ការសម្រាលកូនតាមបែបធម្មជាតិពិតជាល្អចំពោះសុខភាពម៉ាក់ និងកូន ប៉ុន្តែបើកូនថ្លោសពេក គ្រូពេទ្យតម្រូវឲ្យសម្រាលដោយវះកាត់វិញល្អជាង។
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន បានឲ្យដឹងថា ម៉ាក់ៗដែលសម្រាលកូនដោយវិធីធម្មជាតិទាំងគីឡូកូនថ្លោសនោះ មានហានិភ័យខ្ពស់ណាស់បើទោះជាកើតចេញមកក៏ដោយ។ ក្នុងន័យនេះ លោកចង់សំដៅដល់ស្ត្រី ព្រោះអាចដាច់រហែកស្បូន និងទ្វារមាស ហើយបើប៉ះចំសរសៃឈាមបណ្ដាលឲ្យហូរឈាមខ្លាំង បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬរហូតដល់បាត់បង់ជីវិត។
ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត រូបនោះបន្ថែមទៀតថា បើទោះជាការដាច់រហែកទ្វារមាស ឬស្បូនគ្មានគ្រោះថ្នាក់ធ្ងន់ធ្ងរ តែក៏អាចបង្កឲ្យឆ្លងមេរោគជាច្រើន។ ដូចនេះហើយបានជាពេលពពោះ យើងត្រូវពិនិត្យអេកូ និងតាមដានសុខភាពពីជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែមជាដើម។
ក្រៅពីរកមើលជំងឺមួយចំនួន គ្រូពេទ្យនឹងផ្ដល់ព្រឹក្សាពីរបបអាហាររបៀបណា ដែលល្អចំពោះការលូតលាស់ទារក ហើយនៅពេលដឹងសព្វគ្រប់អស់ហើយ អ្នកជំនាញនឹងត្រៀមវិធីសម្រាលដែលសមស្របជាមួយសុខភាពម៉ាក់ៗ។ ដូចនេះនៅពេលគ្រូពេទ្យដឹងពីស្ថានភាពម៉ាក់ និងកូនរបបអាហារបែបណាគួរថែម មួយណាគួរថយទើបមិនបណ្ដាលឲ្យទម្ងន់កូនបន្តឡើងថ្លោសខ្លាំង និងអាចសម្រាលតាមធម្មជាតិបាន។
សាស្ត្រាចារ្យវេជ្ជបណ្ឌិតរូបនោះបន្ថែមទៀតថា ប្រសិនបើទម្ងន់កូនឡើងដល់ ៤ គីឡូជាងហើយនោះ ហើយរូបរាងម៉ាក់ៗមិនសមស្របទៀត ការសម្រាលធម្មជាតិអាចបណ្ដាលឲ្យភាគីម្ខាងណាគ្រោះថ្នាក់ដល់ជីវិត។
ចំណែកគ្រោះថ្នាក់ចំពោះកូនវិញ ពេលសម្រាលអាចជាប់ទម្រង់ស្មា អាចនឹងមានបញ្ហាមួយចំនួនលើប្រព័ន្ធប្រសាទនៅស្មា និងដៃ អាចបណ្ដាលមកពីការរងសម្ពាធកន្ដ្រាក់ខ្លាំងពេក និងបញ្ហាជាច្រើនទៀត។
[embed-health-tool-due-date]