backup og meta

តមអាហារ​ផ្តេស​ផ្តាសពេល​មាន​បញ្ហា​សុខភាព​ទាំងនេះ ប្រយ័ត្ន...

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ May 23, 2019

    តមអាហារ​ផ្តេស​ផ្តាសពេល​មាន​បញ្ហា​សុខភាព​ទាំងនេះ ប្រយ័ត្ន...

    ពេល​ខ្លះ តម​អាហារ​​ជួយ​ឲ្យ​សុខភាព​ល្អ​យើង​ល្អ​មែន ប៉ុន្តែ​ក៏​មិន​គួរ​តម​ផ្តេស​ផ្តាស​ដែរ ពិសេស​បើ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​សុខភាព​ដូច​ខាង​ក្រោម​នេះ ច្បាស់​ជា​វីវរ​មិន​ខាន អាច​ធ្វើ​ឲ្យ​ស្លាប់​ទៀត។ តម​អាហារ​រយៈពេល​យូរ​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរ​ការ​ព្យាបាល​ជំងឺ​កាន់​តែ​ពិបាក។ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​គ្នា​យើង គួរ​កុំ​តម​អាហារ​ បើ​យើង​កំពុង​តែ៖

    ១- មាន​ជំងឺ​សម្រាក​នៅ​មន្ទីរ​ពេទ្យ

    បើ​យើង​កំពុង​មាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ ឬ​កំពុង​សម្រាក​ព្យាបាល​ក្រោយ​ពេល​វះកាត់ នៅ​ឯ​មន្ទីរ​ពេទ្យ មិន​ត្រូវ​តម​អាហារ​ដាច់ខាត ត្រូវ​លេប​ថ្នាំ និង​ញ៉ាំ​អាហារ​ទន់ៗ​ឲ្យ​ការ​ណែ​នាំ។ ពិសេស​បង​ប្អូន​ខ្មែរ​ឥស្លាម​តែ​ម្តង បើ​ស្ថិត​ក្នុង​អំឡុង​ពេលពិធី​បុណ្យ​តម​អាហារ​បែប​សាសនា មិន​គួរ​ចូលរួម​តម​អាហារ​ឡើយ ​បើ​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​នេះ។

    ២- មាន​ជំងឺ​ត្រូវ​លាង ឬ​បញ្ចូល​ឈាម

    គ្នា​យើង​មាន​ជំងឺ​ត្រូវការ​បញ្ចូល​ លាង​ឈាម​ជា​ប្រចាំ​ ឬ​អ្នក​បរិច្ចាគ​សរីរាង្គ ក៏​មិន​អាច​តម​អាហារ​បាន​ដែរ។ ការ​សិក្សា​ចេញ​ផ្សាយ​ក្នុង​ឆ្នាំ២០១៤ អះអាង​ថា បើ​យើង​ជំងឺ​មាន​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ គឺ​ប្រឈម​ខ្ពស់​លើ​កង្វះ​ជាតិ​ទឹក និង​កំហាប់​ឈាម បើ​យើង​តម​អាហារ​នោះ។ បើ​នៅ​តែ​ចចេស​តម​អាហារ អាច​បណ្ដាល​ឲ្យ​មុខងារ​តម្រង​នោម​ចុះ​ខ្សោយ និង​មាន​បញ្ហា​កំណក​ឈាម។

    ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ទៀត​ថា អ្នក​មាន​ជំងឺ​ខ្សោយ​តម្រង​នោម និង​ធ្លាប់​មាន​ប្រវត្តិ​ឈឺ​បេះដូង អាច​ជួបប្រទះ​នូវ​បញ្ហា​ជំងឺ​សរសៃ​ឈាម​បេះដូង​សំខាន់ៗ កើត​មាន​ញឹកញាប់​អំឡុង​ពេល​តម​អាហារ។ ប៉ុន្តែ​ បញ្ហា​នេះអាច​ដឹង​មុន តាម​រយៈ​ការ​ពិនិត្យ​មើល មាន​កំណើន​កម្រិត​មុខងារ​តម្រង​នោម (Creatinine) ក្នុង​ឈាម ឬ​អត់។

    អត្ថបទ​ពាក់ព័ន្ធ៖

    • មិន​ចង់​ឆាប់​ទឹក​នោម​ផ្អែម ត្រូវ​ចៀសវាង​អាហារ​ពេល​ព្រឹក​ទាំង​នេះ
    • អ្នក​ចូលចិត្ត​ញ៉ាំ​អាហារ Fast food ប្រយ័ត្ន​កើត​ជំងឺ​ធ្ងន់ធ្ងរ​ទាំង​នេះ

