backup og meta

ជួប​បញ្ហាទល់លាមក ញ៉ាំអាហារទាំងនេះអាចជួយ​​បាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 31, 2021

    ជួប​បញ្ហាទល់លាមក ញ៉ាំអាហារទាំងនេះអាចជួយ​​បាន

    មនុស្ស​ពេញ​វ័យ និង​កុមារ​ភាគច្រើន​តែង​ជួប​ប្រទះ​នឹង​បញ្ហា​ទល់លាមក។ បញ្ហា​ទល់លាមក​នេះ​អាច​បណ្ដាល​មក​ពី​ចំណី​អាហារ ជាពិសេស​ពេល​ញ៉ាំ​ជាតិ​សរសៃ​ ឬ​ផឹក​ទឹក​មិន​គ្រប់គ្រាន់។ ប្រសិនជា​មាន​បញ្ហា​ទល់​លាមក​ញឹកញាប់ អ្វី​ដែល​សំខាន់​គឺ​ញ៉ាំ​អាហារ​ដែល​ត្រឹម​ត្រូវ​ និង​ល្អ​សម្រាប់​សុខភាព​ពោះវៀន។ អាហារ​ខាងក្រោម​ជា​អាហារ​គួរ​ញ៉ាំ​ពេល​ទល់លាមក។

    . ទឹក

    ភាគច្រើន​ការ​ទល់​លាមក​បណ្ដាល​មក​ពី​ការ​ខ្វះ​ជាតិ​ទឹក។ នៅ​ពេល​ផឹក​ទឹក​មិន​គ្រប់គ្រាន់​ រាងកាយ​របស់​យើង​នឹង​ខ្វះជាតិ​ទឹក។​ នេះ​មាន​ន័យ​ថា​កាកសំណល់​ក្នុង​ពោះវៀន​នឹងបញ្ចេញ​យឺត ឬជាប់​គាំង​ព្រោះ​រាងកាយ​មិន​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​ការ​បន្ទន់​លាមក។ យក​ល្អ​យើងគួរ​ផឹក​ទឹក​យ៉ាងតិច​២​លីត្រ​ជា​រៀង​រាល់​ថ្ងៃ។ នេះ​អាច​ជួយ​​ដល់​ការ​ផ្លាស់ទី​អាហារ​ និង​កាក​សំណល់​។

    ផឹកទឹកពេលព្រឹក

    . យ៉ាអួ

    យ៉ាអួ​អាច​ជួយ​សម្រួល​ដល់​ការ​ទល់លាមក។ យ៉ាអួ​មាន​ផ្ទុក​ probiotics ដែល​ជា​បាក់តេរី​ល្អ​ជួយ​ដល់​ការ​បំបែក​អាហារ។ Probiotics អាច​ជួយ​ដល់​ការ​រំលាយ​អាហារ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ទ្រទ្រង់​ដល់​សុខភាព​ពោះវៀន និង​ជួយ​ឲ្យ​បន្ទោរ​បង់​ទៀងទាត់។ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​បន្ថែម Probiotics ក្នុង​របប​អាហារ​អាច​ជួយ​កាត់​បន្ថយ​ការ​ទល់​លាមក។

    . គ្រាប់​ជីរ​

    គ្រាប់ជីរ​សំបូរ​ដោយ​អាស៊ីត​ខ្លាញ់​អូមេហ្គា៣ កាល់ស្យូម ម៉ាញ៉េស្យូម ផូស្វ័រ និង​ប៉ូតាស្យូម។ គ្រាប់​ជីរ​មាន​ជាតិ​រអិល​ដូច​ជែល​ពេល​ស្រូប​ជាតិ​ទឹក​។ ជែល​នេះ​អាច​ជួយ​បន្ទន់​លាមក។ រីឯ​អាស៊ីតខ្លាញ់​អូមេហ្គា៣​មាន​សារធាតុ​ប្រឆាំង​ការ​រលាក​ដែល​មាន​ប្រយោជន៍​ដល់​អាការៈ​រលាក​ពោះវៀន។ ម៉្យាងទៀត គ្រាប់ជីរ​សំបូរ​ដោយ​ជាតិ​សរសៃ​រលាយ​ដែល​ជា​អាហារ​ដ៏​ល្អ​ពេល​ទល់​លាមក។

