ខ្សោយបេះដូង ជាជំងឺឧស្សាហ៍កើតមានណាស់ ជាឃាតកលាក់មុខ សម្លាប់មនុស្សរាប់លាននាក់ក្នុងមួយឆ្នាំៗ មិនគិតថាមានក្រ សខ្មៅ ស្គមធាត់នោះឡើយ។ ហេតុនេះ អ្វីយើងអាចធ្វើបាន ត្រូវចេះប្រុងប្រយ័ត្នឲ្យបានច្រើន បើទោះជាយើងមានជំងឺខ្សោយបេះដូង ក៏អាចរស់នៅដោយសប្បាយចិត្ត ដោយចេះរៀបចំរបបអាហារឲ្យបានត្រឹមត្រូវ។
១- ពិចារណាជ្រើសរបបអាហារត្រឹមត្រូវ
របបអាហារត្រឹមត្រូវសម្រាប់គ្នាយើងមានជំងឺខ្សោយបេះដូង អាចនិយាយបានថា គ្មានអ្វីល្អជាង DASH និង Mediterranean diet នោះទេ។ របបអាហារបែប DASH ត្រូវគេច្នៃឡើងសម្រាប់គ្នាយើងមានជំងឺលើសឈាម សម្បូរទៅដោយអាហារូបត្ថម្ភល្អៗ និងខ្លាញ់ល្អ ដែលអាចជួយសុខភាពបេះដូងដំណើរការល្អ និងរក្សាកុំឲ្យឡើងសម្ពាធឈាម។ រីឯរបបអាហារ Mediterranean diet គឺជារបបអាហារដែលពលរដ្ឋនៅតំបន់នោះនិយមប្រើ ជួយសុខភាពបានល្អដូចគ្នា។
តាមរយៈរបបអាហារ DASH និង Mediterranean diet គឺអាចជួយយើងសម្រេចបានគោលដៅញ៉ាំអាហារមានសុខភាពល្អ ដោយផ្តោតសំខាន់ទៅលើពពួកអាហារមានកម្រិតសូដ្យូមទាប ពិសេសរបបអាហារទាំងនេះ គឺបានកំណត់ពីការញ៉ាំអាហារកែច្នៃ ឬអាហារកំប៉ុង ដែលសុទ្ធសឹងមានផ្ទុកសារធាតុជាច្រើនប៉ះពាល់ដល់ចរន្តឈាម បង្កហានិភ័យកាន់តែខ្ពស់ទៅលើសុខភាពបេះដូង។
ដើម្បីច្បាស់ពីរបបអាហារខាងលើ គ្នាយើងអាចប្រឹក្សាបន្ថែមជាមួយគ្រូពេទ្យ ឬអ្នកជំនាញរបបអាហារសុខភាព ដើម្បីទទួលបានផែនការញ៉ាំអាហារល្អសក្តិសមសម្រាប់ខ្លួនយើង។
អត្ថបទពាក់ព័ន្ធ៖
- ទម្លាប់ញ៉ាំឆ្អែតភ្លាម ទម្រេតខ្លួនគេងភ្លាម គ្រោះថ្នាក់បំផុត
- ឧស្សាហ៍ងងុយខ្លាំងក្រោយបាយថ្ងៃត្រង់ អាចសាកដោះស្រាយតាមតិចនិកទាំងនេះបាន
- ក្រោកពីគេងហើមភ្នែក លែងស្អាត អាចសាកបំបាត់ដោយវិធីធម្មជាតិទាំងនេះវិញ
- វីតាមីន និងរ៉ែសំខាន់ៗទាំងនេះ ជួយដោះស្រាយបញ្ហាដំណេក
២- រៀបចំអាហារសម្បូរសារធាតុចិញ្ចឹម
គ្នាយើង ក៏មិនចាំបាច់ធ្វើតាមការណែនាំពីរបបអាហារជាក់លាក់ណាមួយទាំងស្រុងនោះដែរ។ ជម្រើសមួយទៀត អាចសិក្សាពីអាហារណា ប៉ះពាល់ដល់សុខភាពយើង ដកវាចេញពីរបបអាហារប្រចាំថ្ងៃ ដើម្បីបង្កើតជម្រើសអាហារវ័យឆ្លាតបំផុតសម្រាប់បេះដូង។
ដើម្បីជួយឲ្យរាងកាយទទួលបានសារធាតុចិញ្ចឹមចាំបាច់ដែលយើងត្រូវការ សំខាន់បំផុត ត្រូវញ៉ាំឲ្យបានច្រើនមុខ ដែលសម្បូរវីតាមីន ជាតិរ៉ែ ជាតិកាកសរសៃ និងសារធាតុចិញ្ចឹមគោលសំខាន់ៗជាច្រើនទៀត។ មួយវិញទៀត វារឿងល្អបំផុតគ្នាយើងត្រូវដឹងពីការកំណត់ញ៉ាំអាហារដែលមានផ្ទុកកាឡូរីខ្ពស់ បែរជាមានសារធាតុចិញ្ចឹមទាបទៅវិញ។
យោងតាមការណែនាំពីសមាគមបេះដូងអាមេរិក AHA របបអាហារល្អបំផុតសម្រាប់សុខភាពបេះដូង មានដូចជា៖
– បន្លែ ផ្លែឈើ
– សណ្តែកសៀង និងពពួកសណ្តែកកួរផ្សេងទៀត
– គ្រាប់ធញ្ញជាតិ
