក។ ឯវិធីព្យាបាលវិញ គ្រាន់តែលាងទឹកសម្លាប់មេរោគធម្មតាកន្លែងគ្រាប់លឿងៗនោះជាមួយមេតាឌីន ២ ដងក្នុងមួយថ្ងៃ។
ជាចុងក្រោយលោកវេជ្ជបណ្ឌិតរូបនេះណែនាំឲ្យម៉ាក់ៗក្រោយសម្រាល កុំស្លៀកពាក់រឹបតឹង ហប់ ច្រើនជាន់ពេក ព្រោះការបែកញើស ក្ដៅ ជាមូលហេតុធ្វើឲ្យទ្វារមាសមានបញ្ហា។ ដូចនេះត្រូវមានអនាម័យខ្លួនប្រាណងូតទឹកឲ្យបាន ២ ដងក្នុងមួយថ្ងៃ ហើយលាងសម្អាតទ្វារមាសជាមួយទឹកអនាម័យ និងសម្លៀកបំពាក់ត្រូវមានអនាម័យបោកគក់ឲ្យស្អាតៗ។
[embed-health-tool-due-date]