គ្នាយើងពិតជាដឹងហើយថាការញ៉ាំទឹកបានគ្រប់គ្រាន់ពិតជាសំខាន់ណាស់សម្រាប់សុខភាពទូទៅ។ ដូចគ្នាដែរ បើយើងញ៉ាំទឹកមិនគ្រប់គ្រាន់អាចធ្វើឲ្យយើងខ្វះជាតិទឹក ហើយការខ្វះជាតិទឹកនេះជាមូលហេតុមួយធ្វើមនុស្សយើងប្រឈមនឹងកើតជំងឺក្រួសក្នុងតម្រងនោមខ្ពស់។
១. អ្វីជាជំងឺក្រួសក្នុងតម្រងនោម?
ទឹកនោមមានផ្ទុករ៉ែរលាយ និងអំបិល ហើយពេលទឹកនោមមានបរិមាណរ៉ែ និងអំបិលខ្ពស់អាចកជាក្រួសបាន។ ក្រួសក្នុងតម្រងនោមអាចចាប់ផ្ដើមពីទំហំតូចៗ ហើយអាចលូតលាស់ជាទំហំធំ ដែលថែមទាំងអាចកពេញនៅក្នុងតម្រងនោមផង។ ក្រួសក្នុងតម្រងនោមខ្លះមិនបង្កជាបញ្ហាអ្វីនោះទេ។ ពេលខ្លះក្រួសក្នុងតម្រងនោមអាចធ្វើដំណើរតាមបំពង់ទឹកនោម ហើយបើក្រួសទៅដល់ប្លោកនោមវាអាចចេញមកក្រៅតាមទឹកនោម។ បើសិនជាក្រួសជាប់នៅបំពង់ទឹកនោម វានឹងរារាំងដល់លំហូរទឹកនោមចេញពីតម្រងនោម និងនាំឲ្យមានការឈឺចាប់។
បញ្ហាក្រួសក្នុងតម្រងនោមខ្លះ អ្នកជំងឺគ្រាន់តែត្រូវការការលេបថ្នាំ និងផឹកទឹកឲ្យគ្រប់គ្រាន់ដើម្បីបញ្ចេញក្រួសទាំងនោះមកក្រៅ ប៉ុន្តែបើក្រួសបានតោងជាប់នៅនឹងបំពង់ទឹកនោម បូករួមទាំងមានការឆ្លងរោគ ឬផលវិបាកផ្សេងៗទៀតផង នោះការព្យាបាលដោយវះកាត់នឹងត្រូវធ្វើឡើង។
២. កង្វះជាតិទឹក និងក្រួសក្នុងតម្រងនោម
ការមិនផឹកទឹកបានគ្រប់គ្រាន់រាល់ថ្ងៃ អាចធ្វើឲ្យយើងប្រឈមខ្ពស់ក្នុងការកើតជំងឺក្រួសក្នុងតម្រងនោម។ មនុស្សរស់នៅតំបន់មានអាកាសធាតុក្ដៅ ឬអ្នកបែកញើសច្រើន ក៏អាចប្រឈមនឹងជំងឺក្រួសក្នុងតម្រងនោមខ្ពស់ដែរ។
ការបាត់បង់ជាតិទឹកច្រើន អាចបណ្ដាលឲ្យរាងកាយមានបញ្ហាខ្វះជាតិទឹក។ ជាតិទឹកតិចតួចអាចធ្វើការរំលាយអំបិលក្នុងទឹកនោមតិចដែរ។ ការផឹកទឹកបានច្រើនគ្រប់គ្រាន់ អាចជួយបន្ថែមជាតិទឹក និងអាចរំលាយអំបិលក្នុងទឹកនោម។ ការធ្វើដូចនេះ នឹងកាត់បន្ថយហានិភ័យនៃការកើតក្រួសក្នុងតម្រងនោម។
តាមការណែនាំមនុស្សយើងគួរផឹកទឹកឲ្យបានប្រាំបីកែវក្នុងមួយថ្ងៃ។ យ៉ាងណា មនុស្សខ្លះអាចផឹកតិចជាងនេះ ឬច្រើនជាងនេះអាស្រ័យលើរាងកាយ និងភាពស្រេកទឹកដែលអ្នកទាំងនោះមាន។ មនុស្សយើងអាចទទួលបានជាតិទឹកតាមរយៈការញ៉ាំបន្លែ ផ្លែឈើ និងភេសជ្ជៈមួយចំនួនផ្សេងទៀត ក្រៅតែពីការផឹកទឹក។
៣. រោគសញ្ញាជំងឺក្រួសក្នុងតម្រងនោម
ក្រួសក្នុងតម្រងនោមជាទូទៅមិនបញ្ចេញរោគសញ្ញាទេ លុះណាតែវាបានរំកិលទៅដល់តម្រងនោម ឬក៏ឆ្លងកាត់បំពង់ទឹកនោម។ រោគសញ្ញាជំងឺក្រួសក្នុងតម្រងនោមមានដូចជា៖
- ឈឺខ្លាំងនៅចំហៀង និងផ្នែកខាងក្រោយ ក្រោមឆ្អឹងជំនីរ
- ឈឺចាប់ម្ដុំក្រោមពោះ និងក្រលៀន
- ឈឺខ្មួលៗម្ដងៗ និងខ្លាំង
- ឈឺផ្សារពេលនោម
រោគសញ្ញាមួយចំនួនទៀត៖
- ទឹកនោមពណ៌ក្រហម ឬត្នោត
- ទឹកនោមល្អក់ និងមានក្លិនមិនល្អ
- ឈឺនោមញឹក បរិមាណទឹកនោមតិច
- ចង្អោរ ឬក្អួត
- គ្រុនរងា ឬក្ដៅខ្លួន ក្នុងករណីមានឆ្លងរោគ។
[embed-health-tool-bmi]