បឺរសណ្ដែកដី (peanut butter) សម្បូរវីតាមីន ជាតិរ៉ែ ខ្លាញ់ល្អ និងសារធាតុផ្សេងៗដែលរាងកាយត្រូវការដោយយើងគ្រាន់តែញ៉ាំក្នុងកម្រិតសមរម្យ។ បឺរសណ្ដែកដីមានប្រយោជន៍ដល់ការសម្រកទម្ងន់ បង្ការជំងឺមហារីកសុដន់ និងកាត់បន្ថយអាការៈគេងមិនលក់។
១. ជំងឺមហារីកសុដន់
ប្រូតេអ៊ីន និងខ្លាញ់មានក្នុងបឺរសណ្ដែកដីអាចកាត់បន្ថយហានិភ័យជំងឺមហារីកសុដន់បាន នេះបើយោងតាមការសិក្សាធ្វើឡើងដោយមូលនិធិស្រាវជ្រាវជំងឺមហារីកសុដន់ និងវិទ្យាស្ថានជាតិសុខាភិបាលសហរដ្ឋអាមេរិក។
២. សម្រកទម្ងន់
មនុស្សមួយចំនួនមិនញ៉ាំបឺរសណ្ដែកដីដោយគិតថាមានជាតិខ្លាញ់ច្រើន។ ប៉ុន្តែតាមពិតទៅបឺរសណ្ដែកដីសម្បូរដោយប្រូតេអ៊ីន ជាតិសរសៃ និងសារធាតុចិញ្ចឹម។ ម៉្យាងទៀត ការញ៉ាំបឺរសណ្ដែកដីមិនបង្កឲ្យមានបម្រែបម្រួលកម្រិតជាតិស្ករក្នុងឈាមទេ។ យើងអាចញ៉ាំ២ស្លាបព្រាកាហ្វេ ចំនួនពីរដងក្នុងមួយសប្ដាហ៍ដើម្បីបង្ការការឡើងទម្ងន់។
៣. កាត់បន្ថយស្ត្រេស
បឺរសណ្ដែកដីផ្ទុកសារធាតុ beta-sitosterol ដែលអាចជួយរក្សាកម្រិតអ័រម៉ូនស្ត្រេស cortisol ឲ្យនៅកម្រិតធម្មតា។ ម៉្យាងទៀត បឺរសណ្ដែកដីអាចជួយបំពេញជាតិខ្លាញ់ សារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិដែក ម៉ាញ៉េស្យូម កាល់ស្យូម និងវីតាមីន C ក្នុងរាងកាយដែលខ្វះសារធាតុទាំងនេះ និងជួយឲ្យយើងមានអារម្មណ៍ល្អជាងមុន។
៤. ខួរក្បាល និងការចងចាំ
វីតាមីន E ស័ង្កសី ម៉ាញ៉េស្យូម និង niacin ក្នុងសណ្ដែកដីជួយទ្រទ្រង់ដល់សកម្មភាពខួរក្បាល។ វីតាមីន E ក៏ជួយដល់ការចងចាំ ជាពិសេសសម្រាប់មនុស្សចាស់។ គេរកឃើញថាបឺរសណ្ដែកដីអាចជួយដល់អាការៈជំងឺបាត់ការចងចាំរបស់មនុស្សចាស់ (Alzheimer’s disease) បានផងដែរ។
៥. ជួយសាច់ដុំក្រោយពេលហាត់ប្រាណ
បឺរសណ្ដែកដីគឺជាអាហារល្អសម្រាប់មុន និងក្រោយពេលហាត់ប្រាណ។ ខ្លាញ់ និងកាបូអ៊ីដ្រាតរបស់វាអាចផ្តល់ថាមពលគ្រប់គ្រាន់សម្រាប់ការហាត់ប្រាណ។ ម៉្យាងទៀត បឺរសណ្ដែកដីក៏សម្បូរបូ៉តាស្យូមដែលមានតួនាទីសំខាន់សម្រាប់សាច់ដុំក្នុងការជាសះស្បើយ។ បន្ថែមពីនេះទៀតនៅអាចបង្ការយើងពីអាការៈឈឺសាច់ដុំ និងរមួលក្រពើ ដែលនាំឲ្យការហាត់ប្រាណរបស់យើងមានភាពប្រសើរឡើង។
៦. គ្រប់គ្រងសម្ពាធឈាម
ប៉ូតាស្យូមគឺអាចបញ្ចុះសម្ពាធឈាមបាន ហើយប្រសិទ្ធភាពនេះមានការជួយពីម៉ាញ៉េស្យូមដែលសណ្ដែកដីសម្បូរ។ ដើម្បីទទួលបានប្រយោជន៍ យើងគួរជ្រើសរើសបឺរសណ្ដែកដីដែលមិនមានអំបិល។
៧. ជំងឺទឹកនោមផ្អែម
បឺរសណ្ដែកដីក៏ជួយកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែមដែរ។ នេះមកពីសណ្ដែកដីសម្បូរខ្លាញ់ដែលជាខ្លាញ់មិនឆ្អែត និងល្អសម្រាប់សុខភាព។ ខ្លាញ់ទាំងនេះអាចជួយរក្សាលំនឹងជាតិស្ករ និងអាំងស៊ុយលីនដែរ។ ការសិក្សាធ្វើឡើងដោយសាកលវិទ្យាល័យ Harvard បានរកឃើញថាស្ត្រីដែលញ៉ាំបឺរសណ្ដែកដីជាប្រចាំអាចបន្ថយហានិភ័យជំងឺទឹកនោមផ្អែម ២១% បើប្រៀបធៀបនឹងអ្នកមិនដែលញ៉ាំសោះ។
៨. គេងលក់ស្រួល
សណ្ដែកដីមានអាស៊ីដអាមីណូឈ្មោះ tryptophan ដែលជំរុញអ័រម៉ូនដំណេកមេឡាតូនីន (melatonin) និងអ័រម៉ូនជួយឲ្យអារម្មណ៍ល្អ serotonin។ អាស៊ីដអាមីណូ tryptophan ជួយបន្ធូរអារម្មណ៍ ពន្យឺតដំណើរការរាងកាយ និងជួយឲ្យគេងលក់ស្រួល។ យើងមិនចាំបាច់ញ៉ាំច្រើនទេ គ្រាន់តែញ៉ាំ២ស្លាបព្រាបាយគឺគ្រប់គ្រាន់ហើយ។
[embed-health-tool-bmr]