និយមន័យ
១- អ្វីជាការប្រើថ្នាំលើសកម្រិត?
ការប្រើថ្នាំលើសកម្រិត អាចបណ្ដាលមកពីការច្រឡំ ឬដោយចេតនា ដែលកើតឡើងនៅពេលនរណាសម្នាក់ ប្រើថ្នាំពេទ្យច្រើនជាងកម្រិតពេទ្យណែនាំ។ គ្នាយើងមួយចំនួនអាចមានប្រតិកម្មជាមួយថ្នាំខ្លះ ទោះបីជាកម្រិតតិចតួចរបស់ថ្នាំក្ដី ក៏អាចធ្វើឲ្យពុលបានដែរ មានន័យថាកម្រិតប្រើ ដើម្បីព្យាបាលមនុស្សទូទៅទទួលយកបាន សម្រាប់គ្នាយើងខ្លះវិញ ថ្នាំគឺមានសកម្មភាពខ្លាំងចំពោះរាងកាយពួកគេ។
ថ្នាំខុសច្បាប់ ប្រើក្នុងកម្រិតខ្ពស់ អាចក្លាយទៅជាលើសកម្រិត នៅពេលដែលការធ្វើមេតាបូលីសបញ្ចេញជាតិពុលរបស់ថ្នាំ មិនលឿនគ្រប់គ្រាន់ ដើម្បីចៀសវាងបញ្ហាសុខភាពណាមួយយើងកំពុងជួបប្រទះ។
រាងកាយមនុស្សម្នាក់ៗមានការឆ្លើយតបខុសៗគ្នា ទៅនឹងការប្រើថ្នាំលើសកម្រិត។ ហើយការព្យាបាល ក៏តម្រូវតាមស្ថានភាពយើងម្នាក់ៗផងដែរ។
២- ប្រើថ្នាំលើសកម្រិតកើតឡើងញឹកញាប់ប៉ុនណា?
ការប្រើថ្នាំលើសកម្រិត អាចកើតឡើងចំពោះមនុស្សគ្រប់វ័យ តែក៏កើតឡើងញឹកញាប់ចំពោះកូនក្មេងតូចៗ (ចាប់ពីចេះវារ ដល់អាយុ ៥ឆ្នាំ) និងចំណោមយុវវ័យ នៅអាយុពាក់កណ្ដាល ៣០ ឆ្នាំ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានព័ត៌មានបន្ថែម។
រោគសញ្ញា
៣- រោគសញ្ញាប្រើថ្នាំលើសកម្រិតមានអ្វីខ្លះ?
រោគសញ្ញាកើតឡើងជាញឹកញាប់ចំពោះការប្រើថ្នាំលើសកម្រិតរួមមាន៖
– ប្រស្រីភ្នែករីកធំ
– ដើរមិនត្រង់ខ្លួន
– ឈឺទ្រូង
– ពិបាកដកដង្ហើមខ្លាំង ដកដង្ហើមខ្លីៗ ឬពេលខ្លះមិនដកដង្ហើម
– បញ្ចេញសំឡេងមិនច្បាស់ បង្ហាញថាជនរងគ្រោះកំពុងតែស្ទះផ្លូវដង្ហើម
– ឡើងខៀវបបូរមាត់ ឬម្រាមដៃ
– ចង្អោរ ឬក្អួត
– ឡើងកម្តៅរាងកាយខុសធម្មតា
– បង្ហាញចរិតហិង្សា ឬខឹង
– វង្វេងវង្វាន់
– មានអារម្មណ៍ដូចគេតាមចាប់មិនឈប់ (Paranoia)
– មានការព្រួយបារម្ភ ឬរំជើបរំជួលខ្លាំង
– ប្រកាច់ ឬញ័រ
– ប្រកាច់ (ដោយសារចរន្តនៅក្នុងខួរក្បាលរងការរំខាន)
– មិនមានសកម្មភាពតប
– បាត់បង់ស្មារតី
– ស្លាប់។
មនុស្សម្នាក់មិនបញ្ចេញរោគសញ្ញាទាំងអស់ ឬភាគច្រើននៃរោគសញ្ញាទាំងនោះឡើយ ប៉ុន្តែទោះបីជាមានចេញរោគសញ្ញាទាំងនោះបន្តិចបន្តួចក៏ដោយ ក៏អាចបង្ហាញថា អ្នកនោះកំពុងប្រើថ្នាំលើសកម្រិតដែរ។
អាចនៅមានរោគសញ្ញាមិនបានរៀបរាប់ខាងលើ ដូចនេះបើមានក្តីបារម្ភពីរោគសញ្ញាណាមួយ សូមពិគ្រោះជាមួយគ្រូពេទ្យភ្លាម។
៤- ពេលណាត្រូវទៅជួបពេទ្យ?
