backup og meta

Erectile Dysfunction (បញ្ហាលិង្គមិនឡើងរឹង)

Erectile Dysfunction (បញ្ហាលិង្គមិនឡើងរឹង)

និយមន័យ

១- អ្វីជាបញ្ហាលិង្គមិនឡើងរឹង?

​លិង្គ​មិន​ឡើង​រឹង ​កើត​ឡើង​នៅ​ពេល អា​អូន​តូច​មិន​អាច​ឡើងរឹង ​ឬ​ទប់​ភាពរឹង​មិន​បាន​យូរ ពេល​ត្រូវ​ការ​ ឬ​អំឡុង​ពេល​កំពុង​រួមភេទ។

ប្រុសៗ​អាច​មាន​បញ្ហា​នេះ​ក្នុង​ករណី៖

– ពេល​ខ្លះ​មិន​អាច​ឡើង​រឹង​

– ឡើង​រឹង តែ​មិន​បាន​យូរ​គ្រប់​គ្រាន់​ដើម្បី​រួម​ភេទ

– មិន​ឡើង​រឹង​សោះ​តែ​ម្តង

២- កើតឡើងញឹកញាប់ដែរទេ?

បញ្ហា​លិង្គ​មិន​ឡើង​រឹង​ ​កើត​មាន​លើ​ប្រុសៗ​គ្រប់​ជាតិ​សាសន៍​ជុំវិញ​លើ​ពិភព​លោក ហើយ​ងាយ​ជួយ​បញ្ហា​នេះ​បំផុត គឺ​នៅ​ពេល​វ័យ​កាន់​តែ​ចាស់។

ឧទាហរណ៍ បញ្ហា​លិង្គ​មិន​ឡើង​រឹង​កើត​មាន​លើ​មនុស្ស​ប្រុស​តាម​វ័យ ​ដូច​ខាង​ក្រោម៖

– ប្រមាណ​ ១២ភាគរយ ក្នុង​ចំណោម​បុរស​ក្រោម ​អាយុ ​៦០ឆ្នាំ មាន​បញ្ហា​នេះ​

– ២២​ភាគរយ ក្នុង​ចំណោម​បុរស​អាយុ​ចាប់​ពី ៦០-៦៩ ឆ្នាំ

– ៣០​ភាគរយ ក្នុង​ចំណោម​បុរស​អាយុ​ចាប់​ពី ៧០ ឡើងទៅ

បញ្ហា​នេះ​អាច​គ្រប់គ្រង​បាន​ តាមរយៈ​កាត់​បន្ថយ​កត្តា​ប្រឈម​មួយចំនួន។ គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ បើ​មាន​ចម្ងល់ ឬ​មន្ទិល​សង្ស័យ។

រោគសញ្ញា

៣- រោគសញ្ញាមានអ្វីខ្លះ?

រោគ​សញ្ញា​ចម្បង​ គឺ​មិន​អាច​ឡើង​រឹង ​ឬ​រក្សា​ភាព​រឹង​ដល់ទី​បញ្ចប់​នៃ​ការ​រួម​ភេទ។

ករណី​នេះ បើ​សិន​ជា​បណ្តាល​មិន​ពី​កត្តា​ បញ្ហា​ផ្លូវ​ចិត្ត អាច​ដោយសារ ​ថប់​បារម្ភ អារម្មណ៍​ឆេវ​ឆាវ បាក់​ទឹក​ចិត្ត  គេង​មិន​លក់ បារម្ភ​សកម្មភាព​ផ្លូវភេទ។ ខណៈ​បញ្ហា​បណ្តាល​មក​ពី​កត្តា​ផ្លូវកាយ​ ​ដូចជា ឈាម​ទៅ​ចិញ្ចឹម​អវយវៈ​ជើង​មិន​គ្រប់​គ្រាន់ ចុកទ្រូង ដក​ដង្ហើម​ញាប់ៗ និង​មាន​ជំងឺ​ទឹក​នោម​ផ្អែម។

នៅ​មាន​រោគសញ្ញា​មួយ​ចំនួន​ទៀត​មិន​បានរៀប​រាប់ខាង​លើ គួរ​ជួប​គ្រូពេទ្យ​ពេល​ណា​សង្ស័យ ឬ​មាន​ប្រទះ​សញ្ញា​មិន​ឡើង​រឹង​ណា​មួយ។

៤- ពេលណាគួរទៅជួបគ្រូពេទ្យ?

