ពាក្យ «ចាញ់បោកយល់សប្ដិ» សម្ដៅដល់ប្រុសៗដែលបានសម្រេចកាមដោយឯកឯងពេលកំពុងគេងលក់ ដោយសារតែយល់សប្ដិឃើញពីសកម្មភាពស្រើបស្រាល ឬកត្តាផ្សេងទៀត។ ប្រុសៗចាញ់បោកយល់សប្ដិ ពេលភ្ញាក់ឡើងនឹងឃើញមានសើមខោ ដោយសារការបញ្ចេញទឹកកាម។
យ៉ាងណា ទាក់ទងនឹងការចាញ់បោកយល់សប្តិនេះក៏មានមនុស្សមួយចំនួនបានលើកឡើងពីរឿងមិនត្រូវទំនងផងដែរ។ តើរឿងទាំងនោះមានអ្វីខ្លះ?
១. ចាញ់បោកយល់សប្ដិធ្វើឲ្យថយចុះមេជីវិត?
ប្រុសៗខ្លះជឿថាពេលចាញ់បោកយល់សប្ដិនឹងធ្វើឲ្យមេជីវិតឈ្មោលថយចុះ។ ប៉ុន្តែ ការពិតការចាញ់បោកយល់សប្ដិជាវិធីមួយដែលពងស្វាសបញ្ចេញមេជីវិតចាស់ៗចោល និងរៀបចំឡើងវិញនូវមេជីវិតថ្មី ហើយមានសុខភាពល្អ។
២. ចាញ់បោកយល់សប្ដិកើតមានតែលើក្មេងប្រុសទើបពេញវ័យ?
ការចាញ់បោកយល់សប្ដិពិតជាឧស្សាហ៍កើតមានលើក្មេងប្រុសៗទើបពេញវ័យ តែថារឿងនេះក៏កើតលើមនុស្សពេញវ័យផ្សេងទៀតដូចគ្នា។
ចាញ់បោកយល់សប្ដិ សម្រាប់ក្មេងប្រុសទើបពេញវ័យ អាចកើតឡើងបានដោយសារតែការប្រែប្រួលអ័រម៉ូន ហើយសម្រាប់មនុស្សពេញវ័យវិញ កម្រិតអ័រម៉ូនច្រើននៅថេរ ដែលនាំឲ្យមិនសូវកើតមានរឿងចាញ់បោកយល់សប្ដិនេះទេ។ ដូចគ្នាដែរ ក្មេងប្រុសជំទង់ៗ ក៏អាចជួបរឿងចាញ់បោកយល់សប្ដិនេះដែរ ដោយសារពួកគេមិនដែលរួមភេទ ឬសម្រេចកាមដោយខ្លួនឯង ជាហេតុនាំឲ្យពងស្វាងបញ្ចេញមេជីវិតចាស់ៗមកក្រៅពេលគេងលក់។
៣. ចាញ់បោកយល់សប្ដិព្រោះមានជំងឺប្រចាំកាយ?
កន្លងមកធ្លាប់មានការយល់ឃើញថាមនុស្សប្រុសដែលជួបរឿងចាញ់បោកយល់សប្ដិជាអ្នកមានជំងឺប្រចាំកាយ ឬដោយសារការប្រើថ្នាំ។ ប៉ុន្តែការពិតមិនមែនបែបនេះទេ។ ការចាញ់បោកយល់សប្ដិជារឿងធម្មតាដែលកើតមានឡើង ហើយក៏ជាសញ្ញាថាប្រុសៗមានសុខភាពបន្តពូជល្អផងដែរ។
៤. ចាញ់បោកយល់សប្ដិធ្វើឲ្យខ្សោយប្រព័ន្ធភាពស៊ាំ?
ប្រុសៗខ្លះជឿថាចាញ់បោកយល់សប្ដិអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ដូចជាងាយកើតជំងឺផ្ដាសាយ ឬឆ្លងរោគជាដើម។ យ៉ាងណា ទាំងនេះគ្រាន់តែជាជំនឿមិនត្រឹមត្រូវ គ្មានមូលដ្ឋានវិទ្យាសាស្រ្តនោះទេ។
ការពិតចាញ់បោកយល់សប្ដិ អាចជួយកាត់បន្ថយចំនួនមេជីវិតដែលលើសនៅក្នុងពងស្វាស ដែលនេះជាដំណើរការល្អនៃសុខភាពបន្តពូជរបស់បុរសទៅវិញទេ។
[embed-health-tool-bmi]