បើសិនយើងប្រទះឃើញរោគសញ្ញាដូចខាងលើ ឬរោគសញ្ញាណាមួយគួរឲ្យសង្ស័យ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។
មូលហេតុបង្ក
៥- មូលហេតុនាំឲ្យប្រើថ្នាំលើសកម្រិត
មូលហេតុនាំឲ្យប្រើថ្នាំលើសកម្រិត អាចមកពីការប្រើលើសដោយអចេតនា ឬដោយចេតនា។ ការប្រើថ្នាំលើសកម្រិតដោយអចេតនា អាចកើតឡើងដោយសារក្មេង ឬមនុស្សចាស់ មានបញ្ហាលើសរសៃប្រសាទ។ ចំពោះមនុស្សធំ ពិសេសមនុស្សចាស់ ឬមនុស្សដែលលេបថ្នាំច្រើនមុខ អាចនឹងលេបថ្នាំច្រឡំ ឬលេបច្រឡំកម្រិតថ្នាំ។ គោលដៅប្រើថ្នាំលើសកម្រិតនេះដែរ អាចដើម្បីឲ្យមានប្រសិទ្ធភាពលឿន តាមបំណង ឬដើម្បីឲ្យមានកម្រិតថ្នាំខ្ពស់ ឬដើម្បីបង្កគ្រោះថ្នាក់លើខ្លួនឯង។
ចំពោះក្មេង អាចនឹងលេបថ្នាំខុស ដោយសារការចង់លេង ចង់ដឹង ពីថ្នាំពេទ្យពួកគេរកឃើញ។
ក្មេងមានអាយុក្រោម ៥ ឆ្នាំ (ជាពិសេសអាយុ ពី ៦ខែ ទៅ ៣ឆ្នាំ) អាចនឹងចាប់កាន់វត្ថុទាំងអស់ដែលបានឃើញ ហើយដាក់វាចូលមាត់។ ការប្រើថ្នាំលើសកម្រិត ក្នុងវ័យនេះ ជាទូទៅកើតឡើងនៅពេលនរណាម្នាក់ទុកថ្នាំចោលនៅកន្លែងក្មេងអាចយកបាន។ ក្មេងតូចៗ នៅពេលគេរកឃើញថ្នាំ ជាញឹកញាប់ច្រើនចែកវាទៅឲ្យក្មេងដទៃ ដូចនេះ បើសង្កេតឃើញថា ក្មេងម្នាក់ប្រើថ្នាំលើសកម្រិត ហើយឃើញក្មេងជាច្រើនកំពុងលេងក្បែរនោះ នោះក្មេងទាំងនោះអាចនឹងលេបថ្នាំដូចគ្នា។
មនុស្សពេញវ័យ អាចប្រើថ្នាំលើសកម្រិតដោយមួយមុខ ឬច្រើនមុខ ដើម្បីធ្វើឲ្យខ្លួនឯងមានគ្រោះថ្នាក់។ ការព្យាយាមធ្វើបាបខ្លួនឯងនេះ និយាយឲ្យខ្លី គឺប៉ុនប៉ងសម្លាប់ខ្លួន។ មនុស្សប្រើថ្នាំលើសកម្រិតដោយចេតនា ភាគច្រើន គឺរងគ្រោះពីបញ្ហាផ្លូវចិត្ត ហើយបញ្ហាផ្លូវចិត្តនេះដែរ អាចនឹងធ្លាប់ ឬមិនធ្លាប់ធ្វើរោគវិនិច្ឆ័យពីមុនមក។
កត្តាប្រឈម
៦- កត្តាប្រឈមនាំឲ្យប្រើថ្នាំលើសកម្រិត
មានកត្តានាំឲ្យមានគ្រោះថ្នាក់ជាច្រើនពីការប្រើថ្នាំលើសកម្រិត ដូចជា៖
– រាងកាយត្រូវពឹងផ្អែកលើថ្នាំទាំងស្រុង មុនពេលប្រើថ្នាំលើសកម្រិត
– ញៀនសារធាតុមួយចំនួន រួមទាំងស្រា
– ប្រើសារធាតុអ្វីមួយក្នុងបរិមាណច្រើននៅពេលតែមួយ
– បញ្ឈប់ការព្យាបាលញៀនសារធាតុអ្វីមួយ
