ការញុំាអាហារសម្រន់ផ្តេសផ្តាសអាចឱ្យយើងឡើងគីឡូ និងប៉ះពាល់ដល់សុខភាព។ អាហារសម្រន់ល្អមានផ្ទុកប្រូតេអ៊ីន វីតាមីន សារធាតុរ៉ែ ខ្លាញ់ល្អ និងជាតិសរសៃដែលជួយឱ្យយើងឆ្អែតបានយូរ និងល្អចំពោះសុខភាព។ ខាងក្រោមនេះជាអាហារសម្រន់ ៦ មុខដែលមិនធ្វើឱ្យយើងឡើងគីឡូតែជួយឱ្យស្រកគីឡូវិញ។
១. ទំពាំងបាយជូរក្រៀម៖ ទំពាំងបាយជូរក្រៀមមានផ្ទុកជាតិស្ករធម្មជាតិដែលអាចជួយយើងក្នុងការបំពេញចំណង់ញុំារបស់ផ្អែម។ វាផ្ទុកទៅដោយជាតិដែក ជាតិសរសៃ ម៉ាញេស្យូម ស័ង្កសី ប៉ូតាស្យូម សារធាតុប្រឆាំងអុកស៊ីតកម្ម។ល។ ទំពាំងបាយជូរក្រៀមធ្វើឱ្យសុខភាពប្រព័ន្ធរំលាយអាហាររបស់យើងល្អ និងទប់ស្កាត់ការឃ្លានញឹកញាប់។
២. ផ្លែលម៉ើក្រៀម៖ ផ្លែលម៉ើក្រៀមសម្បូរប្រូតេអ៊ីន ជាតិដែក និងអាស៊ីដខ្លាញ់មិនឆ្អែតដែលជួយកាត់បន្ថយជាតិខ្លាញ់លើសក្នុងខ្លួនយើងបាន។ វាក៏មានផ្ទុកជាតិសរសៃដែលអាចបង្កើនល្បឿនរំលាយអាហារដែរ។
៣.គ្រាប់ស្វាយចន្ទី៖ គ្រាប់ស្វាយចន្ទីមានផ្ទុកម៉ាញ៉េស្យូមដែលជួយរាងកាយគ្រប់គ្រងជាតិខ្លាញ់ និងរំលាយកាបូអ៊ីដ្រាត។ គ្រាប់ស្វាយចន្ទីគឺជាជម្រើសដ៏ល្អក្នុងការសម្រកទម្ងន់ ព្រោះវាមានប្រូតេអ៊ីន និងជាតិសរសៃខ្ពស់ដែលធ្វើឱ្យយើងឆ្អែតបានយូរ។ វាក៏ផ្ទុកជាតិដែក និងវីតាមីន B6 ដែរ។
៤. គ្រាប់អាល់ម៉ុន៖ គ្រាប់អាល់ម៉ុនជាអាហារសម្រន់ដែលមានកាឡូរីទាប។ គ្រាប់អាល់ម៉ុន១០០ ក្រាមមានកាឡូរី ៥៧៦។ គ្រាប់អាល់ម៉ុនមានផ្ទុកប្រូតេអ៊ីន និងជាតិសរសៃខ្ពស់។ វីតាមីន E នៅក្នុងគ្រាប់អាល់ម៉ុនជួយចិញ្ចឹមរាងកាយយើង ឯខ្លាញ់មិនឆ្អែតជួយធ្វើឱ្យយើងស្រកទម្ងន់ព្រោះវាកាត់បន្ថយកូលេស្តេរ៉ុល ឬខ្លាញ់អាក្រក់ (LDL)។
៥. គ្រាប់រីករាយ៖ គ្រាប់រីករាយមានផ្ទុកប្រូតេអ៊ីន វីតាមីន ខ្លាញ់ល្អ ជាតិសរសៃ ជាតិដែក ម៉ាញ៉េស្យូម។ ល។ គ្រាប់រីករាយជួយបង្កើនការរំលាយអាហារ និងធ្វើឱ្យក្រពះពោះវៀនមានសុខភាពល្អ។
៦. គ្រាប់វ៉ុលណាត់៖ គ្រាប់វ៉ុលណាត់សម្បូរទៅដោយវីតាមីន E ហើយត្រូវបានគេចាត់ទុកថាជាអាហារដ៏ល្អសម្រាប់ខួរក្បាល និងជួយសម្រកទម្ងន់។ ដោយសារវាមានផ្ទុកអាស៊ីដខ្លាញ់អូមេហ្គា ៣ (ខ្លាញ់មិនឆ្អែត) ខ្ពស់ដែលជួយកាត់បន្ថយ/ការពារការធាត់ និងការរលាក។ លើសពីនេះទៅទៀតវាជួយគ្រប់គ្រងចំណង់អាហារដែលអាចការពារការឃ្លានញឹកញាប់។
អាហារសម្រន់ ៦ មុខនេះមិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងផ្តល់ប្រយោជន៍ជាច្រើនដល់សុខភាពទៀតផង ប៉ុន្តែយើងមិនត្រូវញុំាច្រើនលើសកម្រិតទេ។ កម្រិតញុំាក្នុង ១ ថ្ងៃគឺ ៣០ ក្រាមស្មើនឹង ៣ ស្លាបព្រាបាយ។ ចៀសវាងគ្រាប់ផ្លែឈើដែលមានបន្ថែមអំបិល ឬស្រោបសុកូឡា។ យើងអាចញុំាអាហារសម្រន់ទាំងនេះមុន ឬក្រោយបាយថ្ងៃត្រង់ដើម្បីទ្រាប់ពោះ ចៀសវាងការឃ្លានជ្រុលដែលធ្វើឱ្យយើងញុំាអាហារថ្ងៃត្រង់ច្រើនលើសកម្រិត។ ចៀសវាងញុំាគ្រាប់ស្វាយចន្ទីពេលយប់ព្រោះវាពិបាករំលាយដែលអាចរំខានដល់ការគេងរបស់យើង។
[embed-health-tool-bmi]