ទឹកផ្លែឈើអាចញ៉ាំពេញមួយថ្ងៃ ជំនួសទឹកធម្មតាបានទេ?
អ្នកជំនាញសុខភាពជាច្រើនបានច្រានចោល ទំនោរថ្មីមួយរបស់យុវវ័យ ដែលថាការញ៉ាំទឹកធម្មជាតិចេញពីផ្លែឈើ ដូចជាទឹកដូង ទឹកក្រូចស្រស់ បានមួយថ្ងៃគឺល្មមគ្រប់គ្រាន់ ហើយល្អសម្រាប់សុខភាព។ ប៉ុន្តែ អ្នកជំនាញអាហារូបត្ថម្ភ មិនត្រឹមតែមិនគាំទ្រ ទំនោរថ្មីនេះទេ ថែមទាំងក្រើនរំលឹកថា ការធ្វើបែបនោះ នឹងបង្កបញ្ហាជាច្រើនដល់រាងកាយទៅវិញ។

អ្នកជំនាញផ្នែកអាហារូបត្ថម្ភ ព្រមទាំងគ្រូពេទ្យជំនាញនៅតាមបណ្តាប្រទេសជាច្រើន បានលើកឡើងថា រាងកាយ ត្រូវការទឹកជាប្រចាំថ្ងៃ (ជាមធ្យម២លីត្រ សម្រាប់មនុស្សពេញវ័យ) ដើម្បីបង្កើត និងផ្គត់ផ្គង់សារធាតុរាវផ្សេងៗដែលរាងកាយត្រូវការ ព្រមទាំងប្រើសម្រាប់បណ្តេញជាតិពុល និងរំលាយអាហារផងដែរ។ កង្វះជាតិទឹក នឹងបង្កឱ្យរាងកាយមានបញ្ហាដូចជា ខ្សោះជាតិទឹក បញ្ហាតម្រងនោម ខ្សោយក្រលៀនជាដើម ហើយអាចបណ្តាលបាត់បង់ជីវិតទៀតផង ករណីខ្វះជាតិទឹកយូរពេល។

អត្ថបទពាក់ព័ន្ធ៖
ប្រភពព័ត៌មាន Daily Mail បានបង្ហាញថា ការលើកឡើងរបស់អ្នកជំនាញនេះ បន្ទាប់ពីមាននិន្នាការមួយចំនួននៅលើបណ្តាញសង្គម ពិសេសតារាៗ ឬអ្នកមានឥទ្ធិពល ឬគេ Follow នៅលើបណ្តាញសង្គម បានអនុវត្តដោយខ្លួនឯងនូវ ការញ៉ាំទឹកផ្លែឈើពេញមួយថ្ងៃ ជំនួសឱ្យការញ៉ាំទឹក។ តារាៗ ឬអ្នកមានឥទ្ធិពលលើបណ្តាញសង្គមទាំងនោះ បានលើកឡើងថា ពួកគេត្រឹមតែញ៉ាំទឹកផ្លែឈើពីធម្មជាតិ ដោយមិនបាច់ញ៉ាំទឹក បានជួយពួកគេឱ្យមានរាងស្អាត ជួយបានទាំងការរំលាយអាហារ និងប្រឆាំងនឹង ជំងឺរលាកផ្សេងៗ។
អត្ថបទពាក់ព័ន្ធ៖
តែយ៉ាងណាមិញ អ្នកជំនាញសុខភាពបានបញ្ជាក់ច្បាស់ថា ការធ្វើឡើងនោះ គឺពុំមានការស្រាវជ្រាវច្បាស់លាស់ត្រឹមត្រូវ ហើយអ្នកជំនាញក៏បញ្ជាក់ហើយថា ទឹកផ្លែឈើ មិនអាចជំនួសការញ៉ាំទឹកធម្មតា ដែលត្រូវញ៉ាំជាប្រចាំថ្ងៃឡើយ៕