– បង្កើនកម្រិតសារធាតុអ្វីមួយ ម្ដងបន្តិចៗ
– ស្ទាក់ស្ទើរក្នុងការហៅជំនួយសង្គ្រោះបន្ទាន់ ពេលត្រូវការចាំបាច់
– ប្រើថ្នាំចាក់តាមសរសៃ
– ទើបតែចេញពីមន្ទីរឃុំឃាំង
– ធ្លាប់ព្យាយាមសម្លាប់ខ្លួនពីមុនមក
– បន្តប្រើថ្នាំ បន្ទាប់ពីឈប់បានមួយរយៈ
– ការអត់ធន់របស់រាងកាយ មានកម្រិតទាប។
អត្ថបទពាក់ព័ន្ធ៖
- វិធីសង្គ្រោះបឋម ពេលមានករណីប្រើថ្នាំលើសកម្រិត
- គេងអត់លក់ពេលពពោះ ប្រើថ្នាំងងុយគេង ប៉ះពាល់អត់?
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ត្រូវពិនិត្យលើប្រវត្តិជំងឺ និងរាងកាយ ដើម្បីរកមើលភស្តុតាងបញ្ជាក់ពីការពុលថ្នាំ។ គ្រូពេទ្យនឹងតម្រូវឲ្យធ្វើតេស្តមន្ទីរពិសោធន៍មួយចំនួន ដោយផ្អែកលើប្រព័ន្ធសរីរាង្គណាមួយរងការប៉ះពាល់ ដោយការប្រើថ្នាំលើសកម្រិត ប្រភេទជាក់លាក់ណាមួយ។
សមាជិកគ្រួសារ និងអ្នកដែលពាក់ព័ន្ធ គឺជាប្រភពព័ត៌មានសំខាន់ អាចជួយគ្រូពេទ្យតាមរយៈការផ្ដល់ឈ្មោះថ្នាំ កម្រិតលេប និងពេលប្រើថ្នាំលើសកម្រិត។
គេអាចវាស់កម្រិតជាក់លាក់របស់ថ្នាំនៅក្នុងឈាម ដោយផ្អែកលើថ្នាំដែលលេប និងមូលហេតុដែលប្រើថ្នាំលើសកម្រិត ហើយការធ្វើតេស្តរកប្រភេទថ្នាំ (Drug Screening ) ក៏អាចនឹងត្រូវធ្វើដែរ។
៨- ព្យាបាលដោយវិធីណា?
ការព្យាបាល អាចនឹងត្រូវប្រើថ្នាំជាក់លាក់ណាមួយ ដើម្បីប្រឆាំងនឹងការប្រើថ្នាំលើសកម្រិតនោះ។ ព័ត៌មានពីកម្រិតប្រើ ពេលលេបថ្នាំ និងបញ្ហាសុខភាពផ្សេងៗ គឺសុទ្ធតែមានប្រយោជន៍។
គ្រូពេទ្យអាចនឹងលាងក្រពះ (Stomach pumping) ដើម្បីសម្អាតចេញសារធាតុថ្នាំមិនទាន់ស្រូបចូលរាងកាយ។
ថ្នាំធ្យូង (Activated charcoal) នឹងត្រូវឲ្យលេបដើម្បីជួយឲ្យថ្នាំទាំងនោះ ចាប់ជាប់ជាមួយនឹងវា ហើយនឹងនៅតែក្នុងពោះវៀន ក្រពះ ធ្វើឲ្យកម្រិតស្រូបចូលក្នុងចរន្តឈាម មានកម្រិតទាប។ សារធាតុថ្នាំទៅជាប់ជាមួយថ្នាំខ្មៅ នឹងចេញមកក្រៅវិញតាមលាមក។ ជាញឹកញាប់ គេច្រើនឲ្យថ្នាំបញ្ចុះលាមក ជាមួយថ្នាំខ្មៅ ដើម្បីឲ្យអ្នកជំងឺបន្ទោបង់កាន់តែលឿន។
ចំពោះករណីជនរងគ្រោះប្រកាច់ ឬរើបម្រះខ្លះ គ្រូពេទ្យអាចនឹងចាប់ឲ្យនៅស្ងៀម ឬពេលខ្លះត្រូវប្រើថ្នាំសណ្ដំ នៅក្នុងបន្ទប់សង្គ្រោះ រហូតទាល់តែឥទ្ធិពលថ្នាំរលាយអស់។ ពេទ្យអាចនឹងប្រើពេលច្រើន ដោយប្រើទាំងកម្លាំងបាយ និងថ្នាំពេទ្យច្រើនតាមដែលចាំបាច់។ ត្រូវចាំថា គ្រប់យ៉ាងដែលក្រុមគ្រូពេទ្យធ្វើ គឺដើម្បីការពារជីវិតមនុស្ស ដោយពេលខ្លះជនរងគ្រោះ ត្រូវការដាក់បំពង់ចូលក្នុងផ្លូវដង្ហើម (Intubated) ដើម្បីការពារសួត ឬជួយជនរងគ្រោះឲ្យដកដង្ហើមអំឡុងពេលធ្វើការបន្សាបជាតិពុលនេះ។
ករណីប្រើថ្នាំលើសកម្រិតខ្លះទៀត ថ្នាំផ្សេងៗ អាចនឹងត្រូវឲ្យ ដើម្បីធ្វើជាថ្នាំបន្សាប ផ្លាស់ប្ដូរប្រសិទ្ធភាពថ្នាំដែលលេបនោះ ឬដើម្បីការពារពីគ្រោះថ្នាក់កាន់ខ្លាំងថ្នាំលេបលើសនោះ។ គ្រូពេទ្យនឹងសម្រេចថាតើ ត្រូវមានការព្យាបាលបន្ថែមឬក៏អត់។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងបញ្ហាកុំឲ្យកើតឡើងបាន ដូចជា៖
– ចំពោះការប្រើថ្នាំលើសកម្រិតដោយអចេតនាខ្លះ មជ្ឈមណ្ឌលគ្រប់គ្រងសារធាតុពុល អាចណែនាំឲ្យព្យាបាល និងសង្កេតពិនិត្យនៅផ្ទះបាន។ តែបើបញ្ហាបន្ទាប់ពីប្រើថ្នាំលើសកម្រិតនោះកាន់តែខ្លាំងឡើង សេរ៉ូ Ipecac (ថ្នាំឫសឈើម្យ៉ាង ផលិតជាសេរ៉ូប្រើនៅអាមេរិក) ឬការព្យាបាលផ្សេងទៀត មិនគួរធ្វើឡើយ បើមិនមានការណែនាំពីគ្រូពេទ្យទេ។
– ចំពោះគ្នាយើងមានក្មេងតូចនៅផ្ទះ គួរតែមានលេខទូរសព្ទសង្គ្រោះបន្ទាន់នៅជិតទូរសព្ទ។
– អ្នកប្រើថ្នាំលើសកម្រិតដើម្បីធ្វើឲ្យខ្លួនឯងមានគ្រោះថ្នាក់ ជាទូទៅ ត្រូវការអ្នកឯកទេសផ្លូវចិត្ត ដើម្បីជួយជួយគ្រប់គ្រងការពុល។ អ្នកប្រើថ្នាំលើសកម្រិតក្នុងគោលបំណងនេះ ត្រូវតែយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាម ទោះបីជាអាការការប្រើថ្នាំលើសកម្រិត ដូចជាមិនធ្ងន់ធ្ងរក៏ដោយ ព្រោះអ្នកជំងឺប្រភេទនេះ ស្ថិតក្នុងហានិភ័យគាត់អាចសម្លាប់ខ្លួនដោយជោគជ័យបាន។ បើសិនមានអន្តរាគមន៍កាន់តែលឿន ការសង្គ្រោះពួកគាត់ចៀសពីសេចក្ដីស្លាប់ កាន់តែជោគជ័យ។
ប្រសិនបើមានសំណួរ ឬក្តីបារម្ភ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីអាចយល់ពីដំណោះស្រាយកាន់តែច្បាស់។
[embed-health-tool-bmi]