backup og meta

ស្ពៃក្ដោបសម្បូរដោយវីតាមីន និងជាតិរ៉ែល្អសម្រាប់សុខភាព

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 03, 2020

    ស្ពៃក្ដោបសម្បូរដោយវីតាមីន និងជាតិរ៉ែល្អសម្រាប់សុខភាព

    ស្ពៃ​ក្ដោប​តែង​ត្រូវ​គ្នា​យើង​មួយ​ចំនួន​មើល​រំលង​ទោះបីជា​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ក៏ដោយ​។ ស្ពៃក្ដោប​មាន​ពណ៌​ជា​ច្រើន​ដូចជា​ពណ៌​ស្វាយ ពណ៌​ស និង​ពណ៌​បៃតង​ជាដើម។ ដោយ​ស្ពៃក្តោប​សម្បូរ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ​ច្រើន​ ស្ពៃក្ដោប​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព។

    . គ្រប់គ្រង​ការ​រលាក

    ការ​រលាក​មិន​មែន​សុទ្ធ​តែ​អាក្រក់​ទេ។ តាម​ពិត​ទៅ​រាងកាយ​របស់​យើង​ពឹង​ផ្អែក​លើ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រលាក​ដើម្បី​ការពារ​​ការ​ឆ្លង​រោគ និង​ជួយ​ដល់​ការ​ជា​សះស្បើយ​ឲ្យ​កាន់តែ​លឿន។ ការ​រលាក​ស្រាលគឺ​ជា​រឿង​ធម្មតា​នៃ​ការ​ឆ្លើយ​តប​ទៅ​នឹង​របួស ឬ​ការ​ឆ្លង​ជំងឺ​អ្វី​មួយ។ យ៉ាងណាមិញ ការ​រលាក​រ៉ាំរ៉ៃ​អាច​បង្ក​ជំងឺ​ផ្សេងៗ​ដូចជា​ជំងឺ​បេះដូង ជំងឺរលាកសន្លាក់​រ៉ាំរ៉ៃ និង​ជំងឺ​រលាក​ពោះវៀន។ ស្ពៃក្ដោប​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ដែល​អាច​កាត់បន្ថយ​ការ​រលាក​រ៉ាំ​រ៉ៃ​បាន។ ការ​សិក្សា​មួយ​ដែល​មាន​អ្នក​ចូលរួម​ជាង​១ ០០០​នាក់​បង្ហាញ​ថា​អ្នក​ដែល​ញ៉ាំ​ស្ពៃ​ក្ដោប​ក្នុង​បរិមាណ​ច្រើន​​បាន​បញ្ចុះ​កម្រិត​ការ​រលាក​បាន​ច្រើន​បើ​ធៀប​នឹង​អ្នក​ញ៉ាំ​ស្ពៃក្ដោប​តិចតួច។

    . សម្បូរ​ដោយ​វីតាមីន C

    វីតាមីន C ត្រូវ​បាន​ស្គាល់​ថា​ជា​អាស៊ីដ ascorbic ដែល​ជា​វីតាមីន​រលាយ​ក្នុង​ទឹក​ និង​​មាន​សារៈសំខាន់​សម្រាប់​រាងកាយ។ រាងកាយ​ត្រូវការ​វីតាមីន C ដើម្បី​ផលិត​ខូឡាជេន​ដែល​ជា​ប្រូតេអ៊ីន​ច្រើន​បំផុត​ក្នុង​រាងកាយ។ ខូឡាជេន​ផ្តល់​រចនាសម្ព័ន្ធ និង​ភាព​បត់បែន​ដល់​ស្បែក ហើយ​ខូឡាជេន​មាន​តួនាទី​សំខាន់​សម្រាប់​ដំណើរការ​របស់​ឆ្អឹង សាច់ដុំ និង​សរសៃឈាម។ បន្ថែម​ពី​នេះ​ទៀត​ វីតាមីន C ជួយ​រាងកាយ​ស្រូប​យក​ជាតិដែក non-heme ដែល​មាន​ក្នុង​រុក្ខជាតិ។ វីតាមីន C ក៏​ជួយ​ការពារ​រាងកាយ​ពី​ការ​ខូចខាត​បង្ក​ដោយ​ពពួក​រ៉ាឌីកាល់​សេរី​ដែល​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន​ដូចជា​ជំងឺ​មហារីក​ជា​ដើម។ ទោះបីជា​មិន​ទាន់​ការ​សិក្សា​ណា​បញ្ជាក់​ច្បាស់​ពី​ឥទ្ធិពល​វីតាមីន C ទៅ​លើ​ជំងឺ​មហារីក​ដោយ​ផ្ទាល់​ក៏​ដោយ​ ប៉ុន្តែ​គេ​ច្បាស់​ថា​វីតាមីន C មាន​​តួនាទី​សំខាន់​ក្នុង​ដំណើរការ​សំខាន់ៗ​របស់​រាងកាយ។

    . ជួយ​ដល់​ការ​រំលាយ​អាហារ

    ការ​ញ៉ាំ​ស្ពៃ​ក្ដោប​អាច​ជួយ​ឲ្យ​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​កាន់តែ​ល្អ​ព្រោះ​ស្ពៃ​ក្ដោប​សម្បូរ​ដោយ​ជាតិ​សរសៃ​មិន​រលាយ​ដែល​ជា​កាបូអ៊ីដ្រាត​មួយ​ប្រភេទ​ដែល​មិន​អាច​បំបែក​បាន​ក្នុង​ពោះវៀន។ ជាតិសរសៃ​មិន​រលាយ​នេះ​អាច​ជួយ​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​មាន​សុខភាព​ល្អ​ដោយ​ជួយ​ដល់​ការ​បន្ទោរបង់​ឲ្យ​បាន​ទៀងទាត់។ លើស​ពី​នេះ​ទៀត ស្ពៃក្ដោប​ក៏​មាន​ជាតិសរសៃ​រលាយ​ដែល​អាច​បង្កើន​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​។ បាក់តេរី​ល្អ​ទាំង​នេះ​មាន​មុខងារ​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ផលិត​សារធាតុចិញ្ចឹម​សំខាន់​ដូចជា​វីតាមីន K2 និង​B12

