សាឡាដមានច្រើនប្រភេទ ហើយមានរសជាតិ រូបរាង កម្រិតស្រួយ និងសារធាតុចិញ្ចឹមខុសៗគ្នា។ តើសាឡាដនៅទីផ្សារយើងមានប៉ុន្មានប្រភេទ ហើយមានប្រយោជន៍អ្វីខ្លះដល់សុខភាព?
សាឡាដមានច្រើនប្រភេទ តែសាឡាដដែលពេញនិយមនៅទីផ្សារយើងមាន ៥ ប្រភេទគឺ៖
១. សាឡាដស្លឹក
សាឡាត់ស្លឹកដុះជាគុម្ភ និងមានស្លឹកលាចេញពីគ្នា ហើយស្លឹកអាចក្រាស់ ស្តើង ឬរួញ និងមានពណ៌បៃតង ឬបៃតងលាយក្រហម ហើយមានរសជាតិស្រាល ឬហឹរតិចៗ។
២. សាឡាដរ៉ូម៉ែន
សាឡាដរ៉ូម៉ែនក៏ដុះជាគុម្ភដែរ មានស្លឹកវែងៗរាងក្តោបចូលគ្នា។ ស្លឹកស្រទាប់ខាងក្រៅមានពណ៌បៃតង ឯស្លឹកស្រទាប់ខាងក្នុងមានពណ៌បៃតងលាយស។ សាឡាដរ៉ូម៉ែនស្រួយ និងមានរសជាតិផ្អែមស្រទន់ ។
៣. សាឡាដទឹកកក
សាឡាដទឹកកកមានរូបរាងស្រដៀងស្ពៃក្តោប រឹង ស្រួយជាងសាឡាដរ៉ូម៉ែន និងមានជាតិទឹកច្រើន។
៤. សាឡាដអាហ្គូឡា (Arugula)
សាឡាដអាហ្គូឡា ឬសាឡាដរ៉ូកែតមានរសជាតិហិរតិចៗ។ យើងឧស្សាហ៍ឃើញសាឡាដនេះនៅក្នុងម្ហូបអ៊ីតាលី និងនៅលើភីហ្សា។
៥. សាឡាដអែនដាយ (Endive)
សាឡាដអែនដាយ ឬសាឡាដ Frisée ដុះជាគុម្ភមានស្លឹកវែងតូចៗ រាងក្រញាញ់ អាចមានរសជាតិល្វីងបន្តិច ហើយជាទូទៅយើងប្រើតុបតែងលើម្ហូប។
សាឡាដជាបន្លែដែលមានកាឡូរីទាប និងផ្ទុកទៅដោយសារធាតុចិញ្ចឹមដូចជា៖
- ជាតិសរសៃ៖ ជួយសម្រួលដល់ការបន្ទោរបង់ និងជួយកាត់បន្ថយល្បឿនបំប្លែងអាហារដែលធ្វើឱ្យយើងឆ្អែតបានយូរ។
- វីតាមីន A៖ ជាសាធាតុប្រឆាំងអុកស៊ីតកម្មដែលល្អចំពោះសុខភាពស្បែក និងភ្នែករបស់យើង ហើយអាចជួយការពារយើងពីជំងឺមហារីកសួត និងមាត់ធ្មេញទៀតផង។
- វីតាមីន-K៖ មាននាទីជួយបង្កើនម៉ាសឆ្អឹងដោយជួយជំរុញសកម្មភាពបំប្លែងកាល់ស្យូមនៅក្នុងកោសិកាឆ្អឹង។ ម្យ៉ាងទៀត វីតាមីន-K មាននាទីជួយឱ្យឈាមយើងឆាប់កក ពេលមានរបួសហូរឈាម និងទប់ស្កាត់ការខូចសរសៃប្រសាទនៅក្នុងខួរក្បាលដែលបង្កឱ្យយើងមានជំងឺចាស់វង្វេង។
- កាល់ស្យូម៖ ជួយឱ្យឆ្អឹងរឹងមាំ មានសុខភាពល្អ និងការពារយើងពីជំងឺពុកឆ្អឹង។
- ហ្វូឡាត (វីតាមីន B9)៖ មាននាទីជួយកាត់បន្ថយសម្ពាធឈាមដែលអាចកាត់បន្ថយជំងឺសរសៃឈាមបេះដូង និងដាច់សរសៃឈាមខួរក្បាល ព្រមទាំងជួយទប់ស្កាត់ពិការភាពពីកំណើតរបស់ទារកក្នុងផ្ទៃដូចជា ជំងឺឆ្អឹងកងខ្នងបិទមិនជិត ឬខ្សោយប្រាជ្ញាជាដើម។
- វីតាមីន C៖ ជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយពង្រឹងប្រព័ន្ធភាពសុំា និងជួយកម្ចាត់រ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ និងប្រឆាំងនឹងការរលាកក្នុងរាងកាយយើង។ វីតាមីន C ក៏ជួយឱ្យស្បែកស្អាត និងមានសុខភាពល្អដែរ។
- ប៉ូតាស្យូម៖ គឺជាសមាសធាតុសំខាន់របស់សារធាតុរាវក្នុងកោសិកា និងរាងកាយដែលជួយគ្រប់គ្រងចង្វាក់បេះដូង និងសម្ពាធឈាម។
- ទង់ដែង៖ រាងកាយយើងត្រូវការទង់ដែងដើម្បីផលិតកោសិកាឈាមក្រហម។
- ជាតិដែក៖ មានសារៈសំខាន់ក្នុងការបង្កើតកោសិកាឈាមក្រហម និងការពារយើងពីជំងឺស្លេកស្លាំងដោយសារកង្វះជាតិដែក ។
សាឡាត់ទឹកកកមានសារធាតុចិញ្ចឹមតិចជាងគេក្នុងចំណោមសាឡាដទាំងអស់។ សាឡាដដែលមានស្លឹកពណ៌បៃតងកាន់តែចាស់កាន់តែមានសារធាតុចិញ្ចឹមច្រើន។
[embed-health-tool-bmr]