ជំងឺបេះដូងជាជំងឺដ៏គ្រោះថ្នាក់មួយ និងអាចសម្លាប់មនុស្សក្នុងរយៈពេលដ៏ខ្លី។ ហេតុនេះហើយ គ្នាយើងគប្បីយកចិត្តទុកដាក់តាមដានមើលសុខភាពបេះដូងឲ្យបានដិតដល់ ដើម្បីបង្ការ ក៏ដូចជាចាត់វិធានការព្យាបាលឲ្យបានទាន់ពេលវេលា។ យ៉ាងណាមិញ ដើម្បីដឹងថាបេះដូងយើងមានសុខភាពល្អ ឬយ៉ាងណា គ្នាយើងអាចសង្កេតមើលចំណុចខាងក្រោមនេះ។
១. ចង្វាក់បេះដូង
ចង្វាក់បេះដូងប្រក្រតីគឺស្ថិតនៅចន្លោះ៦០ដល់១០០ដងក្នុងមួយនាទី។ សម្រាប់អ្នកដែលធ្វើលំហាត់ប្រាណជាប្រចាំ មានចង្វាក់បេះដូងទាបត្រឹមតែ៤០ដងក្នុងមួយនាទី ដែលនេះជាសញ្ញាបញ្ជាក់ថា បេះដូងមានសុខភាពល្អ។
២. សម្ពាធឈាម
ជាមួយគ្នានេះដែរ សម្ពាធឈាមដែលសមល្មម គឺក្រោម១២០/៨០។ ប្រសិនបើសម្ពាធឈាមយើងខ្ពស់ជាង១៣០/៨០ បានន័យថា សុខភាពបេះដូងរបស់យើងកំពុងតែប្រឈមនឹងបញ្ហាហើយ។
៣. កម្រិតថាមពល
ពិតណាស់ នៅពេលខ្លះ យើងអាចនឹងមានអារម្មណ៍នឿយហត់ ប៉ុន្តែប្រសិនបើយើងដង្ហក់ជាញឹកញាប់ វាអាចបញ្ជាក់ថាកម្រិតថាមពលយើងមានភាពមិនប្រក្រតី ដោយសារតែបេះដូងបូមអុកស៊ីសែនមិនគ្រប់គ្រាន់ ដែលនេះជាសញ្ញាមួយដ៏គួរឲ្យបារម្ភ។
៤. កូលេស្តេរ៉ូល
ដូចគ្នានេះដែរ កូលេស្តេរ៉ូលជាសញ្ញាសំខាន់មួយដើម្បីកំណត់ពីសុខភាពបេះដូង។ ប្រសិនបើកម្រិតកូលេស្តេរ៉ូលអាក្រក់ខ្ពស់ពេក វាអាចធ្វើឲ្យស្ទះសរសៃឈាម ដែលអាចរារាំងដល់លំហូរឈាម។ នេះមានន័យថា យើងអាចប្រឈមនឹងហានិភ័យនៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងជំងឺបេះដូងដទៃទៀត។
៥. សុខភាពមាត់ធ្មេញល្អ
សុខភាពមាត់ធ្មេញល្អ ក៏មានសារសំខាន់ចំពោះសុខភាពបេះដូងដូចគ្នា។ ដូច្នេះហើយ ប្រសិនបើយើងមានជំងឺអញ្ចាញធ្មេញ ដោយសារការឆ្លងមេរោគបាក់តេរី ឈឺ ឬចេញឈាមអញ្ចាញធ្មេញ វាក៏អាចជាសញ្ញានៃជំងឺបេះដូងផងដែរ។
[embed-health-tool-heart-rate]