ស្រីៗយើងកំពុងត្រៀមខ្លួនសម្រាលកូនប្រហែលជាកំពុងស្វែងរកព័ត៌មានផ្សេងៗទាក់ទងនឹងការសម្រាលកូន ក៏ដូចជាការថែទាំក្រោយសម្រាលមិនខាន។ យ៉ាងណាក្នុងអត្ថបទនេះ នឹងប្រាប់ម៉ាក់ៗពីព័ត៌មានមួយថាតើក្រោយសម្រាលកូនដោយវះកាត់ស្រីៗយើងអាចងូតទឹកបានវិញនៅពេលណា?
សម្រាប់ស្រីៗយើងដែលត្រូវសម្រាលកូនដោយវះកាត់ ក្នុងករណីខ្លះអាចត្រូវគ្រូពេទ្យណែនាំឲ្យមានការប្រុងប្រយ័ត្នច្រើនជាងអ្នកសម្រាលកូនតាមធម្មជាតិ ដូចជាការងូតទឹកជាដើម។ បើអ៊ីចឹងតើអាចងូតទឹកបាននៅពេលណា?
ការងូតទឹកក្រោយសម្រាលកូនដោយវះកាត់អាចធ្វើបានដោយអាស្រ័យលើកត្តាមួយចំនួន ដូចជាម៉ាក់ៗមានកម្លាំងអាចងើបដើរ និងទប់ខ្លួនបានឬនៅ សម្ភារៈសម្រាប់ថ្នេរ និងការពារថ្នេរអាចធន់ជាមួយទឹកបានកម្រិតណាជាដើម។
ខាងក្រោមនេះជាគោលការណ៍ទូទៅមួយចំនួនសម្រាប់ស្រីៗយើងសម្រាលកូនដោយវះកាត់៖
- ការងូតទឹកអាចធ្វើទៅបានប្រសិនបើថ្នេរ កាវបិទឬបន្ទះបិទអាចគ្របជិតលើស្បែកត្រង់មុខរបួសបានល្អ។ យ៉ាងណា គ្រូពេទ្យក៏អាចណែនាំយើងឲ្យរង់ចាំរហូតដល់ពីរបីថ្ងៃក្រោយទើបឲ្យងូតទឹកក៏មាន។
- ពេលងូតទឹកកុំត្រដុសកន្លែងមុខរបួស
- កុំងូតទឹកមានសីតុណ្ហភាពក្ដៅ ឬត្រជាក់ពេក
- ក្រោយងូតទឹករួចត្រូវជូតសម្អាតថ្នមៗត្រង់មុខរបួស។
គុណប្រយោជន៍នៃការងូតទឹកក្រោយសម្រាល៖
- កាត់បន្ថយហានិភ័យនៃការឆ្លងរោគ៖ ការងូតទឹកធ្វើឲ្យដងខ្លួនម៉ាក់ស្អាតល្អ អាចជួយការពារការឆ្លងមេរោគផ្សេងបាន។
- ជួយឲ្យអារម្មណ៍ស្រស់ស្រាយ៖ ការងូតទឹកនឹងធ្វើឲ្យម៉ាក់ៗមានអារម្មណ៍ស្រស់ស្រាយឡើងវិញ និងជួយបង្កើនថាមពល។
- កាត់បន្ថយការឈឺចាប់៖ ងូតទឹកក្រោយសម្រាលក៏បានរួមចំណែកជួយកាត់បន្ថយការឈឺចាប់របស់ម៉ាក់ៗដែរ។
ដូចគ្នាដែរ មិនថាម៉ាក់ៗសម្រាលកូនតាមធម្មជាតិ ឬដោយវះកាត់ទេ បើម៉ាក់ៗមានអារម្មណ៍ថាខ្សោយមិនទានមានកម្លាំងគ្រប់គ្រាន់ទៅងូតទឹកដោយខ្លួនឯងបាន ម៉ាក់ៗត្រូវស្វែងរកជំនួយពីស្វាមី ឬសមាជិកគ្រួសារផ្សេងទៀត។
[embed-health-tool-due-date]