ចាស់ៗថា បើពោះម៉ាក់ៗស្រួចកូនក្នុងផ្ទៃគឺប្រុស ហើយបើពោះម៉ាក់ៗមូលកូនក្នុងផ្ទៃគឺស្រី។ ចុះពេទ្យជំនាញថាម៉េចវិញ? ការមើលទម្រង់ពោះម៉ាក់អាចដឹងភេទកូនក្នុងផ្ទៃមែនឬយ៉ាងណា?
លោកស្រីវេជ្ជបណ្ឌិត Sherry A. Ross ឯកទេសសម្ភព និងរោគស្ត្រីនៅមន្ទីរពេទ្យ Providence St. John’s Hospital នៅ Santa Monica រដ្ឋ California និងជាអ្នកនិពន្ធសៀវភៅ She-ology: The Definitive Guide to Women’s Intimate Health បានលើកឡើងថា តាមបទពិសោធន៍ ២៥ ឆ្នាំរបស់គាត់ ការលើកឡើងនេះមិនពិតទេ។
តាមការសិក្សាបានឱ្យដឹងថា កត្តាដែលជះឥទ្ធិពលដល់ទម្រង់ពោះរបស់ម៉ាក់មាន៖
១. សាច់ដុំពោះ
លោកស្រីវេជ្ជបណ្ឌិត Kecia Gaither នាយកសេវាសម្រាលនៅ Lincoln Medical and Mental Health Center នៅទីក្រុងញូវយ៉ក បានលើកឡើងថា ទម្រង់ពោះរបស់ម៉ាក់ៗពេលពពោះមានទំនាក់ទំនងនឹងសាច់ដុំពោះ។
ប្រសិនបើម៉ាក់ៗមានសាច់ដុំពោះតឹងណែន សាច់ដុំពោះនឹងជួយទ្រស្បូន ដូច្នេះជាញឹកញយម៉ាក់ៗដែលមានរាងស្អាតតែងតែមានពោះស្រួចតូច និងខ្ពស់ ជាពិសេសនៅពេលពពោះដំបូង។
លោកស្រី Katie Page ឆ្មបបំរើការនៅ Lynchburg រដ្ឋ Virginia បានលើកឡើងថា ផ្ទុយមកវិញម៉ាក់ៗដែលមានសាច់ដុះពោះយារទំនងជាមានពោះមូល និងធ្លាក់។
២. កម្ពស់របស់ម៉ាក់ៗ
លោកស្រីវេជ្ជបណ្ឌិត Sherry A. Ross បានលើកឡើងថា កម្ពស់ម៉ាក់ៗអាចឥទ្ធិពលដល់ទម្រង់ពោះដែរ។ ម៉ាក់ៗដែលខ្ពស់មានដងខ្លួនវែងទំនងជាមានពោះស្រួច និងតូចដោយសារពោះរបស់ម៉ាក់ៗមានកន្លែងទំនេរច្រើនសម្រាប់រុញស្បូនឡើងលើ និងចុះក្រោមនៅចន្លោះឆ្អឹងអាងត្រគាក និងពោះផ្នែកខាងលើ ខណៈម៉ាក់ៗដែលទាបទំនងជាមានពោះធំ និងមូល។
៣. ចំនួនដងនៃការមានផ្ទៃពោះ
លោកស្រីវេជ្ជបណ្ឌិត Sherry A. Ross បានលើកឡើងទៀតថា សាច់ដុំពោះ សរសៃចង (ligaments) និងស្បូនរបស់ម៉ាក់ៗនឹងយារបន្តិច បន្ទាប់ពីសម្រាលកូនមួយលើកៗ។ ប្រសិនបើម៉ាក់ៗពពោះលើកទី ២ ពោះរបស់ម៉ាក់ៗនឹងឆាប់ខ្ទាត និងមូលធំជាងការពពោះលើកទី ១។
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
៤. ទីតាំងរបស់កូនក្នុងផ្ទៃ
ជាធម្មតាទារកក្នុងផ្ទៃស្ថិតក្នុងទីតាំងទទឹងរហូតដល់សប្តាហ៍ទី ២៦ ដែលធ្វើឱ្យពោះម៉ាក់មានរាងមូល ប៉ុន្តែដល់សប្តាហ៍ទី ៣៥ ទារកនឹងត្រូវបង្វិលក្បាលចុះក្រោមដើម្បីត្រៀមសម្រាល ពេលនោះពោះម៉ាក់នឹងមានរាងស្រួច។
៥. ចំនួនកូនក្នុងផ្ទៃ
ប្រសិនបើម៉ាក់ៗពពោះកូនភ្លោះ ពោះរបស់ម៉ាក់ៗអាចធំមូលជាងពោះអ្នកដែលពពោះកូនតែ ១។
ដូចនេះ ការមើលទម្រង់ពោះម៉ាក់អាចដឹងភេទកូនក្នុងផ្ទៃគឺមិនត្រឹមត្រូវទេ។ តាមពិតទម្រង់ពោះរបស់ម៉ាក់ៗទាក់ទងនឹងរូបរាងរបស់ម៉ាក់ៗជាជាងកូនក្នុងផ្ទៃ។ ដូចនេះហើយ មានតែការមើលអេកូទេដែលអាចឱ្យប៉ាម៉ាក់ដឹងពីភេទកូនក្នុងផ្ទៃបាន។
[embed-health-tool-pregnancy-weight-gain]