backup og meta

កត្ដាមួយចំនួននេះ អាចបង្កឲ្យមានបញ្ហាជំងឺលិង្គកោង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 19, 2023

    កត្ដាមួយចំនួននេះ អាចបង្កឲ្យមានបញ្ហាជំងឺលិង្គកោង

    ជំងឺ Peyronie ឬត្រូវបានគេស្គាល់ថា ជំងឺលិង្គកោង បុរសៗមួយភាគតូច​អាចមិនសូវជាចាប់អារម្មណ៍នោះទេ ហើយក៏មិនបានយល់ថា បញ្ហាកោងនេះ គឺជាជំងឺដែរ។ អ្នក​ខ្លះ​អាចគិត​ថា​ជា​ការប្រែប្រួលតាមវ័យ ឬ បម្រែបម្រួល ទៅតាមឥរិយាបថរស់នៅប្រចាំថ្ងៃកន្លងមក។ ប៉ុន្ដែមិនមែនបែបនេះ​ទាំង​ស្រុង​ទេ​ ការកោងនោះ គឺជាជំងឺម្យ៉ាងដែលគេហៅថា Peyronie។

    ជំងឺ Peyronie គឺជាជំងឺ ដែលបង្កឡើងដោយសារតែការលូតលាស់ នៃជាលិកាសម្លាក​ក្រោមស្បែក​ខាងក្នុងលិង្គ ហើយច្រើន​តែ​កើតឡើងចំពោះបុរសដែលមានវ័យចាប់ពី៤០ឆ្នាំឡើងទៅ។ រោគសញ្ញានៃជំងឺនេះ មានភាពខុសគ្នាៗ ដោយអ្នកខ្លះមានរោគសញ្ញា​ស្រាល និងអាចជាសះស្បើយដោយខ្លួនឯង ខណៈប្រុសៗខ្លះទៀតអាចប្រឈមនឹងរោគសញ្ញាធ្ងន់ធ្ងរ ដូចជាភាពបត់បែនរបស់​លិង្គថយចុះ និងមានការឈឺចាប់នៅពេលលិង្គឡើងរឹង។

    ការវិវត្ដ នៃជំងឺ Peyronie ត្រូវបានបែងជា២ដំណាក់កាល គឺ ដំណាក់កាលស្រួចស្រាល់ និងដំណាក់កាលរ៉ាំរ៉ៃ។

    ១ ដំណាក់កាលស្រួចស្រាល់

    ដំណាក់កាលនេះ អាចត្រូវបានកើតឡើងក្នុងចន្លោះពេល ពី ៥ ខែទៅ ៨ខែ។ ស្ថានភាពក្នុងចន្លោះពេលនោះ ដំណើការ សម្លាក ដែលកើតមាននៅក្រោមស្រទាប់ក្រោមស្បែក ផ្នែកខាងលើនៃលិង្គ បង្កឲ្យមានការឈឺចាប់ ឬប្រែប្រួលទម្រង់ប្រដាប់ភេទ នៅពេលប្រដាប់ភេទចាប់ផ្ដើមឡើងរឹង។ ក្នុងដំណាក់នោះ ជាលិកាសម្លាកអាចវិវត្ដបន្ដទៅទៀត ឬក៏ត្រូវថយចុះថយ។

    កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

    ២. ដំណាក់កាលរ៉ាំរ៉ៃ

    ក្នុងដំណាក់កាលនេះ ដុំជាលិកាសម្លាក ក៏លែងមានការវិវត្ដទៅមុខបន្ដទៀត។ ពោលដំណាក់កាលនេះ លិង្គក៏លែងកាន់តែកោងខ្លាំងទៅទៀតដែរ នៅរក្សាទ្រង់ទ្រាយកោងពីដំណាក់កាលខាងដើមដដែល។ ប៉ុន្ដែការឈឺចាប់ អាចនឹងនៅមានបន្ដ ម្ដងម្កាល ពេលលិង្គចាប់ផ្ដើមឡើងរឹង។ មកដល់ចំណាក់កាលនេះ លិង្គ អាចជួបប្រទះបញ្ហា ខ្សោយលិង្គ