    អត្ថបទពាក់ព័ន្ធ៖

    . ពពួក​សណ្ដែក

    នៅ​ពេល​ទល់លាមក អាហារ​ជាតិ​សរសៃ​ជា​ជម្រើស​អាហារ​ដ៏​ល្អ។ អាហារ​ទាំង​នេះ​មាន​ដូចជា​សណ្ដែក lentis គ្រាប់​សណ្ដែក និងគ្រាប់ chickpeas ​ដែល​សុទ្ធ​តែ​អាច​ព្យាបាល និង​បង្ការ​ការ​ទល់​លាមក។ ជាតិសរសៃ​អាច​ជួយ​ឲ្យ​ពោះវៀន​មាន​សុខភាព​ល្អ ដោយ​ជួយ​បន្ថែម​ទម្ងន់​ឲ្យ​លាមក​ដែល​ធ្វើ​ឲ្យ​កាក​សំណល់​ប៉ះ​ពោះវៀន និង​ជំរុញ​ឲ្យ​មាន​ចលនា​កន្ទ្រាក់​សាច់ដុំ​ពេល​លេប​អាហារ​ចូល​ដែល​មាន​ចលនា​ដូច​រលក ហើយ​ចលនា​ដូច​រលក​នេះ​ជួយ​បញ្ចេញ​កាកសំណល់​ទាំង​នោះ។​ 

    . ទឹក​ស៊ុប

    ទឹក​ស៊ុប​ដែល​រំងាស់​ដោយ​ប្រើ​ឆ្អឹង​មាន់ ឬ​ឆ្អឹង​គោ​សំបូរ​ដោយ​សារធាតុចិញ្ចឹម និង​ងាយ​ស្រួល​ដល់​ពោះវៀន​ក្នុង​ការស្រូប​យក។ ម៉្យាងទៀត ទឹក​ស៊ុប​នេះ​ជួយ​បន្ថែម​សំណើម​ដល់​ពោះវៀន​ដែល​រលាក និង​ខ្វះ​ជាតិ​ទឹក ហើយ​នៅ​អាច​ជួយ​បន្ទន់​លាមក និង​ងាយស្រួល​ក្នុង​ការ​បន្ទោរ​បង់។

    . ផ្លែព្រូន

    ផ្លែ​ព្រូន​នេះ​សំបូរ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​ដល់​ការ​ផ្លាស់​ទី​របស់​កាក​សំណល់​ក្នុង​ពោះវៀន។ ផ្លែ​នេះ​ក៏​មាន​ផ្ទុក​ជាតិ​ស្ករ​មួយ​ប្រភេទ​ឈ្មោះ sorbitol។ រាងកាយ​មិន​អាច​បំបែក​ស្ករ sortibol នេះ​បាន​ធ្វើ​ឲ្យ​ស្ករ​នេះ​ផ្លាស់ទី​ទៅ​ក្នុង​ពោះវៀនធំ​ និងទាញ​ជាតិ​ទឹក​ទៅ​ក្នុង​ពោះវៀន​ដែរ។ នេះ​អាច​ជួយ​បន្ថែម​ទម្ងន់​ដល់​លាមក និង​សម្រួល​ដល់​ការ​បន្ទោរបង់។ ការ​សិក្សា​ជាច្រើន​បាន​បង្ហាញ​ថា​ស្ករ sortibol គឺ​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​បញ្ហា​ទល់លាមក។ ហេតុនេះហើយ​ផ្លែ​ព្រូន​នេះ​អាច​ជួយ​ឲ្យ​​បន្ទោរ​បង់​ញឹកញាប់ និង​មាន​ភាព​ទៀងទាត់។

