អាហារពេលព្រឹក ជាអាហារសំខាន់ប្រចាំថ្ងៃសម្រាប់រាងកាយយើង។ ទន្ទឹមនឹងនេះ អ្វីដែលពួកយើងញ៉ាំ នៅពេលព្រឹក ក៏មានឥទ្ធិពលខ្លាំងទៅលើ សកម្មភាពប្រចាំថ្ងៃ អារម្មណ៍ និងការបញ្ចេញថាមពលសម្រាប់ធ្វើការផងដែរ នេះបើតាមការលើកឡើងពីក្រុមការងារជំនាញសិក្សាផ្នែកប្រព័ន្ធរំលាយនៅសហរដ្ឋអាមេរិក។
ការសិក្សាស្រាវជ្រាវថ្មីមួយ ធ្វើឡើងដោយស្ថាប័នស្រាវជ្រាវសហរដ្ឋអាមេរិក Endocrine Society ជំនាញខាងសិក្សាលើប្រព័ន្ធក្រពេញបញ្ចេញក្នុង ប្រព័ន្ធរំលាយអាហារ និងអ័រម៉ូន បានរកឃើញថា អាហារពេលព្រឹក ជួយដល់សុខភាពសឹងគ្រប់ផ្នែកទាំងអស់នៃរាងកាយ។
ការលើកឡើងបែបនេះ បន្ទាប់ពី ក្រុមអ្នកស្រាវជ្រាវបានពិនិត្យមើលអ្នកស្ម័គ្រចិត្ត១៦នាក់ ទៅលើរង្វាស់មេតាប៉ូលីស(ដំណើរប្រតិកម្មរំលាយអាហារក្នុងរាងកាយ) របស់អ្នកទាំងនោះ នៅពេលញ៉ាំអាហារពេលព្រឹក និងពេលល្ងាច។ ក្នុងនោះមានការតាមដានពិនិត្យលើរយៈពេលឃ្លាន កម្រិតគ្លុយកូសក្នុងឈាម និងចំណង់អាហារក្រៅពេល។
ជាលទ្ធផលបានបង្ហាញឱ្យឃើញថា អ្នកញ៉ាំអាហារពេលព្រឹកក្នុងបរិមាណច្រើនជាងធម្មតា មានអត្រាចំណង់ឃ្លានអាហារក្រៅពេលទាប នាំឱ្យការចង់ញ៉ាំ អាហារបន្ថែម ឬជាតិស្ករមានតិចតួច ឬស្ទើរតែគ្មាន។ បន្ថែមពីនោះ អ្នកស្រាវជ្រាវក៏បានរកឃើញដែរថា នៅពេលព្រឹក អ័រម៉ូនជួយដល់ការរំលាយអាហារ និងជាតិស្ករទៅជាថាមពល មានភាពសកម្មច្រើន ដែលធ្វើឱ្យការដុតកាល់ឡូរីមានកម្រិតខ្ពស់ ជាដើមហេតុដែលអ្នកញ៉ាំអាហារពេលព្រឹកច្រើន មិនសូវឃ្លានចំណីក្រៅ។
ផ្ទុយទៅវិញ ភាពសកម្មនោះបែរជាថមថយនៅពេលល្ងាច ដែលនាំឱ្យអ្នកញ៉ាំអាហារពេលព្រឹកបានតិច ឃ្លានច្រើនដង និងញ៉ាំអាហារល្ងាចច្រើន ស្របពេលដែលភាពសកម្ម នៃអ័រម៉ូនជួយដល់ការរំលាយអាហារថមថយនៅពេលល្ងាច។
ដោយឡែក ការសិក្សាមួយទៀតធ្វើឡើងនៅសាកលវិទ្យាល័យ Yale សហរដ្ឋអាមេរិក ក៏បានរកឃើញ លទ្ធផលដូចគ្នានេះដែរ ដោយថា ការញ៉ាំអាហារនៅពេលព្រឹក ដោយមានបន្ថែមនូវ ផ្លែឈើ ស៊ុត ទឹកដោះគោជូរ មិនត្រឹមតែបានថាមពលបន្ថែម ថែមទាំងជួយឱ្យអារម្មណ៍ល្អៗស្រស់ស្រាយ កើតឡើងផងដែរ។
[embed-health-tool-bmr]
ចំពោះលទ្ធផលទាំងនេះ បានធ្វើឱ្យក្រុមការងារស្រាវជ្រាវ បានលើកឡើងពីគុណប្រយោជន៍នៃអាហារពេលព្រឹក ពុំគួរមើលរំលង ព្រមទាំងណែនាំជាពិសេសដល់អ្នកចង់រក្សាទម្ងន់ខ្លួនឱ្យនៅថេរ ដោយកុំឱ្យរំលងអាហារពេលព្រឹក៕
អត្ថបទគួរអាន៖