ប្រព័ន្ធផ្សព្វផ្សាយចិនបាននិយាយថាវេជ្ជបណ្ឌិតជនជាតិចិនម្នាក់ដែលបានព្យាយាមចេញការព្រមានដំបូងអំពីការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មីស្លាប់ហើយ ដោយសារការឆ្លងវីរុសនេះ។
លោកវេជ្ជបណ្ឌិត Li wenliang វ័យ ៣៤ឆ្នាំ បម្រើការជាវេជ្ជបណ្ឌិតចក្ខុសាស្ត្រ នៅមន្ទីរពេទ្យធំក្នុងក្រុងវូហាន (Wuhan central Hosptial) បានចេញការព្រមានពីការផ្ទុះវីរុសកូរ៉ូណាថ្មីនេះ ទៅក្រុមគ្រូពេទ្យតាំងពីថ្ងៃទី៣០ ខែធ្នូឆ្នាំ ២០១៩មកម្លេះ ប៉ុន្តែលោកបែរជាត្រូវប៉ូលីសចិនប្រាប់ឲ្យឈប់ទៅវិញ ក៏ព្រោះតែអាជ្ញាធរចង់ខ្ទប់ព័ត៌មាននេះ កុំឲ្យខ្ចរខ្ចាយ។
ប្រភពខាងលើបន្តថាដំបូងឡើយលោកវេជ្ជបណ្ឌិតរូបនេះ បានសម្គាល់ករណីចំនួន៧នៃវីរុស ដែលមើលទៅដូចនឹងជំងឺ SARS ដែលផ្ទុះកាលពីឆ្នាំ ២០០៣។ រួចលោកក៏បានផ្ញើសារទៅកាន់មិត្តរួមការងាររបស់លោកដើម្បីឲ្យស្លៀកសំលៀកបំពាក់ការពារនឹងជំងឺឆ្លង ប៉ុន្តែ នាព្រឹកឡើងលោកត្រូវបានកោះហៅនឹងព្រមានពី សំណាក់អាជ្ញាធរក្រុងវូហាន ថាផ្សព្វផ្សាយព័ត៌មានមិនពិតទៅវិញ។
គួរបញ្ជាក់ថាលោកគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស៨នាក់ដែលទទួលការព្រមាននេះពីអាជ្ញាធរ។ ប៉ុន្តែក្រោយពេលដែលជំងឺនេះរាលដាលខ្លាំងទៅខាងអាជ្ញាធរក៏បានសូមទោសលោកវិញ។
យោងតាមបណ្ដាញសង្គម Weibo របស់លោក បានរៀបរាប់ថា លោកបានចេញរោគសញ្ញាតាំងពីថ្ងៃទី១០ ខែមករា ហើយពីរថ្ងៃក្រោយមកលោកក៏ធ្លាក់ខ្លួនឈឺខ្លាំងរហូតត្រូវសម្រាកពេទ្យ។ លោកត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺនេះនៅថ្ងៃទី ៣០ខែមករានេះ។
បើតាមអ្នកជំនាញខាងវេជ្ជសាស្រ្តអ្នកជំងឺដែលរងគ្រោះធ្ងន់ធ្ងរដោយសារវីរុសកូរ៉ូណាថ្មីនេះ ភាគច្រើនគឺជាមនុស្សវ័យចំណាស់ចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ ឬមានបញ្ហាសុខភាពផ្សេងៗ ប៉ុន្តែគេនៅមិនដឹងពីប្រវត្តិបញ្ហារបស់លោកវេជ្ជបណ្ឌិតនេះនៅឡើយទេ។
អត្ថបទពាក់ព័ន្ធ៖
- ថ្នាំទាំងនេះ អ្នកស្រាវជ្រាវជឿថាអាចមានប្រសិទ្ធភាពប្រឆាំងវីរុសកូរ៉ូណាថ្មី
- មនុស្សប្រភេទណា ងាយប្រឈមនឹងការឆ្លងវីរុសកូរ៉ូណាថ្មី?
- រោគសញ្ញាជំងឺរលាកសួតប្រភេទថ្មី និងវិធីការពារខ្លួនកុំឲ្យឆ្លង
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]