ស្រីៗគ្នាយើងបារម្ភជាងគេរឿងនេះហើយ ពិសេសគ្នាយើងមានជំងឺបេះដូង បារម្ភគ្រប់រឿង ខ្លាចបំផុតអត់អាចបង្កើតបេប៊ី គួរឲ្យស្រលាញ់ម្នាក់ពីរ ឲ្យប្តីតែម្តង។ តាំងចិត្តឲ្យស្ងប់ អ្វីគ្នាយើងកំពុងបារម្ភ ចាំ “Hello គ្រូពេទ្យ” ប្រាប់ឲ្យដឹងច្បាស់ ពេលនេះតែម្តង។
ស្រីៗមានជំងឺបេះដូង មិនមានន័យមិនអាចមានកូនបានទាំងស្រុងឯណា ព្រោះគ្រូពេទ្យជំនាញជាច្រើនធ្លាប់បញ្ជាក់ថា ការគ្រប់គ្រងអាការៈសុខភាពបានល្អ ជាផ្លូវត្រួសត្រាយ ដោះស្រាយបញ្ហា ហើយមានប្រសិទ្ធភាពបំផុតសម្រាប់ស្រីៗ កាត់បន្ថយហានិភ័យដោយចៃដន្យអំឡុងពេលពពោះ និងសម្រាលកូន។
១- ប្រភេទជំងឺបេះដូង
បញ្ហាបេះដូង មាន ៣ ប្រភេទខុសៗគ្នា អាចកំណត់អនាគតស្រីៗ អាចពពោះ បង្កើតអូនៗស្នងត្រកូលបាន ឬអត់ ដូចជា៖
– ពពោះបាន៖ ជំងឺបេះដូង អាចឲ្យស្រីៗគ្នាយើងពពោះ និងផ្តល់កំណើតឲ្យបេប៊ីបាន ដូចជា ជំងឺរំញ័រសំឡេងបេះដូងខុសធម្មតា ជំងឺបេះដូងលោតខុសចង្វាក់ ប្រឹសបេះដូងគន្លាស់ខុសធម្មតា និងជំងឺលើសឈាម ជាដើម។
– ប្រហែលអាច៖ ប្រភេទជំងឺបេះដូងផ្សេងទៀត តម្រូវឲ្យយើងគួរប្រឹក្សាយោបល់ពីគ្រូពេទ្យ មុនសម្រេចចិត្តមានផ្ទៃពោះ ដូចជា ជំងឺត្បៀតប្រឹសបេះដូង ដាក់ប្រឹសសិប្បនិម្មិត រីកសាច់ដុំបេះដូង និងជំងឺប្រហោងបេះដូងរួមតូចដោយសារសាច់ដុំរីកធំ ជាដើម។
– មិនអាចពពោះបាន៖ ជំងឺបេះដូង ដាច់ខាតចៀសវាងមានផ្ទៃពោះនោះ មានដូចជា ជំងឺម៉ាហ្វង់ (Marfan Syndrome) ជំងឺឡើងសម្ពាធឈាមក្នុងសួតដោយសារខូចបេះដូង ជំងឺអេស៊ិនមិនជ័រ (Eisenmenger Syndrome) ជំងឺត្បៀតសរសៃអាអក និងធ្លាប់មានប្រវត្តិគាំងបេះដូង ជាដើម។
២- បេះដូង និងការពពោះ
សម្រាប់ស្រីៗពពោះដោយមានជំងឺបេះដូង ៩ ខែនៃការមានផ្ទៃពោះ ប្រៀបដូចជាការធ្វើតេស្តមួយ ព្រោះថាក្នុងកាលៈទេសៈនេះ បេះដូងយើងត្រូវការច្របាច់ឈាមខ្លាំងជាងមុនដល់ទៅ ៤០% ឯណោះ ម៉្លោះហើយ គួរចៀសវាងបញ្ហាធ្លាក់ឈាមក្នុងពេលសម្រាលឲ្យស្ថិតនៅកម្រិតទាបបំផុត។
៣- រៀបចំផែនការសុខភាព
ដើម្បីអាចពពោះ ទាំងមានជំងឺបេះដូង ស្រីៗ ត្រូវរៀបចំផែនការទុកជាមុន។ មានវិធានការជាច្រើនចាំបាច់ បើមានបំណងយកកូន ពេលកំពុងមានបញ្ហាបេះដូង ដូចនេះ គួរស្វែងរកគ្រូពេទ្យជំនាញ ដើម្បីប្រឹក្សាយោបល់ មុនសម្រេចចិត្ត ព្រោះថាគ្រូពេទ្យអាចធ្វើតេស្តស្ទង់មើលកម្លាំងបេះដូង ថាតើអាចទ្រាំទ្រសម្ពាធឈាម នៅពេលពពោះបាន ឬអត់។
ក្រុមអ្នកឯកទេសត្រូវការដឹងពីសកម្មភាពប្រចាំថ្ងៃរបស់យើង ក៏ដូចជាស្ថានភាពបេះដូង ដើម្បីវាយតម្លៃទាំងមុន និងអំឡុងពេលពពោះ។ បើអំឡុងពេលតាមដាន យើងនៅតែអាចធ្វើកិច្ចការងារធម្មតា រាប់បញ្ចូលទាំងលំហាត់ប្រាណ ហើយកម្រិតសុខភាពនៅល្អដដែល មានន័យថា យើងអាចពពោះ និងសម្រាលបានធម្មតា។ យ៉ាងណា ក្នុងករណីបើកិច្ចការងារថ្ងៃយើង ត្រូវអ្នកជំនាញដាក់កម្រិត គ្រូពេទ្យនឹងប្រើប្រព័ន្ធវាយតម្លៃផ្សេងទៀត ដើម្បីប្រាកដថា យើងអាចពពោះ ឬក៏អត់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]