ស្ថានភាពសុខភាពមួយចំនួន អាចធ្វើឲ្យយើងសន្លប់ភ្លាមៗ ហើយបើគ្មានការសង្គ្រោះបន្ទាន់ទេ អាចឈានដល់ស្លាប់ត្រឹមរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុនេះហើយ ទើបបណ្តាលប្រទេសជាច្រើនតែងបង្រៀនពលរដ្ឋខ្លួនឲ្យចេះវិធីសង្គ្រោះបន្ទាន់ ហៅថា CPR ព្រោះអាចជួយជីវិតជនរងគ្រោះ បើសិនជាជួបករណីបន្ទាន់ណាមួយ។ “Hello គ្រូពេទ្យ’ ពេលនេះ នឹងណែនាំគ្នាយើងពីវិធីសង្គ្រោះបន្ទាន់ CPR ឲ្យបានយល់ទាំងអស់គ្នា។
១- អ្វីជាវិធីសង្គ្រោះបន្ទាន់ CPR?
CPR ជាភាសាបច្ចេកទេស នៃវិធីសង្គ្រោះចលនាបេះដូង និងដង្ហើម ត្រូវចាត់ទុកជាការសង្គ្រោះបន្ទាន់ដើម្បីជួយជីវិត នៅពេលប្រទះឃើញគ្នាយើងសន្លប់ ហើយចង្វាក់បេះដូង និងចង្វាក់ដង្ហើមឈប់ដើរ ដែលបង្កដោយស្ថានភាពសុខភាពមួយចំនួន ជាពិសេសជំងឺគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល។
វិធីសង្គ្រោះបន្ទាន់ CPR អាចជួយឲ្យបន្តចរន្តឈាមមានអុកស៊ីហ្សែនឡើងវិញ នឹងបន្តទៅដល់ខួរក្បាលបាន ព្រោះបើមិនដូចនោះទេ ខួរក្បាលនឹងងាប់ដោយសារតែគ្មានអុកស៊ីហ្សែនដើម្បីចិញ្ចឹម ហេតុនេះហើយទើបវិធីសង្គ្រោះ CPR មានសារសំខាន់ណាស់ ដើម្បីធ្វើឲ្យខួរក្បាលអាចនៅរស់។
អំឡុងពេល ៤ នាទីដំបូង ពេលគ្នាយើងណាម្នាក់ឈប់ដកដង្ហើម បេះដូងឈប់ច្របាច់ឈាម យើងអាចនិយាយបានថា ជនរងគ្រោះស្ថិតនៅក្នុងដំណាក់កាលរៀបនឹងស្លាប់ ប៉ុន្តែយើងអាចជួយសង្គ្រោះជីវិតគ្នាយើងមកវិញបាន ដោយអនុវត្តវិធីសង្គ្រោះ CPR នេះ ដើម្បីឲ្យចរន្តអុកស៊ីហ្សែនអាចបន្តទៅដល់ខួរក្បាល។ បន្ទាប់ពី ៤-៦ នាទី បើគ្មានអុកស៊ីហ្សែនទេ កោសិកាខួរក្បាលនឹងចាប់ផ្ដើមងាប់ ហើយចាប់ពី ១០នាទីឡើងទៅ ខួរក្បាលលែងដំណើរទាំងស្រុងតែម្តង ខណៈដំណាក់កាលនេះ ជនរងគ្រោះគឺបានស្លាប់ទៅហើយ មិនអាចសង្គ្រោះឲ្យមានជីវិតមកវិញបាននោះដែរ។
២- គោលការណែនាំវិធីសង្គ្រោះ CPR ចំពោះមនុស្សធំ
បើប្រទះឃើញនរណាម្នាក់ កំពុងសន្លប់ បាត់ដង្ហើម យើងនឹងចង់សង្គ្រោះជនរងគ្រោះដោយប្រើវិធី CPR ត្រូវតែចាំពាក្យគន្លឹះទាំងនេះ ដែលភាសាបច្ចេកទេសហៅថា D-R-C-A-B ដូចជា៖
– D- Danger (គ្រោះថ្នាក់)៖ ត្រូវប្រាកដថា នៅជុំវិញខ្លួនយើង និងជនរងគ្រោះ គឺមានសុវត្ថិភាព និងមិនបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះ។
– R- Response, Rescue (ការឆ្លើយតប និងជួយសង្គ្រោះ)៖ ពិនិត្យមើលតើជនរងគ្រោះដឹងខ្លួន ឬទេ ដោយត្រូវអង្រួនស្មា ហើយសួរថា យ៉ាងម៉េចហើយ?។ បើមិនមានការឆ្លើយតបទេ ត្រូវនរណាម្នាក់ទូរសព្ទទៅលេខ ១១៩ និងត្រូវយកម៉ាស៊ីនរើសម្រាប់ជួយចង្វាក់បេះដូង Automated External Defibrillators (AED) មកធ្វើការសង្រ្គោះភ្លាមៗ ។ ត្រូវពិនិត្យរកមើលជីពចរនៅត្រង់ក (Carotid Artery) រយៈពេល ៥វិនាទី តែមិនត្រូវលើសពី ១០ វិនាទីឡើយ ហើយបើសិនជាគ្មានជីពចរទេ ត្រូវធ្វើវិធីសង្គ្រោះ CPR ភ្លាម។
– C- Chest Compressions (សង្កត់ទ្រូង)៖ ត្រូវឲ្យជនរងគ្រោះដេកនៅលើផ្ទៃរាបស្មើ យើងត្រូវស្ថិតនៅទីតាំងម្ខាងនៃជនរងគ្រោះ (នៅចន្លោះ ក និងស្មា) ហើយដាក់ថ្លើមដៃម្ខាង នៅលើចំណុចកណ្ដាលទ្រូងជនរងគ្រោះ (ទាបជាងពាក់កណ្ដាលឆ្អឹងទ្រូង) និងដាក់ថ្លើមដៃម្ខាងទៀតនៅពីលើដៃទីមួយ។ នៅពេលសង្កត់ទ្រូងដើម្បីសង្គ្រោះ ត្រូវដាក់ដៃឲ្យត្រង់ និងចាប់ផ្តើមសង្កត់ឲ្យខ្លាំង យ៉ាងហោចក៏បានជំរៅ ៥សង់ទីម៉ែត្រ (២អ៊ីញ) តែមិនត្រូវជ្រៅជាង ៦ សង់ទីម៉ែត្រ នៅពេលសង្កត់ម្ដងៗឡើយ។ ជាទូទៅ ចំនួនសង្កត់ទ្រូងនេះ គឺត្រូវនៅចន្លោះពី ១០០-១២០ ដង/នាទី។
អត្ថបទពាក់ព័ន្ធ៖
- សញ្ញាគួរឲ្យបារម្ភ នៃអាការៈគាំងបេះដូង និងវិធីសង្គ្រោះបឋម
- វិធីសាស្ត្រសង្គ្រោះបឋម ពេលប្រទះមានមនុស្សប្រកាច់
– A – Airway (ផ្លូវដង្ហើម)៖ ត្រូវបើកផ្លូវដង្ហើមជនរងគ្រោះ ដោយភ្ងើយក្បាលជនរងគ្រោះទៅក្រោយ ហើយលើកចង្កាឡើងថ្នមៗ និងចាប់ថ្គាមដើម្បីភ្ងើយវិញ បើចាប់អារម្មណ៍ថា ជនរងគ្រោះត្រូវរបួសក្បាល ឬក។
– B – Breathing (ជំនួយដង្ហើម)៖ ដើម្បីអាចផ្តល់ជំនួយផ្លូវដង្ហើមដល់ជនរងគ្រោះបាន ត្រូវប្រើមាត់ ទល់នឹងមាត់ (ដើម្បីសុវត្ថិភាព គួរធ្វើវិធីនេះនៅពេលដែលមានរបាំងមុខប្លាស្ទិក (Face shield) របាំងប្លាស្ទិកមានទុយោដាក់ចូលក្នុងមាត់ងាយ ស្រួលក្នុងការផ្លុំខ្យល់ចូល)។បើមាត់របស់ជនរងគ្រោះមានរបួស ឬមិនអាចបើកបាន ត្រូវធ្វើវិធីផ្លុំតាមច្រមុះវិញ។ នៅពេលធ្វើវិធីបញ្ចូលខ្យល់ដោយប្រើមាត់ ទល់នឹងមាត់ ត្រូវតែបិទច្រមុះជនរងគ្រោះ ហើយពេលផ្លុំខ្យល់ចូលដំបូង យើងអាចនឹងចាប់អារម្មណ៍ឃើញទ្រូងជនរងគ្រោះងើបឡើង។ បើទ្រូងងើប ត្រូវផ្លុំលើកទីពីរភ្លាម តែបើមិនងើបទេ ត្រូវងើយក្បាល និងលើកចង្កាម្ដងទៀត មុនផ្លុំជាលើកទីពីរ។
រាល់ពេលប្រើវិធីសង្គ្រោះ CPR ម្ដងៗ មានការសង្កត់ទ្រូង ៣០ដង និងផ្លុំខ្យល់ដង្ហើម ២ ដង ធ្វើបែបនេះឲ្យបាន ៥ដង មុននឹងពិនិត្យមើលជីពចរជនរងគ្រោះម្ដងទៀត។ បើនៅតែមិនមានជីពចរដដែលទេ ត្រូវធ្វើ CPR ចំនួន ៥ ដងទៀត រហូតទាល់តែមានជីពចរ ឬឡានសង្គ្រោះមកដល់។ បើប្រទះឃើញជនរងគ្រោះមានជីពចរ តែមិនមានដង្ហើម ត្រូវជួយផ្លុំដង្ហើម ១ រៀងរាល់ ៥ វិនាទីម្តង ផ្លុំ ១២ ដង/នាទី។
ក្នុងករណីមានម៉ាស៊ីនជំនួយបេះដូង AED ត្រូវបើកភ្លាម ហើយធ្វើតាមការណែនាំ។ បើមិនមានទេ ត្រូវធ្វើ CPR ម្ដងទៀតរហូតទាល់តែ ឡានសង្គ្រោះមកដល់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]