ឧស្សាហ៍ឈឺខ្នងឈឺចង្កេះដែរអត់? មានធ្លាប់ប្រទះអត់ គ្រាន់ឱនរើសអ្វីម្យ៉ាងដូចជាប៉ិច ឬក្រោយអង្គុយធ្វើការងារយូរម៉ោង ក្រោកឡើងរើខ្លួនស្រាប់តែឈឺខ្នង ជាប់ចង្កះអត់? បើមានបញ្ហាបែបនេះ ឈប់បារម្ភទៀតទៅ “Hello គ្រូពេទ្យ’ បានព្យាយាមស្វែងរកអត្ថបទល្អៗសម្រាប់ជួយសម្រួលបញ្ហាសុខភាពគ្នាយើង បើមានឈឺខ្នង ឈឺចង្កេះខ្លាំង អាចសាកល្បងដោះស្រាយបានតាមតិចនិកខាងក្រោមនេះ។
១- សម្រាកឲ្យបានគ្រប់គ្រាន់
អាស្រ័យតាមការណែនាំពីគ្លីនិកឯកទេសជាច្រើន គ្នាយើងមានបញ្ហាឈឺខ្នងឈឺចង្កេះ គួរសម្រាកឲ្យបានច្រើន ពិសេសនៅពេលមានអាការៈស្រួចស្រាវ គួរសម្រាកកុំធ្វើអ្វី ១-២ ថ្ងៃ ដោយប្រើខ្នើយដើម្បីកល់ធ្វើយ៉ាងណាឲ្យយើងអារម្មណ៍សុខស្រួល។
២- ស្អំរបស់ត្រជាក់មុន ចាំស្អំទឹកក្តៅក្រោយ
យើងអាចប្រើថង់ស្អំមានជាតិត្រជាក់ ក្នុងដំណាក់កាល ២-៣ ថ្ងៃដំបូង ដើម្បីអាចជួយកាត់បន្ថយបញ្ហារលាក បន្ទាប់មកប្តូរមកស្អំជាមួយដបទឹកក្តៅ ឬថង់ទឹកក្តៅ ដើម្បីជួយសម្រួលភាពតានតឹងរបស់សាច់ដុំ និងអាចជួយឲ្យលំហូរឈាមរត់បានល្អ។
៣- ប្រឹក្សាជាមួយគ្រូពេទ្យជំនាញ
អាចពិភាក្សាជាមួយគ្រូពេទ្យពីការព្យាបាលបញ្ហាឈឺខ្នង ឈឺចង្កេះដោយចលនា។ ការទៅប្រឹក្សាជាមួយពេទ្យ ក៏មានប្រយោជន៍ច្រើនផ្សេងទៀត យើងអាចទទួលបានការណែនាំឲ្យពីវិធីថែទាំងឆ្អឹងខ្នង និងការបញ្ចេញសកម្មភាពផ្សេងៗ ក៏អាចឲ្យពេទ្យជួយវាយតម្លៃសុខភាពខ្នងរបស់យើងបានដែរ។ លើសពីនេះ ការព្យាបាលដោយម៉ាស្សា ឬចាក់ម្ជុលវិទ្យាសាស្ត្រ ក៏អាចជួយបន្ធូរបន្ថយភាពតានតឹងសាច់ដុំ អាចបំបាត់ការកន្ត្រាក់ដែលជាមូលហេតុនាំឲ្យយើងឈឺចាប់។
៤- ចាប់ផ្តើមបញ្ចេញចលនា
នៅពេលអាការៈឈឺខ្នងមានភាពប្រសើរជាមុន យើងអាចចាប់ផ្តើមធ្វើការងារដូចដើមវិញ។ បន្ទាប់ពី ២សប្តាហ៍ក្រោយ អាចបញ្ចេញសកម្មភាពផ្សេងៗទៀត ដូចជាហាត់ប្រាណប្រភេទពន់ពែនខ្លួនប្រាណ (Stretching) ដើរ ធ្វើយូហ្គា និងហែលទឹកជាដើម។ ប៉ុន្តែត្រូវចាំផងដែរថា គួរបោះបង់ចោលទម្លាប់មួយចំនួនអាចធ្វើឲ្យមានបញ្ហាឈឺខ្នង ឈឺចង្កេះយើងត្រឡប់មកវិញ ពិសេសអំឡុងពេលអាការៈមិនទាន់ជា ក៏មិនត្រូវអង្គុយធ្វើការ យូរពេកនោះដែរ។
អត្ថបទគួរអាន៖
៥- ហាត់ប្រាណជាមួយឧបករណ៍ធ្ងន់ៗ
ចំណុចនេះ ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិតជាមុន ខណៈអ្នកជំនាញអះអាងថា ជ្រើសយកវិធីហាត់ប្រាណណាមួយយើងពេញចិត្ត នឹងជួយឲ្យការហាត់ប្រាណបានកាន់តែយូរអង្វែង។ ប៉ុន្តែសកម្មភាពហាត់ប្រាណមួយចំនួន អាចមានគុណប្រយោជន៍ច្រើនជាងការហាត់ប្រាណធម្មតា។ ក្នុងការសិក្សាមួយ ធ្វើឡើងដោយអ្នកជំនាញកាណាដា ចេញផ្សាយលើកាសែត Journal of Strength and Conditioning គ្នាយើងមានបញ្ហាឈឺចង្កេះរ៉ាំរ៉ៃ ត្រូវគេឲ្យចូលរួមកម្មវិធីហាត់ប្រាណបែបធ្ងន់ៗ ដោយជាលទ្ធផលគឺអាការៈឈឺចាប់ ថយចុះបន្តិចម្តងៗ ហើយថែមទាំងជួយពង្រឹងគុណភាពជីវិត បើធៀបទៅនឹងគ្នាយើងហាត់ប្រាណបែបស្រាលៗ ដូចជាអេរូបិកជាដើម។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