សរសៃឈាមរបស់យើង ជាប្រព័ន្ធវៃឆ្លាតមួយ ដែលបញ្ចូនឈាមចេញពីបេះដូង ទៅគ្រប់ផ្នែកនៃរាងកាយ។ ជាធម្មតា យើងមិនសូវខ្វល់ពីវាទេ ដោយសារវាស្ថិតនៅក្រោមស្បែក តែពេលខ្លះ វាអាចលេចឡើងមកលើស្បែក ដែលយើងអាចមើលឃើញ តែយើងមិនដឹងពីមូលហេតុបង្កនោះទេ។
ការលេចឡើងនៃសរសៃឈាមនៅលើស្បែក អាចបណ្ដាលមកពីបញ្ហាសុខភាព ប៉ុន្ដែភាគច្រើន វាមិនបណ្ដាលឲ្យយើងមានគ្រោះថ្នាក់នោះទេ។
១. សរសៃឈមអាចលេចឡើង អាស្រ័យតាមប្រភេទស្បែក
អ្នកជំនាញសរសៃឈាម បញ្ជាក់ថា អ្នកមានស្បែកថ្លា រលោង អាចមានសរសៃឈាមលេចឡើងលើស្បែក ជាងអ្នកមានស្បែកខ្មៅ។ នៅពេលយើងចាស់ទៅៗ ស្រទាប់ខ្លាញ់ក្រោមស្បែក កាន់តែស្ដើងទៅៗ ហើយនេះជាមូលហេតុ ដែលមនុស្សចាស់ មានសរសៃឈាមលេចឡើងលើដៃ ជើង និងផ្នែកផ្សេងទៀត នៃរាងកាយ។
២. សរសៃឈាមអាចលេចឡើង ដោយសារហាត់ប្រាណ
ការលេចឡើង ឬប៉ោងសរសៃឈាម ក្រោយការហាត់ប្រាណ គឺជារឿងធម្មតាទេ។ នៅពេលយើងហាត់ប្រាណ សាច់ដុំរបស់យើងធ្វើការ ដោយបំប៉ោង និងរុញសរសៃឈាមទៅផ្ទៃស្បែក ដែលយើងអាចមើលឃើញវាបាន។ ក្រោយហាត់ប្រាណ សាច់ដុំរបស់យើង ត្រឡប់ទៅធម្មតាវិញ ហើយសរសៃឈាម ក៏រួមទៅសភាពធម្មតាវិញដែរ។
៣. សរសៃឈាមអាចលេចឡើង អំឡុងពេលពពោះ
ស្ត្រីពពោះភាគច្រើន មានការលេចឡើងសរសៃឈាមលើស្បែក តែមិនចាំបាច់បារម្ភពីបញ្ហានេះទេ។ ចំណុះឈាមរបស់ស្ត្រីពពោះ មានច្រើនជាងស្ត្រីដែលអត់ពពោះ ដូច្នេះសរសៃឈាម ប្រឹងទប់ការកើនឡើងបរិមាណឈាម។ ជាមួយនេះ សរសៃឈាម បានធ្វើការច្រើនជាងមុន ដើម្បីបញ្ចូនឈាម ទៅកាន់រាងកាយស្ត្រីពពោះ សម្រាប់ចិញ្ចឹមទារកក្នុងផ្ទៃ។
៤. សរសៃឈាមអាចលេចឡើង ដោយសារបរិមាណខ្លាញ់រាងកាយតិច
កម្រិតខ្លាញ់ក្នុងរាងកាយតិច ក៏ជាមូលហេតុមួយ ដែលបណ្ដាលឲ្យសរសៃឈាម លេចឡើងមកលើស្បែកផងដែរ។ ជាធម្មតា មនុស្សស្គម ដែលមានខ្លាញ់ក្នុងរាងកាយតិច មិនអាចគ្របពីលើសរសៃឈាមបាន ទើបធ្វើឲ្យសរសៃឈាមលេចឡើងលើស្បែក។
៥. ករណីការលេចឡើងសរសៃឈាម ដែលត្រូវទៅជួបគ្រូពេទ្យ
ប្រសិនបើយើងមានការលេចឡើងសរសៃឈាមលើស្បែក ហើយក្នុងពេលជាមួយគ្នានេះ មានរោគសញ្ញាមួយចំនួនទៀត ដូចជា ក្រហាយទ្រូង ថប់ដង្ហើម ដំបៅជិតសរសៃឈាម ឬហើមសរសៃឈាម យើងត្រូវទៅជួបជាមួយគ្រូពេទ្យ។ រោគសញ្ញាទាំងនេះ បណ្ដាលមកពីបញ្ហាសុខភាព ដូចជា ការរីកសរសៃឈាម (Varicose Veins) ការរលាកជញ្ជាំងនៃសរសៃឈាម (Thrombophlebitis) និងជំងឺសរសៃឈាម (Venous diseases)។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]