    បញ្ហាលិង្គ

    ក៏មានដែរ​កត្ដាចំបងមួយចំនួនដែលអាចបង្កឲ្យមានជំងឺមួយនេះ ដូចជា៖

  • កត្ដាអាយុ៖ ចន្លោះពី ១០ ទៅ ២០% នៃ​អ្នក​ជំងឺ​ភាគច្រើនមាន​អាយុ ៤០ ដល់ ៧០ឆ្នាំ។ សម្រាប់យុវជន គឺមិនសូវឃើញមានកើតនោះទេ គ្រាន់តែភាគរយមានចំនួនតិច អាចត្រឹម១ ទៅ ២%ប៉ុណ្ណោះ។
  • កត្ដាតំណពូជ៖ អ្នកស្រាវជ្រាវក៏បានបង្ហាញដែរថា ជំងឺចម្លែកមួយនេះ ក៏អាចកើតឡើង​ពីតំណពូជផងដែរ។ តួយ៉ាងក្នុងគ្រួសារ ប្រសិនជា​ឪពុក ឬបងប្រុសមានកើតជំងឺនេះ យើង​ក៏ទំនង​នឹង​មិនអាចគេចផុតដែរ​។
  • អសមត្ថភាពផ្លូវភេទដោយជំងឺទឹកនោមផ្អែម៖ អ្នកមានបញ្ហាផ្នែកនេះស្រាប់ ក៏ប្រឈមនឹងជួបប្រទះ ការកើតមាន ជំងឺ Peyronie ព្រោះថា ភាគច្រើន អ្នកដែលមានជំងឺ អសមត្ថភាពផ្លូវភេទ​មួយភាគតូច ក៏ស្ថិតក្នុងចំណែកនៃជំងឺ Peyronie នេះដែរ។
  • ជំងឺមហារីក ក្រពេញប្រូស្ដាត៖ បុរសៗ ដែលធ្លាប់ឆ្លងកាត់ ការវះកាត់ព្យាបាលជំងឺ មហារីកក្រពេញ​ប្រូស្តាត​ គឺប្រឈម នឹងកើតលិង្គ​កោង​នេះ​ដែរ​។
  • ការប៉ះទង្គិចលិង្គ៖ ក្នុងន័យនេះ អ្នកជំនាញថា គឺការបត់បែនលិង្គ ឬការប៉ះទង្គិចផ្សេងៗ អាចបង្កជារបួសដោយមិននឹកស្មានដល់។ សកម្មភាពដែលអាចរាប់បញ្ចូល នៃការប៉ះទង្គិចលិង្គមាន​ដូច​ជា​ការហាត់កីឡា ការរួមភេទ ឬការគ្រោះថា្នក់អ្វីមួយ ដែលអាចកើតឡើងម្ដងម្កាល ឬជាញឹកញាប់។
  • ជំងឺប្រព័ន្ធភាពស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង៖ ប្រព័ន្ធ​ភាព​ស៊ាំ ​ជាទូទៅ​ការពារ​រាងកាយ​​ប្រឆាំង​នឹង​ការ​បង្ករោគ​ផ្សេងៗ​​។ ប៉ុន្ដែ នៅពេល​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​ការ​ភ័ន្ត​ច្រឡំ បែជាបង្កើត​ប្រូតេអ៊ីន​ទៅ​ជា​អង់​ទីករ​ ​ទៅប្រឆាំងរាង​កាយ​ខ្លួន​ឯង ពេល​នោះវា​ត្រូវ​ចាត់​ទុក​ជា​ជំងឺ​ ​ហើយ​ប្រព័ន្ធភាពស៊ាំ​មានភាព​ប្រែប្រួល ទៅវាយប្រហាផ្នែកកោសិការ ក្នុងលិង្គ អាច​បង្កឲ្យមាន ការរលាកកើតឡើង។ ការរលាកនេះ អាច​ឈាន​ទៅរក ការវិវត្ដ កើតចេញនូវបន្ទះជាលិកាសម្លាក ដែលជាហេតុ ឲ្យកើតមាន​ជំងឺ​លិង្គកោង​។
  • ចំណុចសំខាន់

    ជំងឺ Peyronie ឬ ជំងឺលិង្គកោង ត្រូវបានបែងចែកជា ២ដំណាក់កាល គឺដំណាក់កាល ស្រួចស្រាល់ និងដំណាក់រ៉ាំរ៉ៃ មានកត្ដាចម្បងមួយចំនួនដែលអាចឈានទៅដល់​ការឡើងជំងឺ​លិង្គកោងនេះ គឺ
    • កត្ដាអាយុ
    • កត្ដាដំណពូជ
    • កត្ដាអសមត្ថភាពផ្លូវភេទដោយជំងឺទឹកនោមផ្អែម
    • ជំងឺមហារីកក្រពេញ​ប្រូស្តាត​
    • ការប៉ះទង្គិចលិង្គ
    • ជំងឺប្រព័ន្ធភាពស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 19, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម