ផ្លែប៉េសជាកំពូលផ្លែឈើសម្បូរទៅដោយវីតាមីន A និង C ដែលមានប្រសិទ្ធភាពជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយឲ្យស្បែករបស់យើងមានសុខភាពល្អ ព្រមទាំងជំនួយដល់សុខភាពភ្នែកផងដែរ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ទាំង៥ នៃផ្លែប៉េស។
១. សម្រកទម្ងន់
ពិតណាស់ ផ្លែប៉េសជាប្រភពនៃអាហារជាតិសរសៃ ដែលមានសមត្ថភាពជួយដល់ការសម្រកទម្ងន់។ បន្ថែមពីនេះ វាក៏ជួយទប់ស្កាត់ការកើនឡើងនៃកូលេស្តេរ៉ូល សម្ពាធឈាម និងជាតិស្ករក្នុងឈាម។ ការញ៉ាំអាហារជាតិសរសៃ ក៏អាចផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដល់រាងកាយរបស់យើងផងដែរ។
២. បង្ការជំងឺមហារីក
ជាមួយគ្នានេះដែរ គ្នាយើងក៏អាចបង្ការជំងឺមហារីកដ៏កាចសាហាវ ដោយការញ៉ាំផ្លែប៉េស។ យោងតាមការសិក្សាមួយបានបង្ហាញថា សារធាតុPolyphenols ដែលមាននៅក្នុងផ្លែប៉េសអាចរារាំងកោសិកាមហារីកសុដន់យ៉ាងស័ក្ដិសិទ្ធ។ ជាងនេះទៅទៀត ផ្លែប៉េសក៏ផ្ទុកអាស៊ីដ Caffeic ដែលអាចការពារប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ ដោយកាត់បន្ថយការលូតលាស់នៃជំងឺមហារីក។
៣. ជួយឲ្យស្បែកមានសុខភាពល្អ
វីតាមីន C ដែលមាននៅក្នុងផ្លែប៉ែសក៏អាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញ ធ្វើឲ្យស្បែកស្រស់ថ្លា និងការពារស្បែកពីកម្ដៅព្រះអាទិត្យ ក៏ដូចជាជាតិពុលផ្សេងៗ។ ម្យ៉ាងវិញទៀត វីតាមីន C ក៏មានសមត្ថភាពព្យាបាលស្បែកខូច និងការពារភាពចាស់នៃស្បែក ដែលបណ្ដាលមកពីកម្ដៅព្រះអាទិត្យ។
៤. ពង្រឹងសុខភាពបេះដូង
ផ្លែប៉េសក៏មានសមាសធាតុផ្សំនៃBioactive compounds ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ យោងតាមការសិក្សាមួយបានឲ្យដឹងថា ការញ៉ាំទឹកផ្លែឈើស្រស់ដែលសំបូរសារធាតុPolyphenolsដូចជាផ្លែប៉េស អាចកាត់បន្ថយកត្តាហានិភ័យនៃជំងឺសរសៃឈាមបេះដូងបានយ៉ាងស័ក្ដិសិទ្ធិ។
៥. ជួយដល់ប្រព័ន្ធរំលាយអាហារ
ជាតិសរសៃនៅក្នុងផ្លែប៉េស អាចជួយគ្រប់គ្រង និងធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់យើងប្រសើរឡើង។ លើសពីនេះ វាក៏ដើរតួនាទីជាថ្នាំបញ្ចុះធម្មជាតិ ដែលល្អបំផុតក្នុងការសម្អាតតម្រងនោម និងប្លោកនោមរបស់យើងដូចគ្នា។
[embed-health-tool-bmi]