ហ្វីលីពីន បានក្លាយជាប្រទេសរងគ្រោះខ្លាំងជាងគេ នៅតំបន់អាស៊ី ដោយសារការរាតត្បាតជំងឺគ្រុនឈាម ដែលបានឆក់យកជីវិតពលរដ្ឋ ជិត ១០០នាក់/សប្ដាហ៍ ចាប់តាំងពីខែកក្កដា ២០១៩។
តាមតួលេខចុងក្រោយ ប្រកាសដោយក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃនេះ មនុស្ស ៨០៨នាក់ បានស្លាប់ដោយជំងឺគ្រុនឈាម គិតត្រឹមថ្ងៃទី៣ ខែសីហា ខណៈគិតត្រឹមសប្ដាហ៍ទី៤ ខែកក្កដា មានមនុស្ស ៧២០នាក់ បានស្លាប់ និងគិតត្រឹមសប្ដាហ៍ទី៣ ខែកក្កដា មានមនុស្ស ៦២២នាក់ បានស្លាប់។ មានន័យថា ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មានតួលេខអ្នកស្លាប់ ជិត ១០០នាក់/សប្ដាហ៍។
ចំណែកតួលេខអ្នកកើតជំងឺគ្រុនឈាមវិញ បានកើនឡើងដល់ ប្រមាណ ១៨៨.៥៦២នាក់ កើនឡើងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៨ មានត្រឹម ៩៣.១៤៩នាក់។ ការរាតត្បាតជំងឺគ្រុនឈាមខ្លាំង កើតឡើងនៅតំបន់កណ្ដាល និងភាគខាងត្បូងនៃប្រទេសហ្វីលីពីន ហើយក្រុមក្មេងអាយុ ពី ៥-៩ឆ្នាំ រងគ្រោះខ្លាំងជាងគេ។
ក្រសួងសុខាភិបាលហ្វីលីពីន បានព្រមានថា ករណីជំងឺគ្រុនឈាម នឹងបន្ដកើនឡើងរហូតដល់ខែតុលា ខាងមុខ ដោយសាររដូវភ្លៀងធ្លាក់ នៅតែបន្ដ។
អត្ថបទពាក់ព័ន្ធ៖
- គ្រុនឈាម នៅហ្វីលីពីន សម្លាប់មនុស្សកើនដល់ទៅជាង ៧០០នាក់
- តួលេខខ្ពស់ជាងគេ អ្នកស្លាប់ដោយជំងឺគ្រុនឈាមនៅហ្វីលីពីន កើនលើស ៦០០នាក់
[embed-health-tool-bmi]