    ៣- បង្ក​រោគ​ស្រួច​ស្រាវ

    បើ​យើង​មាន​ការ​ឆ្លង​មេរោគ ដូចជា ឈឺ​បំពង់​ក​ធ្ងន់ធ្ងរ​ គ្រុន​ក្ដៅ​ខ្លាំង​ ក្អួត​ចង្អោរ ឬ​មាន​ជំងឺ​អេដស៍​ មិន​ត្រូវ​តម​អាហារ​ដាច់​ខាត។

    ៤- មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ធ្ងន់ធ្ងរ

    សម្រាប់​អ្នក​មាន​បញ្ហា​រំលាយ​អាហារ​ធ្ងន់ធ្ងរ ដូចជា ច្រាល​អាស៊ីដ​ក្រពះ ឬ​ក្រហាយ​ដើមទ្រូង​ យក​ល្អ​គួរ​​ញ៉ាំ​អាហារ​ដោយ​ប្រុងប្រយ័ត្ន។ ទោះ​ជា​ការ​តម​អាហារ អាច​កាត់​បន្ថយ​បរិមាណ​អាស៊ីដ​ក៏​ពិត​មែន តែ​ការ​មើល​ឃើញ ឬទទួល​​ក្លិន​អាហារ ធ្វើ​ឲ្យ​ខួរ​ក្បាល​ផ្ដល់​សញ្ញា​ដល់​ក្រពះ បញ្ចេញ​អាស៊ីដ​កាន់​តែ​ច្រើន។ កើន​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ​ ក្រហាយ​ទ្រូង និង​ចង្អោរ​អាច​ជា​បញ្ហា​ធ្ងន់ធ្ងរ។

    តមអាហារ Hello គ្រូពេទ្យ

    ការ​សិក្សា​មួយ បាន​សន្និដ្ឋាន​ថា ស្រីៗ​មាន​ជំងឺ​ដំបៅ​ក្រពះ​ធ្ងន់ធ្ងរ ប្រឈម​គ្រោះថ្នាក់​ខ្ពស់ ហូរ​ឈាម និង​ធ្លាយ​ក្រពះ​ច្រើន​ជាង​ប្រុស​ៗ បើ​ហ៊ាន​តែ​តម​អាហារ ពិសេស​បងប្អូន​ខ្មែរ​ឥស្លាម ដែល​ចូល​រួម​ពិធី​បុណ្យ​រ៉ាមម៉ាដាន។

    ៥- ឈឺ​ក្បាល​ប្រកាំង ឬ​វិល​មុខ

    ឈឺ​ក្បាល​ខ្លាំង​អំឡុង​ពេល​តម​អាហារ បណ្ដាល​មក​ពី​កង្វះ​ជាតិ​ទឹក និង​គ្មាន​អាហារូបត្ថម្ភ​គ្រប់​គ្រាន់ គេង​មិន​គ្រប់គ្រាន់ ​ស្ថិត​នៅក្រោម​កម្ដៅ​ព្រះអាទិត្យ​យូរ​ពេក។ អាការៈ​បែប​នេះ អាច​ចៀសវាង​បាន បើ​យើង​ផ្លាស់​ប្តូរ​របៀប​រស់នៅ ដូចជា​ អំឡុង​ពេល​តម ឬ​ពេល​ញ៉ាំ​អាហារ​ត្រូវ ត្រូវ​ញ៉ាំទឹក ១ កែវ​ជា​មុន និង​សម្រាក​ឲ្យ​គ្រប់គ្រាន់​ចន្លោះ​ពេល​តម​អាហារ។

    បើ​យើង​មាន​ស្ថាន​ភាព​ជំងឺ​បែប​នេះ ក៏​មិន​ចាំបាច់​តម​អាហារ​ដូច​គេ​ឯង​ដែរ ជួន​កាល​តម​អាហារ អាច​ធ្វើ​ឲ្យ​សភាព​ជំងឺ​ប្រែជា​ធ្ងន់ធ្ងរ ហេតុនេះ​ត្រូវ​ញ៉ាំ​អាហារ និង​លេប​ថ្នាំ​ទាន់​ពេលវេលា។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យា​បាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ CHIN Ven · កែ May 23, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម