គ្នាយើងភាគច្រើនដែលទៅលេងខេត្តសៀមរាបប្រហែលជាធ្លាប់ស្គាល់ និងបានដឹងអំពីចេកល័ក្ដ ឬចេកក្រហមនេះហើយ។ ចេកល័ក្ដ ឬចេកក្រហមអាចថាមិនសូវពេញនិយម ប៉ុន្តែវាមានរសជាតិផ្អែមជាងចេកលឿងធម្មតា។ ចេកក្រហមក៏មានក្លិនក្រអូបប្រហាក់ប្រហែលនឹងផ្លែចេកអំបូងដែរ។ បើយោងតាមអ្នកជំនាញសុខភាពចេកពណ៌ក្រហមល្អសម្រាប់សុខភាពជាងចេកធម្មតា និងមានជីវជាតិខុសៗគ្នា។
១. ប្រយោជន៍ចំពោះតម្រងនោម
ចេកក្រហមមានសារធាតុប៉ូតាស្យូមជួយគ្រប់គ្រង មិនឲ្យកើតក្រួសនៅក្នុងតម្រងនោម។ អ្វីដែល គួរឱ្យចាប់អារម្មណ៍នោះគឺថាការញ៉ាំចេកក្រហមជាប្រចាំអាចជួយការពារជំងឺបេះដូងនិងមហារីកទៀតផង។ ម្យ៉ាងទៀតវាអាចរក្សាជាតិកាល់ស្យូម និងធ្វើឲ្យប្រសើរឡើងនូវសុខភាពឆ្អឹង។
២. ជួយសុខភាពស្បែក
ការញ៉ាំចេកក្រហមជាប្រចាំអាចជួយជម្រះរន្ធញើសលើស្បែក និងអាចជារបាំងស្បែកជួយរក្សាស្បែកឲ្យទន់ និងតឹងណែន។ ចេកប្រភេទ នេះ សម្បូរជាតិទឹក និងសារធាតុប្រឆាំងអុកស៊ីតកម្ម ផ្ដល់សំណើមដល់ស្បែក និងការពារកុំឱ្យស្បែកស្ងួត និងរបក។
៣. ប្រយោជន៍ចំពោះឈាម
ចេកល័ក្ដ ក៏មានផ្ទុកវីតាមីន B-6 ដែលជួយបង្កើនគុណភាពឈាម និងបង្កើនចំនួនអេម៉ូក្លូប៊ីនផងដែរ។ក្រៅពីនេះ ក៏ជួយផ្លាស់ប្តូរទ្រីប៉ូតូផាន(tryptophan) ទៅជាសេរ៉ូតូនីនផងដែរ។ បើយោងតាមអ្នកជំនាញ អ្នកមានបញ្ហាស្លេកស្លាំងគួរតែញ៉ាំចេកក្រហមពី២ ទៅ ៣ផ្លែជារៀងរាល់ថ្ងៃ ដើម្បីបង្កើនចំនួន កោសិកាឈាមក្រហម។
៤. ព្យាបាលការទល់លាមក
ដោយយើងដឹងថាផ្លែចេកគឺល្អចំពោះការដោះស្រាយបញ្ហាទល់លាមក។ អ្នកជំនាញអះអាងថាអ្នកដែលមានជំងឺឫសដូងបាតគឺកើតឡើងដោយសារតែមានបញ្ហាការទល់លាមករ៉ាំរ៉ៃ។ ដូច្នេះចេកក៏មានប្រយោជន៍ក្នុងការព្យាបាលបញ្ហាទល់លាមកផងដែរ។ជាការណែនាំយើងគួរញ៉ាំចេកក្រហមមួយផ្លែបន្ទាប់ពីអាហារថ្ងៃត្រង់ជារៀងរាល់ថ្ងៃ ដើម្បីជួយសម្រួលដល់ការរំលាយអាហារនៅក្នុងពោះវៀន។
៥. កាត់បន្ថយភាពតានតឹង
ផ្លែចេកក្រហមផ្ទុកទៅដោយប៉ូតាស្យូមដែលជួយបន្ធូរចង្វាក់បេះដូង និងគ្រប់គ្រងជាតិទឹកដែលមាននៅក្នុងរាងកាយរបស់យើងឲ្យនៅថេរ ក្នុងពេលមានភាពតានតឹង។ អ្នកជំនាញផ្នែកសុខភាពបានណែនាំឱ្យញ៉ាំចេកក្រហម១ ផ្លែជារៀងរាល់ថ្ងៃ ដើម្បីជួយកែកុនបញ្ហាភាពតានតឹងក្នុងចិត្តនេះ។
[embed-health-tool-bmr]