ក្នុងមន្ទីរពិសោធន៍មួយរបស់ប្រទេសចិន អ្នកវិទ្យាសាស្ត្រកំពុងខិតខំបង្កើតវ៉ាក់សាំងវីរុសកូរ៉ូណា និងកំពុងជួបបញ្ហាសត្វស្វាឡើងថ្លៃ ដោយថាសត្វស្វាមានចំនួនមិនគ្រប់គ្រាន់សម្រាប់ធ្វើតេស្ដ ខណៈវ៉ាក់សាំងនេះគ្រោងនឹងធ្វើការតេស្ដលើមនុស្សនៅបរទេសផងដែរ។
ក្រុមហ៊ុន Yisheng Biopharma មានទីតាំងនៅទីក្រុង Shenyang ដែលត្រូវបានស្គាល់ក្នុងការផលិតវ៉ាក់សាំងឆ្កែឆ្កួត បានខិតខំបង្កើតវ៉ាក់សាំងវីរុសកូរ៉ូណាថ្មីនេះតាំងពីមានការផ្ទុះឡើងកាលពីខែមករាមកម្លេះ។
វ៉ាក់សាំងកំពុងស្ថិតក្នុងដំណាក់កាលតេស្ដលើសត្វ។ ក្រោយពីចាក់ទៅលើទន្សាយ និងកណ្ដុរ គេទទួលបានលទ្វផលល្អដោយសត្វទាំងនេះមានកម្រិតអង់ទីករខ្ពស់។ វ៉ាក់សាំងនេះគឺមិនត្រឹមតែការពារអ្នកមានសុខភាពល្អពីការឆ្លងវីរុសទេ តែនៅអាចព្យាបាលអ្នកជំងឺ COVID-19 ទៀតផង។
សម្រាប់វ៉ាក់សាំងនេះ ដំណាក់កាលបន្ទាប់គឺតេស្ដទៅលើសត្វស្វាដែលសត្វស្វាចេះតែមានតម្លៃកើនឡើងខ្លាំងដោយសារការកើនឡើងនៃតម្រូវការពីមន្ទីរពិសោធន៍ផ្សេងៗ។ ក្រុមហ៊ុន Yisheng ធ្លាប់ទិញសត្វស្វាមួយក្បាលតម្លៃចន្លោះ $១ ៤០០ ទៅ $២ ៨០០ ប៉ុន្តែបច្ចុប្បន្នតម្លៃសត្វស្វាឡើងគុណនឹងដប់ទៅហើយ។ ប្រទេសចិនគឺជាអ្នកផ្គត់ផ្គង់សត្វស្វាដល់មន្ទីរពិសោធន៍នានាដ៏ធំមួយដែលនាំចេញសត្វស្វា ២០ ០០០ក្បាលកាលពីឆ្នាំទៅ និងប្រើប្រាស់សត្វស្វាក្នុងការស្រាវជ្រាវក្នុងប្រទេស ១៨ ០០០ក្បាល។
ក្រុមហ៊ុន Yisheng បានចំណាយទឹកប្រាក់ប្រហែល ៣លានដុល្លារអាមេរិកសម្រាប់ការផលិតវ៉ាក់សាំងជាមួយនឹងគម្រោងផលិតវ៉ាក់សាំងនៅប៉ុន្មានខែបន្ទាប់ដែលរំពឹងថាអាចដាក់ឲ្យប្រើប្រាស់បានក្នុងឆ្នាំនេះ។ ម៉្យាងទៀត ក្រុមហ៊ុនក៏គ្រោងនឹងតេស្ដសាកល្បងលើមនុស្សនៅសហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រទេសសិង្ហបុរី និងប្រទេសអូស្ត្រាលីផងដែរ។
គិតមកដល់ថ្ងៃទី១៩ ខែមិថុនា អ្នកឆ្លងជំងឺ COVID-19 ទូទាំងពិភពលោកមានចំនួនជាង ៨,៥ លានករណី ក្នុងនោះអ្នកជាសះស្បើយមានជាង ៤, ៥លាននាក់ និងអ្នកស្លាប់ ៤៥ម៉ឺននាក់។
[embed-health-tool-bmi]