​គួរ​ទៅ​ជួបគ្រូ​ពេទ្យ ក្នុង​ករណី៖

– មាន​ការ​បារម្ភ ​ឬមាន​បញ្ហា​ផ្លូវ​ភេទ​ផ្សេងៗ​ ដូចជាឆាប់​ចេញ​ទឹក​កាម ឬយូរ​ចេញ។

– មាន​ជំងឺ​ទឹក​នោម​ផ្អែម បេះដូង ឬ​ជំងឺផ្សេង​ទៀត ​ពាក់​ព័ន្ធ​នឹង​បញ្ហា​លិង្គ​មិន​ឡើង​រឹង។

រួមភេទ

មូលហេតុបង្ក

៥- អ្វីខ្លះជាមូលហេតុបង្ក?

មូល​ហេតុ​បង្ក​អាច​មក​ពី៖

– បញ្ហា​អ័រម៉ូន

– ជំងឺ ធ្វើ​ឲ្យ​ឈាម​រត់​ទៅមិនគ្រប់ ​ឬ​បំផ្លាញ​សរសៃ​ប្រសាទ​​លិង្គ

– សរសៃ​ប្រសាទ​​លិង្គ ​អាចប៉ះ​ពាល់​ ដោយ​សារ​វះ​កាត់​នៅ​អាង​ត្រគាក ​ឬ​ពោះ ពិសេស​​វះ​កាត់​ក្រពេញ​ប្រូស្តាត ឬ​ព្យា​បាល​ដោយ​កាំ​រស្មី ជំងឺ​ឆ្អឹង​ខ្នង ឬ​ទឹក​នោម​ផ្អែម។

នៅ​មាន​កត្តា​ផ្សេងៗ​ទៀត អាច​រួម​ចំណែក​បង្ក​បញ្ហា​នេះ ដូចជា​ដាច់​សរសៃ​ឈាម ជក់​បារី ផឹក​ស្រា ​និង​ការ​ប្រើ​ថ្នាំ​មួយ​ចំនួន ដូចជា ថ្នាំ​បន្ថយ​សម្ពាធ​ឈាម ថ្នាំ​ប្រឆាំង​ជំងឺ​បាក់​ទឹក​ចិត្ត ថ្នាំ​សណ្តំ ថ្នាំ Cimetidine (ថ្នាំក្រពះ) ថ្នាំ Digoxin (ថ្នាំ​បន្ថយ​ចង្វាក់​បេះដូង) ថ្នាំ​បញ្ចុះ​ទឹក​នោម និង​ថ្នាំញៀន​មួយ​ចំនួន។

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

កត្តា​ប្រឈម​នាំ​ឲ្យ​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង​មាន​ដូច​ជា៖

– ធាត់​ពេក

– បញ្ហា​ផ្លូវ​ចិត្ត ​ស្រ្តេស ថប់​បារម្ភ បាក់​ទឹក​ចិត្ត

– ថ្នាំ​ញៀន និង​ស្រា ​ប្រើ​ថ្នាំ​យូរឆ្នាំ ឬ​ផឹក​ស្រា​ច្រើន

– ជំងឺ​ផ្លូវ​កាយ ជា​ពិសេស​ ទឹក​នោម​ផ្អែម ​និង​បេះ​ដូង

– ប្រើប្រាស់​ថ្នាំ​ជក់ ធ្វើ​ឲ្យ​សរសៃ​ឈាម​រួម​តូច យូរៗ​នាំ​ឲ្យ​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង

– ជិះកង់​យូរ អាច​សង្កត់​សរសៃ​ប្រសាទ ​និង​ប៉ះពាល់​ចរន្ត​ឈាម​ទៅ​ចិញ្ចឹម​លិង្គ

– ការ​ព្យាបាល​មួយ​ចំនួន ដូច​ជា​វះ​កាត់​ក្រពេញ​ប្រូស្តាត ឬ​ព្យាបាល​មហារីក​ដោយ​កាំ​រស្មី

– រង​របួស ពិសេស​លើ​សរសៃ​ប្រសាទ​ ឬ​សរសៃ​ឈាម​ដែល​គ្រប់គ្រង​ការ​ឡើង​រឹង

– ថ្នាំ​ប្រឆាំង​ជំងឺ​បាក់​ទឹក​ចិត្ត Antihistamines និង​ថ្នាំ​គ្រប់គ្រង​សម្ពាធ​ឈាម ថ្នាំ​បំបាត់​ការ​ឈឺចាប់ ឬ​បញ្ហា​ក្រពេញ​ប្រូស្តាត។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរ​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​វិធី​ណា?

សម្រាប់​ប្រុសៗ​មួយ​ចំនួន​ធំ អាច​ត្រូវ​ពិនិត្យ​រាងកាយ​ ហើយ​គ្រូពេទ្យ​នឹង​សួរ​នាំ​ប្រវត្តិ​ជំងឺ​មួយ​ចំនួន គ្រប់គ្រាន់​ធ្វើ​រោគ​វិនិច្ឆ័យ​នេះ និង​ព្យា​បាល។ ក្នុង​ករណី​យើង​មាន​ជំងឺ​ប្រចាំ​កាយ​ផ្សេង​ទៀត ឬ​គ្រូពេទ្យ​ជឿ​ថា ​បណ្តាល​មក​ពី​កត្តា​អ្វី​មួយ អាច​នឹង​ត្រូវ​ធ្វើតេស្ត​ ឬ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស ខណៈ​តេស្ត​ត្រូវ​ធ្វើ​មាន​ដូច​ជា៖

– តេស្ត​ឈាម៖ ដើម្បី​ពិនិត្យ​មើល​សញ្ញា​ជំងឺ​បេះដូង ទឹក​នោម​ផ្អែម កម្រិត​អ័រម៉ូន​ភេទ​ធ្លាក់​ចុះ និង​ជំងឺផ្សេង​ទៀត។

– តេស្ត​ទឹកនោម៖ ដូច​គ្នា​នឹង​ការ​ធ្វើ​តេស្ត​ឈាម។

– ពិនិត្យ​អេកូ៖ ដើម្បី​មើល​​ចរន្ត​ឈាម​ទៅ​កាន់​លិង្គ។ ពេល​ខ្លះ​ចាក់​ថ្នាំ​ដើម្បី​ភ្ញោច​ចរន្ត​ឈាម​ហូរ​ឲ្យលិង្គ​ឡើង​រឹងផង​ដែរ។

– ពិនិត្យ​បញ្ហា​ផ្លូវ​ចិត្ត គ្រូពេទ្យអាច​សួរ​ពីជំងឺ​បាក់ទឹកចិត្ត​ និង​បញ្ហា​ផ្លូវ​ចិត្ត​ផ្សេង​ទៀត។

– ធ្វើ​តេស្ត​ការ​ឡើង​រឹង​ពេលយប់ បុរស​ភាគ​ច្រើន​លិង្គ​ឡើង​រឹង​នៅ​ពេល​គេង​ដោយ​មិនខ្លួន។ តេស្ត​នេះ ធ្វើ​តាម​រយៈ​ឧបករណ៍​ពិសេស​ម្យ៉ាង​ទៅ​រុំ​ជុំវិញ​លិង្គ​មុនពេល​គេង ដើម្បី​វាស់​ពីចំនួន​ដង ​និង​កម្លាំង​ឡើង​រឹងនៅ​ពេល​យប់ ​អាច​ជួយ​ឲ្យដឹង​ថា​មូល​ហេតុ​មក​ពី ​បញ្ហា​ផ្លូវ​កាយ​ ឬផ្លូវ​ចិត្ត។

៨- ព្យាបាលដោយវិធីណា?

– ថ្នាំ​អ័រម៉ូន​តេស្តូស្តេរ៉ូន ដោយ​សារ​ប្រុសៗ​មួយ​ចំនួន មាន​បញ្ហា​បណ្តាល​មក​ពីខ្វះ​អ័រម៉ូន​នេះ។ ហើយ​ករណី​នេះ ​ការ​ប្រើ​ថ្នាំ​អរម៉ូន​នេះ​ជា​ជម្រើស​ទី​មួយ។

– បើ​យើង​មាន​សុខ​ភាព​ល្អ គ្រូ​ពេទ្យ​អោយ​ថ្នាំ​ដូច​ជា​ថ្នាំ Sildenafil (®Viagra) ថ្នាំ Vardenafil (®Levitra, ®Staxyn) ថ្នាំ Tadalafil (®Cialis) ថ្នាំ Avanafil (®Stendra) ជា​ដើម។ ថ្នាំ​ទាំង​នេះ​នឹង​បង្កើន​ចរន្ត​ឈាម​ទៅ​កាន់​លិង្គ ប៉ុន្តែ​មិនមែន​ជួយ​អោយ​លិង្គ​ឡើង​រឹង​តែម្តង​នោះ​ទេ។ សូម​ពិគ្រោះ​ជាមួយ​​គ្រូ​ពេទ្យ​ ពី​រយៈពេល ​និង​ប្រសិទ្ធ​ភាព​ថ្នាំ។

– ប្រើ​ឧបករណ៍​បូម ជួយ​ឲ្យ​ឡើង​រឹង​បាន ដោយ​ដាក់​លិង្គ​ចូល​ក្នុង​បំពង់ រួចបូម​ខ្យល់​ចេញ។ ពេល​នោះ​ឈាម​ នឹងហូរ​ទៅ​កាន់​លិង្គច្រើន​ជាង​មុន​ ធ្វើ​ឡើងធំ ​និង​រឹងខ្លាំង។ យក​កងកៅស៊ូ​នៅចុង​បំពង់​គៀប​​នៅ​គល់​លិង្គ កុំ​​អោយ​ឈាម​ត្រឡប់​ទៅវិញ។

– ព្យាបាល​ផ្សេង​ទៀត ដាក់​ឧបករណ៍​ចូល​ក្នុង​លិង្គ​ទាំង​សង​ខាង។ ឧបករណ៍​មាន​ភាព​ទន់ និង​អាច​បត់​បាន ​អាច​បំប៉ោង​តាម​តម្រូវ​ការ និង​រយៈ​ពេល​ចង់​បាន។

ក្រៅពី​នេះ​ទៀត ​ព្យា​បាល​ដោយ​ចិត្ត​សាស្រ្ត​ ក៏​អាច​ជួយ​សម្រួល​​បញ្ហា​ផ្លូវ​ចិត្ត ជាហេតុ​បង្ក​អោយ​មាន​លិង្គ​មិន​ឡើង​រឹង​ដូចគ្នា។

ទោះ​យ៉ាង​ណា បញ្ហា​នេះ ត្រូវ​ការ​ព្យាបាល​រយៈពេល​យូរ ​ទាមទារ​យើង រួម​នឹង​ដៃ​គូ​សហការ​ជាមួយ​គ្រូ​ពេទ្យ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​បំផុត។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– ឈប់​ផឹក​ស្រា

– ដោះស្រាយ​បញ្ហា​ផ្ទាល់​ខ្លួន និង​គ្រួសារ ធ្វើ​ឲ្យ​ខ្លួន​យើង​លែង​មាន​សម្ពាធ

– ឈប់​ជក់​បារី ងាក​មក​រក​ស្ករ​កៅស៊ូ​ ថ្នាំ​បៀម ឬ​អាច​សួរ​គ្រូពេទ្យ​ពី​ថ្នាំ​ផ្តាច់​បារី

– សម្រក​ទម្ងន់ ព្រោះ​ធាត់​ពេក​អាច​ធ្វើឲ្យ​មាន​បញ្ហា​​កាន់​តែ​ធ្ងន់ធ្ងរ

– ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃអោយ​ច្រើនជាង​មុន។ ហាត់​ប្រាណ ជួយ​កាត់​បន្ថយ​ស្រ្តេស​ សម្រក​ទម្ងន់ បង្កើន​ចរន្ត​ឈាម​ហូរ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Erectile dysfunction. http://www.webmd.com/erectile-dysfunction/guide/erectile-dysfunction-treatment-care. Accessed August 12, 2016.

កំណែ​ប្រែបច្ចុប្បន្ន

16/02/2021

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

តើ​ប្រដាប់​បូម​លិង្គ ពិត​ជា​មាន​ប្រសិទ្ធភាព​សម្រាប់​ជួយ​ប្រុសៗខ្សោយលិង្គ?

ផ្លែឪឡឹកអាចជាឱសថធម្មជាតិ ជួយប្រុសៗមាន​បញ្ហាលិង្គមិនងាយឡើង​រឹង​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Feb 16, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម