ការសិក្សាបានរកឃើញថា ការញ៉ាំគ្រាប់ផ្លែឈើបានពីរបីដងក្នុងមួយសប្ដាហ៍ បានជួយកាត់បន្ថយអត្រានៃការស្លាប់ដោយសារជំងឺបេះដូង។
គ្រាប់ផ្លែឈើមានផ្ទុកអាស៊ីដខ្លាញ់មិនឆ្អែត និងសារធាតុចិញ្ចឹមផ្សេងៗទៀតជាច្រើន។ គ្រាប់ផ្លែឈើត្រូវបានគេចាត់ទុកថាជាអាហារសម្រន់ល្អបំផុតមួយ ធូរថ្លៃ ងាយរក ងាយទុកដាក់ និងងាយយកតាមខ្លួន។
ការសិក្សាមួយបានធ្វើលើមនុស្សស្រីចំនួន៣៩ ០០០នាក់ ដោយតម្រូវឲ្យអ្នកទាំងនោះឆ្លើយសំណួរទាក់ទងនឹងរបបអាហារ។ ក្នុងរយៈពេល១៩ឆ្នាំ នៃការតាមដាន មានស្រ្តីជិត១ ០០០នាក់បានស្លាប់ ដោយសារជំងឺបេះដូង។
ការសិក្សានេះបានរាប់បញ្ជូលទាំងសន្ទស្សន៍ម៉ាស់រាងកាយ សកម្មភាពរាងកាយ ការជក់បារី និងកត្តាមួយចំនួនទៀត ដែលមានឥទ្ធិពលលើជំងឺបេះដូង។ ការសិក្សាបានរកឃើញថា ស្រ្តីដែលបានញ៉ាំគ្រាប់ផ្លែឈើយ៉ាងតិចពីរដងក្នុងមួយសប្ដាហ៍ ដោយម្ដងប្រហែល៣២ក្រាម មានអត្រាស្លាប់ដោយសារជំងឺបេះដូង២៧%ទាបជាងអ្នកមិនញ៉ាំគ្រាប់ផ្លែឈើ។
គ្រាប់ផ្លែឈើ ជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ូល និងខ្លាញ់មិនល្អ ដែលអ្វីទាំងនេះអាចធ្វើឲ្យមានការកកស្ទះក្នុងសរសៃឈាមអាក់ទែ។ មួយវិញទៀត គ្រាប់ផ្លែឈើក៏ជួយកាត់បន្ថយកម្រិតការរលាក ដែលអាចមានទំនាក់ទំនងនឹងជំងឺបេះដូង។ ក្រៅពីនេះ ក៏បានជួយកាត់បន្ថយការវិវត្តទៅជាដុំកំណកឈាម ដែលដុំកំណកឈាមនេះអាចធ្វើឲ្យបញ្ហាគាំងបេះដូង និងអាចបាត់បង់ជីវិត។
ថ្វីបើគ្រាប់ផ្លែឈើភាគមានផ្ទុកខ្លាញ់ ដែលភាគច្រើនជាខ្លាញ់ល្អ តែវាក៏មានផ្ទុកកាឡូរីច្រើនដែរ។ ដូចនេះ យើងគួរញ៉ាំគ្រាប់ផ្លែឈើក្នុងកម្រិតសមល្មមបានហើយ។
[embed-health-tool-heart-rate]