ចុកតម្រងនោម ជាប្រភេទនៃអាការៈឈឺចាប់ ពេលយើងមានដុំក្រួសស្ទះនៅក្នុងប្រព័ន្ធផ្លូវទឹកនោម។ ប្រព័ន្ធផ្លូវទឹកនោម មាន តម្រងនោម បំពង់បង្ហួរទឹកនោមផ្នែកខាងលើ ប្លោកនោម និងបំពង់បង្ហួរនោមផ្នែកខាងក្រោម។
យើងក៏អាចមានក្រួសនៅកន្លែងផ្សេងៗទៀតក្នុងប្រព័ន្ធផ្លូវទឹកនោម ហើយកើតឡើងដោយសារការប្រមូលផ្តុំសារធាតុរ៉ែ ដូចជា ជាតិកាល់ស្យូម និងអាស៊ីដអ៊ុយរិច ក្នុងទឹកនោម បង្កើតបានជាដុំគ្រីស្តាល់ដ៏រឹង។ ដុំក្រួស អាចមានទំហំតូចដូចគ្រាប់ខ្សាច់ ឬធំដូចកូនបាល់សម្រាប់កីឡាវាយកូនហ្គោល ហើយនៅពេលក្រួសរីកធំខ្លាំង យើងមានជំងឺ អាចនឹងឈឺចាប់កាន់តែខ្លាំងដូចគ្នា។
បញ្ហាចុកតម្រងនោមដោយសារក្រួស កើតឡើងញឹកញាប់ណាស់ ដោយប្រុសៗប្រមាណ ១២% និងស្រីៗ ៦% អាចមានក្រួសក្នុងតម្រងនោមមួយដង ឬច្រើនដងក្នុងមួយជីវិត។ អត្រាកើតជំងឺក្រួសក្នុងតម្រងនោម កើនឡើងដោយសារតែការផ្លាស់ប្តូរនៃរបបអាហារ និងទម្លាប់រស់នៅ។
រោគសញ្ញាចុកតម្រងនោមមានអ្វីខ្លះ?
រោគសញ្ញាចុកតម្រងនោម គឺខុសៗគ្នា អាស្រ័យទៅលើទំហំ និងទីតាំងដុំក្រួសក្នុងប្រព័ន្ធផ្លូវទឹកនោម។ ក្រួសតូចៗមួយចំនួន អាចបណ្តាលឲ្យមានការចុកចាប់តិចតួច ហើយអាចធ្លាក់មកក្រៅតាមទឹកនោម ទាំងយើងមិនបានចាប់អារម្មណ៍។
ដុំក្រួសមានទំហំធំ អាចបណ្តាលឲ្យមានការឈឺចាប់ខ្លាំង ពិសេសនៅពេលជាប់គាំង និងស្ទះនៅក្នុងប្រព័ន្ធផ្លូវទឹកនោម ដូចជា កន្លែងជួបគ្នារវាងតម្រងនោម ប្លោកនោម ឬបំពង់បង្ហូរទឹកនោមផ្នែកខាងលើ ដែលជាបំពង់ទឹកនោម ឆ្លងកាត់ពីតម្រងនោម ទៅប្លោកនោម ។
អាការៈចុកដោយសារក្រួស គឺឈឺចាប់នៅផ្នែកចំហៀង នៅចន្លោះរវាងឆ្អឹងជំនីរ និងឆ្អឹងត្រគាក ហើយអាការៈឈឺ បានរាលដាលទៅផ្នែកខាងក្រោមពោះ និងក្រលៀន។ អាការៈឈឺចាប់ អាចមានរយៈពេលពី ២០-៦០ នាទី មុននឹងចាប់ឈឺម្តងទៀត។
បញ្ហាចុកតម្រងនោម ជារោគសញ្ញាមួយនៃជំងឺក្រួសក្នុងតម្រងនោម ខណៈរោគសញ្ញាដទៃទៀតអាចកើតមាន ដូចជា៖
– ឈឺ ឬពិបាកនោម
– មានឈាមនៅក្នុងទឹកនោម បណ្តាលឲ្យទឹកនោមមានពណ៌ផ្លាឈូក ក្រហម ឬពណ៌ត្នោត
– ទឹកនោមមានក្លិនស្អុយ
– ចង្អោរ
– ក្អួត
– មានកម្ទេចកំទីតូចៗនៅក្នុងទឹកនោម
– មានអារម្មណ៍ថាចង់នោមខ្លាំង
– ទឹកនោមពណ៌ស្រអាប់
– ទឹកនោមច្រើន ឬតិចជាងធម្មតា។
រោគសញ្ញាឆ្លងមេរោគលើប្រព័ន្ធទឹកនោម អាចកើតមានក្នុងករណីខ្លះ អាចមានសញ្ញាគ្រុនក្តៅ ញាក់ និងបែកញើសត្រជាក់។ អ្នកមានរោគសញ្ញាទាំងនេះ គួរទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ។ ខណៈអ្នកមានរោគសញ្ញាដូចខាងក្រោម បន្ថែមពីលើរោគសញ្ញាខាងលើ ប្រញាប់ទាក់ទងទៅផ្នែកសង្គ្រោះបន្ទាន់ភ្លាម ដោយរោគសញ្ញាធ្ងន់ធ្ងរមាន៖
– អសមត្ថភាពក្នុងការនោម
– ក្អួតខ្លាំង មិនអាចគ្រប់គ្រងបាន
– ក្តៅខ្លួនលើសពី ៣៨ អង្សារសេ។
នៅមានរោគសញ្ញាផ្សេងៗទៀតមិនបានរៀបរាប់ខាងលើ។ បើគ្នាយើងមានសំណួរទាក់ទងនឹងរោគសញ្ញា ឬសង្ស័យថាមានបញ្ហានេះសូមពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
[embed-health-tool-bmi]