នៅក្នុងសារអប់រំសុខភាពស្តីពីការកាត់បន្ថយហានិភ័យពីការឆ្លងវីរុសកូរ៉ូណាថ្មីរបស់អង្គការសុខភាពពិភពលោក (WHO) ក៏ដូចជាក្រសួងសុខាភិបាល តម្រូវឲ្យលាងសម្អាតដៃជាមួយនឹងសាប៊ូ និងទឹកស្អាត ឬទឹកលាងដៃដែលមានជាតិអាល់កុលហ្សែល។ ហេតុអីតម្រូវ និងក្រើនរម្លឹកឲ្យយើងលាងដៃឲ្យបានញឹកញាប់?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបាន បកស្រាយថា លាងសម្អាតដៃជាការបង្កើនអនាម័យផ្ទាល់ខ្លួន និងអាចកម្ចាត់មេរោគបាន នៅរាល់ពេលយើងប៉ះពាល់អ្នកជំងឺ ឬប្រឡាក់ប្រឡូកជាមួយសារធាតុរាវអ្វីមួយ។ លោកវេជ្ជបណ្ឌិតថា ដៃយើងមានតួនាទីចាប់កាន់ ឬប៉ះអ្វីមួយ ដូច្នេះងាយចម្លងភាពកខ្វក់មកតាមជាមួយ ហើយទម្លាប់របស់យើងទៀតសោត គឺតែងយកដៃទៅប៉ះជាមួយផ្នែកផ្សេងៗទៀតនៃរាងកាយ មាន ច្រមុះ មាត់ ដែលជាកន្លែងងាយឆ្លងជំងឺផ្លូវដង្ហើម។
“ដៃយើងឧស្សាហ៍យកទៅកេះច្រមុះ ញីភ្នែក ខ្ទប់មាត់ ខ្ទប់ច្រមុះ ពេលយកដៃប្រឡាក់មកជូតភ្នែក ជូតមាត់ធ្វើឲ្យងាយឆ្លងមេរោគបំផុត អ៊ីចឹងហើយទើបក្បួនពេទ្យណែនាំឲ្យលាងសម្អាតដៃឲ្យញឹកញាប់ នោះអត្រាឆ្លងកាន់តែតិច’ លោកវេជ្ជបណ្ឌិតរៀបរាប់។
ការលាងសម្អាតដៃតែមួយមុខមិនគ្រប់គ្រាន់នោះទេ ប៉ុន្តែអង្គការសុខភាពពិភពលោកថា វាជារឿងសំខាន់ដែលយើងចាំបាច់ត្រូវធ្វើដំបូងគេ ដើម្បីការពារខ្លួនពីការឆ្លងជំងឺផ្លូវដង្ហើមផ្សេងៗ បន្ថែមពីនោះយើងត្រូវធ្វើតាមការណែនាំខាងក្រោមនេះ។
– ខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្តាស់ ដោយប្រើកន្សែង ក្រម៉ា ឬក្រដាស
– ចៀសវាងការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកជំងឺដែលមានគ្រុនក្តៅ ក្អក ឬផ្តាសាយ
– ចម្អិនសាច់ ស៊ុត ឲ្យឆ្អិនល្អ មុននឹងយកទៅញ៉ាំ
– ចៀសវាងការប៉ះពាល់ជាមួយសត្វព្រៃ ឬកន្លែងចិញ្ចឹមសត្វ ដោយគ្មានពាក់សម្ភារៈការពារខ្លួន។
តើត្រូវលាងសម្អាតដៃនៅពេលណាខ្លះ?
– បន្ទាប់ពីក្អក ឬកណ្តាស់
– ពេលថែទាំអ្នកជំងឺ
– មុនពេល អំឡុងពេល និងបន្ទាប់ពីរៀបចំអាហារ
– មុនពេលញ៉ាំ
– ក្រោយពេលបន្ទោរបង់
– ពេលដៃកខ្វក់
– បន្ទាប់ពីប៉ះពាល់សត្វ ឬលាមកសត្វ។
របៀបលាងដៃត្រឹមត្រូវ៖
ជំហានទី១៖ ត្រដុសបាតដៃទាំងសងខាង
ជំហានទី២៖ ត្រដុសខ្នងដៃទាំងសងខាង
ជំហានទី៣៖ ត្រដុសចន្លោះម្រាមដៃទាំងសងខាង
ជំហានទី៤៖ ក្តាប់ម្រាមដៃទាំងសងខាងត្រដុសចូលគ្នា
ជំហានទី៥៖ ត្រដុសម្រាមដៃនីមួយៗ
ជំហានទី៦៖ ត្រដុសម្រាមដៃលើបាតដៃទាំងសងខាង
ជំហាតទី៧៖ ត្រដុសបង្វិលកដៃទាំងខាង។
អត្ថបទពាក់ព័ន្ធ៖
- ក្ដៅៗ! ថៃរកឃើញអ្នកឆ្លងវីរ៉ុសកូរ៉ូណាថ្មី៦ករណីបន្ថែម សរុបឡើងដល់ ១៤ ករណី
- អាប់ដេត៖ ស្ថានភាពសុខភាពជនជាតិចិនឆ្លងវីរុសកូរ៉ូណាថ្មី នៅខេត្តព្រះសីហនុ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]