និយាយរឿងថ្នាំបំប៉ន មានច្រើនមុខណាស់ ហើយការផ្សព្វផ្សាយ ក៏ច្រើនដែរ ដោយអះអាងថា ជួយនេះផងដែរ ជួយនោះផង ជួយសឹងគ្រប់មុខអស់ហើយ។ តែការសិក្សាមួយ បញ្ជាក់ថា មានថ្នាំបំប៉នតិចតួចប៉ុណ្ណោះ អាចការពារយើង មិនឲ្យវិវត្តទៅប្រឈម ឬស្លាប់ ដោយជំងឺសរសៃឈាមបេះដូង។
អ្នកស្រាវជ្រាវ បានពិនិត្យលើការសិក្សា ចំនួន ២៧៧ ដោយមានអ្នកចូលរួម ជិត ១លាននាក់ លេបថ្នាំបំប៉ន ១៦ប្រភេទផ្សេងគ្នា ដើម្បីការពារភាពប្រឈមនឹងបញ្ហាបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ អ្នកស្រាវជ្រាវ បញ្ជាក់ថា ថ្នាំបំប៉ន វីតាមីន រ៉ែ និងអាហារបំប៉ន មិនបានជួយការពារជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ឬបន្ថយហានិភ័យនៃការស្លាប់ដោយមូលហេតុពាក់ព័ន្ធនឹងបេះដូងនោះទេ។
អ្នកស្រាវជ្រាវ ណែនាំថា មនុស្សគួរផ្ដោតលើរបបអាហារសុខភាព ចេញពីប្រភពអាហារូបត្ថម្ភ មិនមែនវីតាមីន ឬថ្នាំបំប៉ននោះទេ ហើយទម្លាប់រស់នៅប្រកបដោយសុខភាពល្អ ដូចជាហាត់ប្រាណឲ្យបានទៀងទាត់ និងកុំជក់បារី។
ការសិក្សាពីមុន លើកឡើងថា របបអាហារសម្បូរបន្លែ ផ្លែឈើ ត្រី និងខ្លាញ់ល្អ ជួយដល់បេះដូង និងខួរក្បាល ជាពិសេសជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ ប៉ុន្ដែការសិក្សាថ្មីនេះ រកឃើញភស្ដុតាងមួយចំនួន ដូចជាការកាត់បន្ថយញ៉ាំជាតិប្រៃ ពាក់ព័ន្ធនឹងហាភ័យទាប នៃការឆាប់ស្លាប់។ អាស៊ីដខ្លាញ់អូមេហ្គា ៣ ជួយកាត់បន្ថយហានិភ័យ នៃជំងឺគាំងបេះដូង និងជំងឺសរសៃឈាមបេះដូង ហើយអាស៊ីដហ្វូលីក (folic acid) ជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។
ប៉ុន្ដែថ្នាំជំនួយ ដែលផ្សំរវាងកាល់ស្យូម និងវីតាមីន D ពាក់ព័ន្ធនឹងការបង្កើនហានិភ័យ នៃជំងឺដាច់សរសៃឈាមខួរក្បាល។
អត្ថបទពាក់ព័ន្ធ៖
- ទាំងនេះជាប្រភេទជំងឺបេះដូងឧស្សាហ៍កើតបំផុតលើក្មេងៗ
- ស្ត្រេសការងារខ្លាំង ប្រយ័ត្នកើតជំងឺបេះដូង ពិបាកតែខ្លួនឯង
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]