    . ផ្កាខាត់ណាខៀវ

    ផ្កាខាត់ណាខៀវ​មាន​ជាតិ​សរសៃ​ច្រើន​ដូច​អាហារ​បាន​រៀប​រាប់​ខាង​លើ​ដែរ ប៉ុន្តែ​ផ្កា​ខាត់ណា​ខៀវ​មាន​ផ្ទុក​សារធាតុ sulforaphane ដែល​អាច​ជួយ​ការពារ​ពោះវៀន និង​សម្រួល​ដល់​ការ​រំលាយ​អាហារ។ ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា​សារធាតុ sulforaphane ​អាច​ជួយ​កម្ចាត់​បាក់តេរី​អាក្រក់​ក្នុង​ពោះវៀន​ដែល​អាច​រំខាន​ដល់​ការ​រំលាយ​អាហារ។ ផ្កាខាត់ណាខៀវ​ជួយ​សម្រួល​ដល់​រយៈពេល​ចាប់​តាំង​ពី​លេប​អាហារ​រហូតដល់​ចេញ​ជា​លាមក​ឲ្យ​មាន​រយៈពេល​ខ្លី និង​ការ​បន្ទោរ​បង់។

    . ផ្លែ​គីវី

    ផ្លែ​គីវី​គឺ​ផ្លែ​ដែល​គេ​ញ៉ាំ​ដើម្បី​សម្រួល​ដល់​បញ្ហា​ពោះវៀន​ធំ​មិន​សូវ​មាន​ដំណើរការ​បណ្ដាល​ឲ្យ​ទល់លាមក ឬ​បន្ទោរបង់​លាមក​មក​ឈឺ​ចាប់​ខ្លាំង។ ផ្លែ​គីវី​មួយ​ផ្លែ​មាន​ផ្ទុក​ជាតិ​សរសៃ​២,៥ក្រាម និង​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ទៀត។ ផ្លែគីវី​មាន​ប្រយោជន៍​ដល់​ការ​ទល់​លាមក​ដោយសារ​អង់ស៊ីម actinidine ដែល​គេ​រក​ឃើញ​ថា​អាច​ជួយ​សម្រួល​ដល់​ចលនា​ប្រព័ន្ធ​រំលាយ​អាហារ​ផ្នែក​ខាងលើ និង​ជួយ​រុញ​កាកសំណល់​មាន​នៅ​ក្នុង​ពោះវៀន។ សារធាតុ​មួយ​ទៀត​ក្នុង​ផ្លែ​គីវី​ឈ្មោះ kissiper អាច​ជួយ​ដល់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ និង​ចលនា​កន្ទ្រាក់​សាច់ដុំ​ពេល​លេប​អាហារ​ចូល។ ការ​សិក្សា​មួយ​បង្ហាញ​ថា​នៅ​ពេល​មនុស្ស​ពេញ​វ័យ​ញ៉ាំ​ផ្លែ​គីវី​២ផ្លែ​ក្នុង​មួយ​ថ្ងៃ ការ​បន្ទោរបង់​ពួកគេ​មាន​ភាព​ទៀងទាត់​ជាង​មុន។

    . ផ្លែ​សារី

    ផ្លែសារី​ដូច​ផ្លែ​ព្រូន និង​ផ្លែ​គីវី​ដែរ​សំបូរ​ដោយ​ជាតិ​សរសៃ​ដែល​មាន​ឈ្មោះ​ថា pectin។ ផ្លែ​សារី​ក៏​មាន​សារធាតុ​ផ្សេង​ទៀត​ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ​ដូចជា​ sorbitol និង​fructose។ ម៉្យាងទៀត​ផ្លែ​សារី​ក៏​មាន​ជាតិ​ទឹក​ច្រើន​ជួយ​បំពេញ​ជាតិ​ទឹក និងបន្ទន់​លាមក​ ចំពោះបញ្ហា​ពោះវៀន​ធំ​មិន​សូវ​មាន​ដំណើរការ​បណ្ដាល​ឲ្យ​ទល់លាមក ឬ​បន្ទោរបង់​​មក​ឈឺ​ចាប់​ខ្លាំង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 31, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម