២- ចុះអ្វីជាបញ្ហាមានតម្រងនោមតែម្ខាង?
ជាទូទៅយើងគ្រប់គ្នាកើតមកមានតម្រងនោមមួយគូមកជាមួយ។ ប៉ុន្តែមានគ្នាយើងមួយចំនួន មានតម្រងនោមតែមួយចំហៀង ឬតម្រងនោមធ្វើការបានតែម្ខាងប៉ុណ្ណោះ។ បញ្ហានេះហើយគេហៅថា តម្រងនោមម្ខាង ជាភាសាបច្ចេកទេស Solitary Kidney។

៣- មូលហេតុធ្វើឲ្យមានតម្រងនោមម្ខាង
តម្រងនោមម្ខាង ឬ Solitary Kidney អាចបណ្ដាលមកពីមូលហេតុជាច្រើនដូចជា៖
– បញ្ហាពីកំណើត៖ កូនក្មេងកើតមកនឹងមានតម្រងនោមតែមួយចំហៀងហៅថា តម្រងនោម Agenesis។ ភាគច្រើន បញ្ហានេះកើតលើក្មេងប្រុសច្រើនជាងក្មេងស្រី ហើយតម្រងនោមដែលបាត់ ភាគច្រើន គឺនៅខាងឆ្វេង។ ក្រៅពីនេះ នៅមានបញ្ហាមួយទៀត គឺតម្រងនោម Dysplasia សំដៅលើក្មេងកើតមក មានតម្រងនោមពីរ តែមានតម្រងនោមតែមួយចំហៀងប៉ុណ្ណោះ អាចដំណើរការបាន។ ចំពោះគ្នាយើងមានបញ្ហាទាំងពីរនេះ ក៏អាចរស់នៅ មានសុខភាពល្អបានដូចមនុស្សធម្មតាបានដែរ។ ដើម្បីដឹងថា យើងមានបញ្ហានេះ ឬអត់? ទាល់តែធ្វើតេស្តពិនិត្យ ដូចជាឆ្លុះអេកូ ឬថតកាំរស្មីអ៊ិចជាដើម។
– វះកាត់តម្រងនោមចោល៖ មានករណីមួយចំនួន បង្ខំឲ្យយើងចាំបាច់ត្រូវកាត់តម្រងនោមចេញ ដើម្បីព្យាបាលជំងឺមហារីក ឬដោយសារជំងឺមួយចំនួន ឬគ្រោះថ្នាក់ណាមួយ។ ពេលវះកាត់យកតម្រងនោមម្ខាងចេញដោយសារតែជំងឺមហារីក ជំងឺ ឬដើម្បីបរិច្ចាគឲ្យអ្នកដទៃ ពេទ្យត្រូវកាត់តម្រងនោម និងរន្ធបង្ហួរនោមចេញទាំងពីរ។
– បរិច្ចាគតម្រងនោម៖ មានគ្នាយើងមួយចំនួន បានបរិច្ចាកតម្រងនោមខ្លួនទៅឲ្យសមាជិកគ្រួសារ ឬទៅកាន់មិត្ដភក្តិណាមានបញ្ហាខូចតម្រងនោម។