– ធញ្ញជាតិទាំងមូល
ទោះជាយ៉ាងណា យើងអាចបន្ថែមអាហារមានរសជាតិឆ្ងាញ់ផ្សេងទៀតចូលក្នុងរបបអាហារខាងលើ ដូចជា៖
– គ្រឿងសមុទ្រ
– សាច់បក្សីអត់ស្បែក
– ផលិតផលទឹកដោះគោគ្មានជាតិខ្លាញ់។
ជម្រើសផ្សេងទៀត AHA ក៏ណែនាំឲ្យធ្វើការកម្រិតពពួកអាហារមួយចំនួន ដូចជា សាច់ក្រហម បង្អែម និងអាហារណាដែលសម្បូរខ្លាញ់មិនល្អ និងសារធាតុមួយចំនួន ដូចជា saturated fat, trans fat កូលេស្តេរ៉ូល ជាតិសូដ្យូម និងជាតិស្ករចម្រាញ់។
៣- កាត់បន្ថយកម្រិតជាតិសូដ្យូម
នៅពេលយើងញ៉ាំអាហារប្រៃ ឬជាតិសូដ្យូម វានឹងធ្វើឲ្យរាងកាយកាត់តែកើតសារធាតុរាវ នៅពេលសារធាតុរាវទាំងនោះកើនពេញខ្លួនយើង នាំឲ្យសម្ពាធឈាមកើនឡើងដូចគ្នា ជាមូលហេតុប៉ះពាល់ដល់សុខភាពបេះដូង។
ក្នុងករណីខ្សោយបេះដូង ការញ៉ាំអាហារមានជាតិសូដ្យូម ជារឿងសំខាន់ត្រូវតែកំណត់ឲ្យបានត្រឹមត្រូវ ព្រោះសារធាតុនេះ នឹងធ្វើឲ្យរោគសញ្ញាខ្សោយបេះដូងកាន់តែធ្ងន់ធ្ងរ។ នៅពេលអូសបន្លាយពេលកាន់តែយូរ វានឹងបន្តប៉ះពាល់ទៅដល់តម្រងនោមថែមទៀត។
ដើម្បីជួយគ្រប់គ្រងជំងឺខ្សោយបេះដូងឲ្យបានល្អ វេជ្ជបណ្ឌិតនឹងលើកទឹកចិត្តយើង អនុវត្តរបបអាហារមានជាតិសូដ្យូមកម្រិតទាប មិនត្រូវលើពី ២ ក្រាម/ថ្ងៃនោះឡើយ ប៉ុន្តែវាក៏អាស្រ័យទៅលើលក្ខខណ្ឌសុខភាពបេះដូងយើងជាក់ស្តែងដូចគ្នា។
អាហារសម្បូរជាតិសូដ្យូម មានដូចជា អាហារសមុទ្រ ស្បែកសត្វ សាច់ក្រហម ផលិតផលពីទឹកដោះ និងផលិតផលពីរុក្ខជាតិ។ ប៉ុន្តែប្រភពដ៏ច្រើននៃជាតិសូដ្យូម គឺអំបិលនេះឯង ដែលជាធម្មតា គ្រប់អាហារចម្អិនទាំងអស់ សុទ្ធតែមានប្រើអំបិលជាគ្រឿងផ្សំ។
៤- តិចនិកកាត់បន្ថយជាតិសូដ្យួម
ដើម្បីអាចកាត់បន្ថយញ៉ាំជាតិសួដ្យូមប្រកបដោយប្រសិទ្ធភាព គ្នាយើងចៀសវាង ឬកម្រិតការញ៉ាំអាហារកែច្នៃ និងអាហារកំប៉ុង (ឆ្អិនស្រាប់) ហើយមុនពេលទិញអាហារទាំងនេះមកញ៉ាំ ត្រូវអានការណែនាំ និងពីនិត្យសារធាតុចិញ្ចឹមនៅលើសម្បក ត្រូវជ្រើសយកអាហារមានបញ្ជាក់ថា កម្រិតសូដ្យូមទាប។
៥- កម្រិតការផឹកសារធាតុរាវ
បើគ្នាយើងមានជំងឺខ្សោយបេះដូង វេជ្ជបណ្ឌិតនឹងណែនាំឲ្យយើងកត់សម្គាល់កម្រិតសារធាតុរាវយើងផឹកប្រចាំថ្ងៃ។ ពិតណាស់ យើងត្រូវផឹកទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីកុំឲ្យខ្វះជាតិទឹកក្នុងខ្លួន ប៉ុន្តែបើផឹកសារធាតុរាវច្រើនពេក ក៏ធ្វើឲ្យសម្ពាធឈាមយើងឡើងខ្ពស់ ប៉ះពាល់ភ្លាមៗទៅលើបេះដូងយើង ដែលកំពុងតែខ្សោយស្រាប់។
៦- កម្រិតការផឹកគ្រឿងស្រវឹង
ដើម្បីការពារសុខភាពបេះដូង និងសរសៃឈាមដំណើរការបានល្អ ពេទ្យច្បាស់ជាប្រាប់យើងមិនឲ្យផឹកគ្រឿងស្រវឹងច្រើនពេកនោះទេ ព្រោះអាចកើនហានិភ័យគាំងបេះដូងគ្រប់ពេល ក៏ដូចជាដាច់សរសៃឈាមខួរក្បាល និងបញ្ហាសុខភាពផ្សេងទៀត។
[embed-health-tool-bmr]