    . សុខភាព​បេះដូង

    ស្ពៃក្ដោប​ពណ៌​ក្រហម​ផ្ទុក​សារធាតុ anthocyanin ដែល​ផ្តល់​ជាតិ​ពណ៌​ដល់​ស្ពៃក្ដោប។ ការសិក្សា​មួយ​ដែល​មាន​អ្នក​ចូលរួម​ ​៩៣ ៦០០​នាក់​បាន​រក​ឃើញ​ថា​អ្នកដែល​ញ៉ាំ​អាហារ​សម្បូរ​ដោយ​សារធាតុ anthocyanin មាន​ហានិភ័យ​ទាប​ជំងឺគាំង​បេះដូង។ ការ​បង្កើន​ការ​ញ៉ាំ​អាហារ​ដែល​មាន​សារធាតុ anthocyanin បាន​បង្ហាញ​ថា​អាច​កាត់បន្ថយ​សម្ពាធឈាម និង​ហានិភ័យ​ជំងឺ​សរសៃ​ឈាម​បេះដូង។ ម៉្យាងទៀត ការរលាក​គឺ​ជា​កត្តា​មួយ​នៃ​ការ​វិវត្ត​ជំងឺ​បេះដូង ហើយ​សារធាតុ anthocyanin អាច​ប្រឆាំង​នឹង​ការ​រលាក​បាន។

    . បញ្ចុះ​សម្ពាធឈាម

    លើស​សម្ពាធឈាម​គឺ​ជា​កត្តា​ហានិភ័យ​ចម្បង​នៃ​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។ គ្រូពេទ្យ​តែង​ណែនាំ​ឲ្យ​អ្នក​ជំងឺ​លើស​សម្ពាធឈាម​បន្ថយ​ការ​ញ៉ាំ​អំបិល។ ប៉ុន្តែ​ការសិក្សា​ថ្មីៗ​នេះ​បង្ហាញ​ថា​ការ​បង្កើន​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ប៉ូតាស្យូម​ក៏​សំខាន់​ក្នុង​ការ​បញ្ចុះ​សម្ពាធឈាម​ដែរ។ ប៉ូតាស្យូម​គឺ​ជា​ជាតិរ៉ែ​ និង​អេឡិចត្រូលីត​សំខាន់​ដែល​រាងកាយ​ត្រូវ​ការ​ដើម្បី​ដំណើរការ​។ មុខងារ​សំខាន់​របស់​ប៉ូតាស្យូម​គឺ​ជួយ​រក្សា​លំនឹង​សម្ពាធឈាម​ដោយ​ប្រឆាំង​នឹង​ផល​ប៉ះពាល់​របស់​សូដ្យូម​ក្នុង​រាងកាយ។ ប៉ូតាស្យូម​ជួយ​បញ្ចេញ​សូដ្យូម​ដែល​លើស​ចេញ​ពី​រាងកាយ​តាមរយៈ​ទឹកនោម និង​សម្រួល​សរសៃ​ឈាម​ដែល​អាច​បញ្ចុះ​សម្ពាធឈាម​បាន។ ប៉ូតាស្យូម និង​សូដ្យូម​សុទ្ធ​តែ​សំខាន់​សម្រាប់​សុខភាព ប៉ុន្តែ​របប​អាហារ​បច្ចុប្បន្ន​ច្រើន​តែ​មាន​សូដ្យូម​ច្រើន​​ជាង​ប៉ូតាស្យូម។ យ៉ាងណាមិញ ស្ពៃ​ក្ដោប​គឺ​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​ប៉ូតាស្យូម។

    . បញ្ចុះ​កូលេស្តេរ៉ូល

    ស្ពៃ​ក្ដោប​មាន​សារធាតុ​២​ដែល​បន្ថយ​កម្រិត​ខ្លាញ់​អាក្រក់ (LDL)

    • ជាតិសរសៃ​រលាយ​អាច​ជួយ​បញ្ចុះ​កម្រិត​ខ្លាញ់​អាក្រក់​ដោយ​ភ្ជាប់​ជាមួយ​នឹង​កូលេស្តេរ៉ូល​ក្នុង​ពោះវៀន និង​រក្សា​ជាតិខ្លាញ់​ទាំងនោះ​មិន​ឲ្យ​ជ្រាប​ចូល​ទៅ​ក្នុង​ឈាម។
    • សារធាតុ phytosterol មាន​ក្នុង​ស្ពៃ​ក្ដោប​អាច​កាត់បន្ថយ​កម្រិត​ខ្លាញ់​អាក្រក់ LDL ដោយ​រារាំង​ការ​ស្រូប​យក​ជាតិខ្លាញ់​នៅក្នុង​ក្រពះពោះវៀន។

    . សម្បូរ​ដោយ​វីតាមីន K

    វីតាមីន K មាន​តួនាទី​សំខាន់​ក្នុង​រាងកាយ​ដោយ​ដើរ​តួ​ជា​ជំនួយ​ដល់​អង់ស៊ីម​ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​បង្កក​ឈាម។ បើ​គ្មាន​វីតាមីន K ឈាម​អាច​នឹង​បាត់បង់​សមត្ថភាព​ក្នុង​ការ​កក​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ហូរ​ឈាម​ច្រើន។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 03, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម