backup og meta

ប្រយ័ត្ន! សត្វចិញ្ចឹម​ដែលលេងជាមួយរាល់ថ្ងៃអាចចម្លងរោគកាចសាហាវទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Jan 11, 2022

    ប្រយ័ត្ន! សត្វចិញ្ចឹម​ដែលលេងជាមួយរាល់ថ្ងៃអាចចម្លងរោគកាចសាហាវទាំងនេះ

    គ្រាន់​គិត​ដល់​សត្វ​ចិញ្ចឹម​ភ្លាម គ្នា​យើង​ប្រាកដ​ជា​ស្រមៃ​ដល់ឆ្កែ ឬ​ឆ្មា​របស់​យើង​កំពុង​រង់ចាំ​នៅផ្ទះ​មិន​ខាន មនោសញ្ចេតនា​ពិត​ជា​ជ្រាល​ជ្រៅ​ហើយ ពិសេស​ភាព​ស្មោះត្រង់​របស់​ពួក​វា។ ប៉ុន្តែ​ស្រលាញ់​ក៏​ស្រលាញ់​ចុះ គួរ​ចេះ​ការពារ​ខ្លួន​ផង ពិសេស​បើ​មាន​អាអូន​តូចៗ អាច​ឆ្លង​រោគ​កាច​សាហាវ​ពីសត្វ​ចិញ្ចឹ​មទាំងនោះ​គ្រប់​ពេល។ ជំងឺ​សត្វ​ចិញ្ចឹម​អាច​ចម្លង​ដល់​យើង​ ត្រូវ​ឲ្យ​ឈ្មោះ​ជា​ភាសា​បច្ចេក​ទេស Zoonotic illness សំដៅ​លើ​ជំងឺ​គ្រប់​យ៉ាង​ ចម្លង​ពី​សត្វ​មក​លើ​មនុស្ស។ “Hello គ្រូពេទ្យ” នឹង​លើក​យក​ជំងឺ​ឧស្សាហ៍​ជួប​ប្រទះ​មួយ​ចំនួន​មក​បបង្ហាញ​គ្នា​យើង​បាន​ដឹង ដើម្បីស្វែងយល់និងការពារខ្លួន។

    ១- ជំងឺ​ឆ្កែ​ឆ្កួត

    ជំងឺ​ឆ្កែ​ឆ្កួត​ បង្ក​រោគ​ដោយ​វីរុស​រា​ត​ត្បាត​តាម​រយៈ​ការ​ខាំ ឬខ្វាចក្រញៅ។ មេរោគ​នឹង​ទៅ​វាយ​ប្រហារ​ប្រព័ន្ធ​ប្រសាទ​ អាច​បណ្តាល​ឲ្យ​ស្លាប់ ​សឹង​គ្រប់​ករណី​ទាំង​អស់។ រោគ​សញ្ញាដំបូង​នៃជំងឺ​ឆ្កែ​ឆ្កួត​ គឺ​គ្រុន​ក្តៅ​ ឬ​ឈឺ​ក្បាល​ ហើយ​អាច​កាន់វិវត្ត​តែ​ខ្លាំង​ឡើង​យ៉ាង​រហ័ស​ ទៅ​ជា​ប្រកាច់​ ងងុយ និង​ឡេះឡះ​នៅ​មិន​សុខ។

    ជំងឺ​ឆ្កែ​ឆ្កួត មិន​សំដៅ​លើ​ការ​ឆ្លង​ពី​សត្វ​ឆ្កែ​តែ​មួយ​នោះទេ នៅ​អាច​មាន​សត្វ​ផ្សេង​ទៀត​កើត​ជំងឺ​នេះ និង​អាច​ឆ្លង​មក​លើ​មនុស្ស​យើង មាន​ដូច​ជា ស្វា ជ្រូក គោ ឆ្មា និង​សត្វ​មួយ​ចំនួន​ទៀត ហើយ​ជា​ទូទៅ រោគ​សញ្ញ​តែង​លេច​ឡើងអំឡុង ១-៣ ខែ​ក្រោយ​ត្រូវ​ឆ្កែ ឬសត្វ​មាន​ឆ្លង​មេរោគ​ខាំ ឬ​ក្រញៅ។

    យោង​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បោះពុម្ភ​ដោយ​អង្គការ Sipar ចេញផ្សាយ​អំឡុង​ខែ​កញ្ញា ឆ្នាំ២០១៧ ក្នុង​មួយ​ឆ្នាំ​ៗ ពលរដ្ឋ​ខ្មែរ​យ៉ាង​ហោច​ណាស់ ៨០០​នាក់ ​ស្លាប់​ដោយ​សារ​ជំងឺ​ឆ្កែឆ្កួត រាប់​បញ្ចូល​ទាំង​កុមារ និង​មនុស្ស​ពេញ​វ័យ។

    ២- ជំងឺ Toxoplasmosis

    ជំងឺ​ Toxoplasmosis បង្ក​ឡើង​ដោយ​ប៉ារ៉ាស៊ីតមួយ​ប្រភេទ​ ​ឈ្មោះ​ Toxoplasma gondii។ ស្ថាន​ភាព​នេះ​ ពេល​ខ្លះ​អាច​នឹង​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​ដូច​គ្រុន​ផ្តាសាយ។​

    Toxoplasmosis ឆ្លង​ក្នុង​អំឡុង​ពេល​មាន​គភ៌​ អាច​នឹង​នាំ​ឲ្យ​​រលូត​កូន​ ឬ​ភាព​ខូច​ទ្រង់​ទ្រាយកូនពី​កំណើត និង​ធ្ងន់​ធ្ងរ​ថែម​ទៀត​ផង។ គ្នា​យើង​​ជា​រឿយៗ ឆ្លង​ជំងឺ Toxoplasmosis ពី​ការ​ញ៉ាំសាច់ ចម្អិនមិន​ឆ្អិន​ល្អ ឬ​ការ​ប៉ះ​ពាល់​ជាមួយ​លាមក​សត្វ។ ជា​ញឹក​ញាប់​ មនុស្ស​ភាគ​ច្រើន​ឆ្លង​ជំងឺ​នេះ ពី​លាមក​ឆ្មា ដែល​មាន​ប្រឡាក់​ប្រឡូក​ដោយ​មេរោគ។ ដើម្បី​ការពារ​ពី​ករណី​ឆ្លង​ជំងឺ​នេះ ត្រូវ​ផ្លាស់​ប្តូរ​ប្រអប់​ដាក់​លាមក​​ឆ្មា​រាល់​ថ្ងៃ ឬ​សម្អាត​កន្លែង​មាន​ដែល​ឆ្មា​ជុះ​ឲ្យ​ត្រឹមត្រូវ បែប​នេះ​លាមក​មិន​ប្រែ​ក្លាយ​ជា​បង្ក​រោគ​​​បានឡើង។

    ៣- ជំងឺបណ្តាលមកពីឆ្មាក្រញៅ (Bartonellosis)

    ជំងឺ Bartonellosis ចម្លង​ក្រោយ​ត្រូវ​សត្វ​ឆ្មា​ក្រញៅ (ឆ្មា​មាន​ផ្ទុក​មេរោគ​បង្ក​ដោយ​ពពួក​ចៃ​ឆ្មា)។ គ្នា​យើង​អាច​នឹង​រង​បង្ក​រោគ​គ្រប់ពេល ​ប្រ​សិន​សត្វ​ឆ្មា​មាន​ជំងឺ​នេះ​ក្រញៅ ឬ​ខាំ។ ករណី​ស្រាល​ៗ ជំងឺ​ Bartonellosis អាច​ធ្វើ​ឲ្យ​យើង​លេច​ចេញ​រោគ​សញ្ញា​ដូចគ្រុន​ផ្តា​សាយ​ តែ​ស្ថាន​ភាព​អាច​វិវត្ត​ទៅ​ជា​ជា​ធ្ងន់​ធ្ងរ​ផងដែរ ឈាន​ដល់​ខូច​ប្រឹស​បេះ​ដូង​តែ​ម្តង។

    ៤- ព្រូនទំពក់ និងព្រូនមូល

    ព្រូន​ទំពក់​ និង​ព្រូន​មូល​ ត្រូវ​បាន​រក​ឃើញ​ញឹក​ញាប់​នៅ​ក្នុង​សត្វ​ឆ្កែ​ និង​ឆ្មា។ ពង​ព្រូន​នៅ​ក្នុង​លាមក​សត្វ​ចិញ្ចឹម ​អាច​ផ្ទេរ​ទៅ​កាន់​កន្លែង​ដទៃ​ទៀត​បាន អាច​ធ្វើ​ឲ្យ​ប្រឡាក់​ប្រ​ឡូក​ជាប់​ជាមួយ​អាហារ។ ​បើ​យើង​ញ៉ាំអាហារ​កខ្វក់​ទាំង​នោះ ពង​ព្រូន​នោះ​នឹង​ញាស់​នៅ​ក្នុង​ពោះ​វៀន​តូច បន្ទាប់​មក​ផ្លាស់​ទី​ទៅ​កាន់​សរីរាង្គ​ដទៃ​ផ្សេង​ទៀត។

    ករណី​ផ្សេង​ទៀត ពង​ព្រូន​អាច​​ឆ្លង​ចូល​តាម​ស្បែក​មាន​ដាច់​រហែក ហើយ​ដោយ​សារ​ព្រូន​អស់​ទាំង​នេះ​បាន​កើត​ និង​រស់​នៅ​ក្នុង​សត្វ​ឆ្កែ ឆ្មា ពួក​វាក៏​អាច​ចូល​នៅ​ក្នុង​រាង​កាយ​មនុស្ស​បាន​ដូច​គ្នា​ បង្ក​ឲ្យ​មាន​ស្ថាន​ភាព​ជំងឺ​មួយ​ គេ​ហៅ​ថា​ជំងឺ​កូន​ព្រូន​ចូល​លុកលុយ​សរីរាង្គ​ខាង​ក្នុង។

    ព្រូន​ទាំង​នោះ អាច​​ចូលក្នុង​ភ្នែក​បណ្តាល​ឲ្យ​មាន​ការ​រលាក​ និងខ្វាក់​ភ្នែក​តែម្តង។ កូន​ព្រូន អាច​ចូល​ក្នុង​ថ្លើម​បណ្តាល​ឲ្យ គ្រុន​រងា គ្រុន​ក្តៅ​ អស់​កម្លាំង និង​កើន​ចំនួន​គ្រាប់​ឈាម​ស​ផង​ដែរ។

    ៥- ជំងឺមិនអាចឆ្លងពីសត្វចិញ្ចឹម

    មាន​ជំងឺ​ជាច្រើន​ដែល​សត្វ​ចិញ្ចឹម​អាច​ឆ្លងបាន (ឆ្លងពីសត្វទៅសត្វ) ហើយ​ស្រដៀង​ទៅ​នឹង​ជំងឺ​របស់​មនុស្ស ជាហេតុ​​ធ្វើ​ឲ្យ​យើង​កាន់​តែ​បារម្ភ​ខ្លាំង ដោយ​ជំងឺ​ទាំង​នោះ​មាន​ដូចជា៖​

    – មហារីក​គ្រាប់​ឈាម​ស​របស់​ឆ្មា

    – ផ្តា​សាយ​ធំ​របស់​​ឆ្កែ

    – រើម​លើ​​ឆ្មា។

    រើមលើមុខឆ្មារ

    បើ​ទោះ​ជំងឺ​ខាង​លើ ​អាច​ស្តាប់​ទៅ​ស្រដៀង​ខ្លាំង​ទៅ​នឹ​ងជំងឺ​មនុស្ស​ក្ដី ប៉ុន្តែកុំ​បារម្ភ​អី ព្រោះ​ជំងឺ​នេះ​មិន​អាច​ចម្លង​ពី​សត្វ​ចិញ្ចឹម មក​លើ​មនុស្ស​បាន​ឡើយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Jan 11, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម